​ភ្នំពេញៈ ការប្រមូល​ផល​អំបិល​អាច​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​កុម្ភៈ​តទៅ​ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​កាលពី​ឆ្នាំមុន​​ ២០២២ កម្ពុជា​បាន​នាំចូល​អំបិល​ពី​ក្រៅប្រទេស​ប្រហែល ២ ​ម៉ឺន​តោន​មក​បំពេញតម្រូវការ​ក្នុងស្រុក​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​អំបិល​កម្ពុជា​។​

​កត្តា​អាកាសធាតុ​ដែលមាន​ភ្លៀង​ធ្លាក់​នៅក្នុង​អំឡុង​ខែប្រាំង ​(​រដូវ​ប្រមូល​ផល​អំបិល​) បាន​បង្ខំ​ឱ្យ​ប្រទេស​កម្ពុជា​នាំចូល​អំបិល​ប្រមាណ ១ ​ម៉ឺន​តោន ​ក្នុង​ឆ្នាំ​ ២០២០ និង ១​ ម៉ឺន​តោន​ឆ្នាំ​ ២០២១ ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០២២ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ការនាំ​ចូល ​(​ពី​ប្រទេស​ឥណ្ឌា​) បាន​កើន​ដល់​ប្រហែល ២​ ម៉ឺន​តោន​។ ខេត្តកំពត និង​កែប គឺជា​ទីតាំង​ផលិត​អំបិល​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​។ ជា​មធ្យម​ក្នុង ​១​ ឆ្នាំ​ កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី ៧១០ ​ម៉ឺន​តោន​មក​បំពេញតម្រូវការ​ប្រើ​ប្រាស់​។​

​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ៣០ ខែមករា លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត បាន​ប្រាប់ថា ការប្រមូល​ផល​អំបិល​នៅតាម​ស្រែ​ក្នុង​ខេត្តកំពត​អាច​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​ទី​ ១ នៃ​ខែកុម្ភៈ ប៉ុន្តែ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ការប្រមូល​ផល​នឹងត្រូវ​អូសបន្លាយ​ពេល​ទៀត​។ អំបិល​កម្ពុជា ជា​អំបិល​ធម្មជាតិ ដូច្នេះ​វា​ត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​អាកាសធាតុ បើ​អាកាសធាតុ​ក្តៅ និង​មិនមាន​ភ្លៀង​ធ្លាក់​រយៈពេល ៣​ ខែ​ជាប់​គ្នា គឺ​ផល​អំបិល​អាច​កើន​ដល់​ជាង ១០​ ម៉ឺន​តោន​ដែល​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ក្នុងស្រុក និង​សល់​នៅក្នុង​ឃ្លាំង​ស្តុក​ទៀតផង​។​

​លោក​ថ្លែងថា​៖ «​កាលពីដើមឆ្នាំ​ ២០២៣ យើង​រំពឹងថា នឹង​អាច​ប្រមូល​ផល​អំបិល​បាន​នៅ​ចុង​ខែម​ករានេះ ប៉ុន្តែ​ដោយសារ​ខេត្តកំពត​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​អំឡុង​ថ្ងៃទី​ ១០ ខែមករា វា​ធ្វើឱ្យ​ផែនការ​ប្រមូល​ផល​ត្រូវ​ពន្យារ​ទៅ​ចុង​សប្តាហ៍​ទី​ ១ ខែកុម្ភៈ​វិញ​។ បើ​ក្នុងករណី​រយៈពេល ៤៥ ​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង កសិករ​នឹង​ត្រូវការ​ពេល​បន្ថែម​យ៉ាង​តិចជាង ១០ ​ថ្ងៃ​លើសពីនោះ​»​។​

​លោក ប៊ុន ណារិន កសិករ និង​ជា​ម្ចាស់​សិប្បកម្ម​ផលិត​អំបិល ថូ​ង អ៊ី​ន​ធ័​រ​ប្រា​យស៍ នៅក្នុង​ខេត្តកំពត បាន​និយាយថា ភាពយឺតយ៉ាវ​ការប្រមូល​ផល​បានធ្វើឱ្យ​តម្លៃ​អំបិល​នាពេលនេះ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិចបន្តួច ​(៥១០​ភាគរយ​) ដោយ​នៅតាម​ស្រែ​ក្នុង​ពេលនេះ គឺ​អំបិល​មានតម្លៃ​ចន្លោះ​ពី ២៥ ០០០-២៨ ០០០​ រៀល​ក្នុង​ ១​ បាវ​ទម្ងន់ ៥០ ​គីឡូក្រាម​។ ការប្រមូល​ផល​អាច​នឹង​ចាប់ផ្តើម​ពី​ដើមខែ​កុម្ភៈ ខណៈ​នៅពេលនេះ​សកម្មភាព​នៃ​ការបង្ហូរ​ទឹក​ចូល​ស្រែ​កំពុង​ប្រព្រឹត្តទៅ​យ៉ាងសកម្ម​។​

​លោក​បញ្ជាក់ថា​៖ «​ដោយសារ​អំបិល​នៅ​កម្ពុជា​អាស្រ័យ​លើ​អាកាសធាតុ ដូច្នេះ​គេ​មិនទាន់​អាច​និយាយថា ឆ្នាំនេះ​ផល​ប្រមូលបាន​នឹង​ទៅជា​បែបណា​នោះទេ​»​។​

​លោក ប៊ុន បារាំង ម្ចាស់​ក្រុមហ៊ុន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២២ ថា ការនាំ​អំបិល​ពី​ប្រទេស​ឥណ្ឌា​មក​បំពេញតម្រូវការ​ក្នុងស្រុក​បាន​ផ្អាក​តាំងពី​ចុងខែ​វិច្ឆិកា គឺ​បន្ទាប់ពី​ក្រុមហ៊ុន​នាំចូល​សរុប​បាន​ជាង ២​ ម៉ឺន​តោន ខណៈ​រដ្ឋាភិបាល​អនុញ្ញាត​រហូតដល់ ៦ ​ម៉ឺន​តោន​។​

​ខេត្តកំពត និង​ខេត្ត​កែប គឺជា​ទីតាំង​ផលិត​អំបិល​នៅ​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​ ២០២២ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ២​ មាន​ចំនួន ៤ ៧៤៨ ​ហិកតា​។ ទំហំ​ផ្ទៃដី​នេះ គឺ​នៅ​ដដែល​បើ​ធៀប​នឹង​ឆ្នាំ ​២០២១​។ នេះ​បើតាម​ក្រសួង​ឧស្សាហកម្ម​។​

​ធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ចុងខែ​ធ្នូ​ដល់​ពាក់កណ្តាល​ខែឧសភា​នៃ​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ឆ្នាំ​ខ្លះ​អាកាសធាតុ​ក្តៅ​នឹង​អូសបន្លាយ​យូរ ការផលិត​អាច​ដល់​ខែមិថុនា​។ បើ​អាកាសធាតុ​អំណោយ ដី ១ ​ហិកតា​អាច​ផលិត​អំបិល​បាន​មធ្យម ២០​ តោន​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​៕