ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជាង​​ ១៥​ លាន​ដុល្លារ​ពី​ធនធាន​រ៉ែ​មាស ​ដែល​ក្រុមហ៊ុន​ចម្រាញ់​បាន​ប្រមាណ​ជាង ​៥,៣ ពាន់​តោន​គិត​ត្រឹម​ដំណាច់ ឆ្នាំ​ ២០២២ បន្ទាប់ពី​អាជីវកម្ម​រុករក​នេះ​ត្រូវបាន​ចាប់ផ្តើម​លើកដំបូង​កាលពី​ខែមិថុនា ឆ្នាំ ២០២១​។​

​តួលេខ​ចំណូល​នេះ​ត្រូវ​បានបង្ហាញ​នៅក្នុង​វេទិកាសាធារណៈ​មួយ​កាលពី​សប្តាហ៍​មុន​ពី​សំណាក់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ជាក់ថា បច្ចុប្បន្ន នេះ​មាន​ក្រុមហ៊ុន ៧ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​ពី​រាជរដ្ឋាភិបាល ដោយបាន​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ចំនួន​ ៤ រួមមាន នៅ​ខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និង​ព្រះវិហារ​។​

​លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ដែល​ដំណើរការ​អាជីវកម្ម​រុករក​រ៉ែ​មាស​បានល្អ​ជាងគេ គឺ​ក្រុមហ៊ុន Renaissance របស់​អូស្ត្រាលី ដែលមាន​ទីតាំងនៅ​ខេត្តមណ្ឌលគិរី ដោយឡែក​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​កំពុង​ធ្វើ​អាជីវកម្ម​បានទទួល​ផល​តិចតួច​ប៉ុណ្ណោះ​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​។ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២២ យើង​ទទួលបាន​រ៉ែ ៥,៣​ តោន ដោយ​យើង​ទទួលបាន​ប្រាក់​ជា​សួយ​សារ​ចំនួន​ជាង ៨​ លាន​ដុល្លារ​»​។​

​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​វេទិកា​នោះ​ថា ដោយសារតែ​ធនធាន​រ៉ែ​មាស គឺជា​ឧស្សាហកម្ម​ថ្មី​មួយ​ដែល​កម្ពុជា​ទើប​ទទួលបាន​អត្ថប្រយោជន៍​ពី​ធនធាន​នេះ គឺ​បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន​បានធ្វើ​ការវិនិយោគ​យ៉ាងច្រើន​ក្នុងការ​រ​រុករក​ដែល​ធ្វើឱ្យ​ចំណូល​ពន្ធ និង​សួយ​សារ​ពី​ធនធាន​នេះ​នៅមានកម្រិត​តិចតួច​។​

​លោក​ថ្លែងថា​៖ «​ចំណូល​ពី​ធនធាន​រ៉ែ​នេះ គឺ​យើង​ទទួលបាន​មិនទាន់​ច្រើន​ប៉ុន្មាន​នោះទេ ដោយសារ​ថ្លៃ​វិនិយោគ​វា​ច្រើន ដូច្នេះ​ការទទួលបាន​ចំណូល​នេះ​ទាមទារ​រយៈពេល​វែង ហើយ​អ្នកវិនិយោគ​ក៏​គាត់​ចំណាយ​ច្រើន​លើ​ការវិនិយោគ​។ សរុប​បាន​ជាង ១៥​លាន​ដុល្លារ អ៊ីចឹង​ដំបូង​គឺ​យើង​ទទួលបាន​ចំណូល​តិច​ដោយសារ​ថ្លៃ​វិនិយោគ​ខ្ពស់ ដូច្នេះ​ថ្ងៃក្រោយ​យើង​នឹង​ទទួលបាន​ចំណូល​កាន់តែច្រើន​បន្ថែមទៀត​»​។​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​បានលើកឡើង​ថា ចាប់តាំងពី​ប្រទេស​កម្ពុជា​ចាប់ផ្តើម​បើក​ដំណើរការ​អាជីវកម្ម​រ៉ែ​មាស នា​ខែមិថុនា ឆ្នាំ​ ២០២១ ​មកដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២២ គឺមាន​ក្រុមហ៊ុន​ចំនួន ៤ ដែល​បានទទួល​អាជ្ញាប័ណ្ណ​ក្នុង ៤ ​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ខេត្ត​ចំនួន​ ៣ គឺ​ព្រះវិហារ​, ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​។​

​លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ខែវិច្ឆិកា​ថា រដ្ឋាភិបាល​បានផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​មាស​ដល់​ក្រុមហ៊ុន ៤​​ ខាងលើ ចំណែក​ក្រុមហ៊ុន​មួយចំនួនទៀត​គឺ​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ​។​

​លោក​បន្ថែមថា ទាក់ទង​ក្រុមហ៊ុន​ទាំង ៤ ​នោះ គឺ​មានតែ​ក្រុមហ៊ុន Renaissance មួយ​ទេ​ដែល​គាត់​ចម្រាញ់​៩០​ ភាគរយ​ ដើម្បី​ដឹកចេញទៅ​ក្រៅប្រទេស​ដើម្បី​បន្សុទ្ធ​ទៅជា​មាស ៩៩,៩៩​ ភាគរយ ឬ​ខ្មែរ​យើង​ហៅថា មាស​ទឹក​ ១០​។ ក្រៅពីនោះ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ដែល​គាត់​ចម្រាញ់​មាស​សុទ្ធ គឺ​ ៩៩,៩៩ នៅក្នុង​ស្រុក​។​

​ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជា​ក្រុមហ៊ុន​មកពី​ប្រទេស​អូស្ដ្រាលី និង​ជា​ក្រុមហ៊ុន​ទី​ ១ អាច​ចាប់ផ្ដើម​ផលិត​មាស​ជា​លើកដំបូង នៅ​ប្រទេស​កម្ពុជា ​ផ្លូវការ​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​រំពឹងថា ផលិតផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ នឹង​ផ្តល់​ផលប្រយោជន៍​ចំណូល​ដុល​មធ្យម ១៨៥ ​លាន​ដុល្លារ ក្នុង​ ១ ​ឆ្នាំ​ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្សេងៗ​ជា​មធ្យម ៤០ ​លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ​៕