​ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា​​ (CPP) បានដាក់​ចេញ​នូវ​គោលនយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​ទៅមុខទៀត​ដោយ​ប្តេជ្ញា​ថា នឹង​កសាង​ប្រទេស​កម្ពុជា​ពី​ប្រទេស​កសិកម្ម ទៅជា​ប្រទេស​កសិពាណិជ្ជកម្ម ដោយ​ផលិត​កសិកម្ម​ដើម្បី​នាំចេញ និង​ផ្គត់ផ្គង់​ទីផ្សារ​ដែលមាន​តម្រូវការ​ពិតប្រាកដ​។​

​ការដាក់ចេញ​នូវ​គោលនយោបាយ​ដូច្នេះ​ធ្វើឡើង​ក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់ CPP ដែលមាន​រយៈពេល ​២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ២៨-២៩ ខែមករា​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ ដែលជា​អ្នកនាំពាក្យ CPP ថ្លែងថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ច្បាស់លាស់ ហើយ​លោក​បាន​ថ្លែង​ពញ្ញាក់​ស្មារតី​ដល់​យុវជន​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ក្នុង​វិស័យ​ធនធានមនុស្ស​ផ្នែក​កសិកម្ម​នេះ​ឱ្យបាន​រីករាយ និង​ទទួលផល​ប្រយោជន៍​ពី​ការសិក្សា​ជំនាញ​កសិកម្ម​របស់ខ្លួន​។ ប្រទេស​កម្ពុជា​ ជា​ប្រទេស​កសិកម្ម ហើយ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​ការផ្គត់ផ្គង់​គ្រប់គ្រាន់​គឺ​ត្រូវមាន​សន្តិសុខ​ទីផ្សារ​។ លោក​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្រោយពី​បិទ​បញ្ចប់​មហាសន្និបាត​នេះ​ថា ទាំង​ទីផ្សារ​កសិកម្ម និង​ទាំង​ការផលិត​កសិកម្ម ត្រូវតែ​ធ្វើទៅ​តាម​ភូមិសាស្ត្រ​និង​តាម​ទីតាំង​របស់​ប្រជាជន ហើយ​រាជរដ្ឋាភិបាល​ត្រូវការ​ធនធានមនុស្ស​ផ្នែក​កសិកម្ម​យ៉ាងច្រើន​ទាំង​ផ្នែក​ប្រពលវប្បកម្ម ផ្នែក​វារីវប្បកម្ម ផ្នែក​កសិកម្ម និង​ទាំង​ផ្នែក​វិស្វករ​។​

​លោក​ សួស យ៉ា​រ៉ា បញ្ជាក់ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​គោលនយោបាយ​ថា យើង​នឹង​កសាង​ប្រទេស​យើង​ពី​ប្រទេស​ដែល​កសិកម្ម​នេះ​ដាក់​និយមន័យ​ខ្លួនឯង​តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ គឺ​ប្រទេស​កសិពាណិជ្ជកម្ម​។ អ៊ីចឹង​លើក​មុន​យើង​ផលិត​គ្រាន់តែ​ហូប​ខ្លួនឯង​ទេ តែ​ឥឡូវនេះ​យើង​នឹង​ផលិត​ដើម្បី​នាំចេញ​។ ពាក្យ​ថា កសិពាណិជ្ជកម្ម​នេះ គឺជា​មហិច្ឆតា​របស់​យើង គឺ​ធនធានមនុស្ស​ទាំងអស់​នឹងត្រូវ​ប្រើ​ទៅតាម​ជំនាញ​របស់ខ្លួន​តាម​ភូមិសាស្ត្រ​របស់ខ្លួន​ហើយនឹង​បម្រើឱ្យ​ប្រជាជន​តាម​តំបន់​នីមួយៗ ផ្គត់ផ្គង់​ទីផ្សារ​ដែលមាន​តម្រូវការ​ពិតប្រាកដ​»​។​

​លោក​លើកឡើងថា ថវិកាជាតិ​ភាគច្រើន​នៅក្នុង​អាណត្តិ​ទី៧ ពី​ឆ្នាំ​ ២០២៣ ​ដល់​ឆ្នាំ​ ២០២៨ នឹងត្រូវ​ប្រើប្រាស់​ទៅលើ​ការដំឡើងប្រាក់បៀវត្សរ៍ ការ​គាំពារ​សង្គម និង​ការធានា​ថ្លៃ​របស់​កសិករ​ក្នុងពេល​ប្រមូល​ផល​។

លោក​បន្ថែមថា​៖ «​អ៊ីចឹង​ចំណុច​ទាំងអស់នេះ មិនមែន​ថា វា​បំភ្លេច​កម្មករ​ទេ​។ កម្មករ​ក៏​យើង​នឹងមាន​ជាការ​ជំរុញ​ជម្រើស​ផ្សេងៗ​ទៀត​។ ទៅលើ​ប្រជាជន​ទូទៅ​ក៏​នឹងមាន​ផលប្រយោជន៍ រួមទាំង​ការសិក្សា​អំពី​វិធីសាស្ត្រ​បញ្ចុះ​ថ្លៃ​ភ្លើង បញ្ចុះ​ថ្លៃ​ទឹក ហើយ​និង​រក្សា​លំនឹង​ថ្លៃ​ម្ហូបអាហារ​»​។​

​លោក ​ឈឹម ផល​វរុណ អ្នកនាំពាក្យ CPP ម្នាក់ទៀត ក៏បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នេះដែរ​ថា កាលដើមឡើយ វិស័យ​កសិកម្ម គឺ​សម្រាប់តែ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ហើយ​និង​ផ្គត់ផ្គង់​អាហារ​នៅក្នុង​ប្រទេស​ទេ​។ ឥឡូវនេះ CPP មើលឃើញ​សក្ដានុពល​ដែល​សេដ្ឋកិច្ចកម្ពុជា​ផ្អែកលើ​វិស័យ​កសិកម្ម ដោយ​លោក​ប្រើពាក្យ​ថា «​យើង​អាច​ក្លាយទៅជា​កសិពាណិជ្ជកម្ម​» ដែល​មានន័យថា ប្រជាពលរដ្ឋ​ជា​កសិករ ដែលជា​អ្នក​ផលិត ប៉ុន្តែ​ផលិតផល​នេះ​មិនមែន​ត្រឹមតែ​ផ្គត់ផ្គង់​អាហារ​ទេ តែ​ក្លាយទៅជា​ទំនិញ​។

​លោក​បន្តថា​៖ «​ហើយ​ទំនិញ​នេះ​ដែល​យើង​សម្លឹង​ឃើញ​ផ្សារភ្ជាប់​គ្នា​ជាមួយនឹង​ទេសចរណ៍​យើង​អាច​ផលិត​ផលិតផល​កសិកម្ម​ហ្នឹង​ក្លាយទៅជា​កសិពាណិជ្ជកម្ម​ដែល​ទៅ​ផ្គត់ផ្គង់​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក​ហើយក៏​អាច​ទៅ​ផ្គត់ផ្គង់​នៅក្រៅ​ប្រទេស​ទៀត​។ ដូច្នេះហើយ នេះ​ជាការ​បោះជំហាន​ដែល​គណបក្ស​ប្រជាជនមាន​សមត្ថភាព​ក្នុង​ការសិក្សា​ស្រាវជ្រាវ​តាម​ជំនាញ​នីមួយៗ​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមូលផ្ដុំ​ទៅដោយ​បញ្ញវន្ត​ដែលមាន​ជំនាញ​តាម​វិស័យ​នីមួយៗ​។ ដូច្នេះ​គណបក្ស​ប្រជាជន​ទទួលខុសត្រូវ​ផ្អែកទៅលើ​ការពិត មិនមែន​ទៅលើ​ការឃោសនា​ប្រជាភិថុតិ​ទេ​»​។​

​សេចក្តីសម្រេច​មហាសន្និបាត​នេះ​បញ្ជាក់​នា​ថ្ងៃទី ​២៩ ខែមករា​ថា មហាសន្និបាត​នេះ​ផ្តោត​ការយកចិត្តទុកដាក់​ខិតខំ​ដោះស្រាយ​តម្រូវការ​ផ្សេងៗ​របស់​ប្រជាជន​ជាអាទិ៍ ការងារ​ធ្វើ​ទីផ្សារ​កសិផល ស្ថិរភាព​ថ្លៃទំនិញ​ចាំបាច់​ការថែរក្សា​សុខភាព ការផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី ការកសាង​ផ្លូវ​ជនបទ និង​ប្រឡាយទឹក​ជាដើម​។ បន្ថែម​ពីនេះ CPP សន្យាថា បើ​ជាប់ឆ្នោត​បាន​ដឹកនាំ​ប្រទេស​ជា​បន្តទៀត​នឹងដាក់​អ្នកជំនាញ​កសិកម្ម​ធ្វើការ​ដោយផ្ទាល់​នៅ​គ្រប់​ឃុំ​ទូទាំងប្រទេស​។

​លោក​ យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ដែល​ចូលរួម​ក្នុង​មហាសន្និបាត​នេះ​បាន​ប្រាប់​ឱ្យដឹងថា នៅក្នុង​មហាសន្និបាត​នេះ លោក ហ៊ុន សែន បានសម្រេច​នូវ​គោលនយោបាយ​រៀបចំ​ឱ្យមាន​អ្នកជំនាញ​កសិកម្ម​ធ្វើការ​បម្រើ​កសិករ​ផ្ទាល់​នៅ​គ្រប់​ឃុំ​ទូទាំងប្រទេស ចាប់ពី​អាណត្តិ​ទី​៧ ​ទៅ​។

​លោក​បញ្ជាក់ថា​៖ «​កន្លងមក រឿង​ការងារ​កសិកម្ម​មាន​ត្រឹមតែ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​តែប៉ុណ្ណោះ មិនផ្ទាល់​នៅតាម​ឃុំ​នោះទេ ដូចនេះ​ការសម្រេចចិត្ត​របស់​ស​ម្តេច ដែលជា​ប្រធាន​គណបក្ស​ប្រជាជន សម្រាប់​អាណត្តិ​ថ្មី​ខាងមុខ​ហ្នឹង នឹង​រៀបចំ​ឱ្យមាន​មន្ត្រី​ជំនាញ​កសិកម្ម​នៅ​គ្រប់​ឃុំ ជា​មន្ត្រី​ដែល​រើស​ថ្មី​ជាពិសេស​រើស​ចេញពី​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​កសិកម្ម ឱ្យ​ចុះ​ទៅធ្វើ​ការងារ​ផ្ទាល់​ជាមួយ​កសិករ​ដើម្បី​អាច​ផ្លាស់ប្តូរ​ជីវភាព​កសិករ​»​។​

​លោក​បន្តថា ការខ្វះខាត​អ្នកជំនាញ​កសិកម្ម នៅតាម​ថ្នាក់មូលដ្ឋាន​នេះ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​វិស័យ​កសិកម្ម ដោយសារ​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម ដែល​តម្រូវឱ្យមាន​អ្នកជំនាញ​យ៉ាងហោចណាស់​ម្នាក់​នៅតាម​ឃុំ​នីមួយៗ ដើម្បី​ជួយ​ដល់​កសិករ​ដោយផ្ទាល់​។​

​លោក សុង សារ៉ន អគ្គនាយក និង​ស្ថាបនិក ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ បាន​ប្រាប់ថា វិស័យ​ឯកជន គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គោលនយោបាយ​នេះ ព្រោះ​ជា​គោលនយោបាយ​មួយ​ដ៏​ល្អ​ប្រើ​សម្រាប់​វិស័យ​កសិកម្ម​សព្វថ្ងៃនេះ ដែល​តម្រូវឱ្យ​អ្នកមាន​ជំនាញ​កសិកម្ម​គាំទ្រ​ដល់​សហគមន៍​កសិករ ដើម្បីឱ្យ​ក្លាយទៅជា​កសិក​ម្ម​មួយ​ទំនើប ដែលមាន​សមត្ថភាព ក្នុង​ការផលិត និង​រក​ទីផ្សារ​។​

​លោក​ថ្លែងថា សម្រាប់​ក្រុមហ៊ុន​លោក​ផ្ទាល់ គឺ​បានធ្វើ​ហើយ ដោយ​លោក​បាន​បញ្ជូន​អ្នកជំនាញ​របស់​ក្រុមហ៊ុន​លោក ប្រមាណ​ជាង​ ៤០០​ នាក់ ដើម្បី​ចុះទៅ​ធ្វើការ​ជាមួយ​សហគមន៍​កសិក​ម្ម និង​កសិករ​ដោយផ្ទាល់ ដែល​បានទទួល​ជោគជ័យ​គួរឱ្យកត់សម្គាល់​។​

​នៅពេល​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​នេះ​ទៀត កាន់តែ​ជំរុញ​ឱ្យ​វិស័យ​ឯកជន​មាន​ភាពងាយស្រួល និង​កាត់បន្ថយ​ចំណាយ​លើ​ផ្នែក​ធនធានមនុស្ស​មួយកម្រិត​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ជាការ​ពិតណាស់ កង្វះខាត​អ្នកជំនាញ​កសិកម្ម គឺជា​បញ្ហា​ដែល​ប្រឈម​ក្នុងពេល​កន្លងមក ក៏ដូចជា​ក្នុងពេល​បច្ចុប្បន្ននេះ​។ ប៉ុន្តែ​នៅពេល​រាជរដ្ឋាភិបាល​ចាប់ផ្តើម​ដោះស្រាយ​ពេលនេះ គឺ​ចំពេល​ល្អ និង​ចំណុច​ដែល​យើង​ត្រូវ​ដោះ​។ ដូចនេះ​យើង​សាទរ​ចំពោះ​ការដាក់ចេញ​គោលនយោបាយ​នេះ​»​។​

​លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កម្ពុជា​គឺជា​ប្រទេស​កសិកម្ម​ដែលមាន​សក្ដានុពល​ក្នុងការ​ផលិត​នូវ​ផលិតផល​កសិកម្ម​បាន​ច្រើន​។ ប្រសិនបើ​កម្ពុជា​ធ្វើ​ទំនើបកម្ម ដោយ​ពង្រឹង​បច្ចេកវិទ្យា និង​បច្ចេកទេស​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម កម្ពុជា​អាច​ធានា​សម្រាប់​ការនាំចេញ ហើយក៏​ជាការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ ពីព្រោះ​កន្លងមក​កម្ពុជា​ហាក់​ពឹងផ្អែក​ខ្លាំង​ទៅលើ​ការនាំចេញ​សម្លៀកបំពាក់​និង​ផលិតផល​មិនមែន​សម្លៀកបំពាក់​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ ប្រសិនជា​យើង​អាច​ពង្រីក​ពី​ការនាំចេញ​កសិផល​ឱ្យបាន​ច្រើន​តាមរយៈ​គោលនយោបាយ​ច្បាស់លាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​យើង​ធ្វើ​ទៅជា​កសិពាណិជ្ជកម្ម​នេះ ខ្ញុំ​គិតថា ជា​ចំណុច​ឈានឡើង ជា​វឌ្ឍនភាព​ដ៏​សំខាន់​មួយ ហើយ​យើង​សង្ឃឹមថា តាមរយៈ​គោលនយោបាយ​នេះ បើសិនជា​អនុវត្ត​ជោគជ័យ វា​នឹង​ក្លាយទៅជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​សំខាន់​មួយទៀត​របស់​ប្រទេស​កម្ពុជា​យើង ហើយក៏​វា​ធ្វើឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​មាន​ជីវភាព​ប្រសើរ​ជាង​មុន​ដែរ​»៕