​ភ្នំពេញៈ ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ការពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ ការបង្ក​លក្ខណៈ​ងាយស្រួល និង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​​ ២០២២ មាន​ប្រមាណ ៥២,៤២​ ពាន់​លាន​ដុល្លារ កើន ៩,១​ ភាគរយ​ បើ​ធៀប​ទិន្នន័យ​ឆ្នាំ​ ២០២១​។ នេះ​បើតាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០២២ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០០៣ ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី ​៣០ ខែមករា លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា ទោះបី​មានការ​រំខាន​ពី​ការរីក​រាលដាល​កូ​វីដ​១៩ ក៏​កម្ពុជា​នៅតែ​អាច​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ល្អប្រសើរ ដោយ​ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២២ មាន​ប្រមាណ ៥២,៤២ ​ពាន់​លាន​ដុល្លារ ស្មើនឹង​កំណើន ៩,១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា ២២,៤៨​ ពាន់​លាន​ដុល្លារ កើន ១៦ ​ភាគរយ និង​ការ​នាំចូល ២៩,៩៤​ ពាន់​លាន​ដុល្លារ កើន ៤​ ភាគរយ​។​

​លោក​បន្តថា ទោះបី​ក្នុងអំឡុងពេល​សេដ្ឋកិច្ចពិភពលោក​កំពុង​ជួបនឹង​វិបត្តិ​បណ្តាល​មក​ជំងឺ​កូ​វីដ​ ១៩ ការ​ទទួលរង​ឥទ្ធិពល​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កំណើន​អត្រា​អតិផរណា វិបត្តិ​ថាមពល ប្រេងឥន្ធនៈ និង​ម្ហូបអាហារ ក៏​សេដ្ឋកិច្ចកម្ពុជា ពិសេស​ការនាំចេញ​ទំនិញ​កម្ពុជា​នៅតែ​រក្សាបាន​នូវ​កំណើន​គួរឱ្យកត់សម្គាល់​។ កំណើន​ពាណិជ្ជកម្ម​កម្ពុជា​អាចមកពី​មូលហេតុ​មួយចំនួន​ដូចជា ការជំរុញ​ឱ្យមាន​កំណើន​នាំចេញ​តាមរយៈ​ការប្រើប្រាស់​ទីផ្សារ​អនុគ្រោះ​ដែលមាន​ស្រាប់ និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​នានា​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ដែល​បាន​ដាក់ចេញ​កាលពីដើមឆ្នាំ​ ២០២២ ក្រសួងពាណិជ្ជកម្ម បាន​ប្តេជ្ញាចិត្ត​ខ្ពស់​នៅក្នុង​ការជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម ដោយបាន​កែប្រែ​បញ្ហា​ប្រឈម​ទៅជា​ឱកាស តាមរយៈ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ការកាត់បន្ថយ​ចំណាយ និង​ការពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។ ជាមួយគ្នានេះ​ក្រសួង​ក៏បង្ក​លក្ខណៈ​ងាយស្រួល និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ជាពិសេស​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ គឺ​កើតឡើង​ពី​ការខិតខំ និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ល្អៗ​របស់​រាជរដ្ឋាភិបាល​ដែលមាន​ភាពបត់បែន​ស្របតាម​ដំណើរ​វិវឌ្ឍន៍​នៃ​សភាពការណ៍​សកល​។ ភាពជោគជ័យ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ​ ១៩ និង​ការបើក​ប្រទេស​ឡើងវិញ​ឆាប់រហ័ស​បាន​ជួយ​ឱ្យ​កម្ពុជា​អាច​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ព្រមទាំង​អាច​ទាក់ទាញ​បានការ​វិនិយោគ​ថ្មីៗ​។​

​លោក​ប្រាប់ថា​៖ «​ជាមួយនឹង​ភាព​រីកចម្រើន​នេះ​ខ្ញុំ​គិតថា ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​នឹង​កើន​ថែមទៀត​ធៀប​ឆ្នាំ ​២០២២»​។​

​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​វេទិកាសាធារណៈ​ស្តីពី​ «​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣» កាលពី​ថ្ងៃទី​ ២៥ ខែមករា​ថា កម្ពុជា​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ គឺ​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ចាប់យក​ឱកាស​ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​កើតមាន​នៅពេលនេះ ដោយ​តាម​ការ​ព្យាករ​ក្នុង​ឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ច​កម្ពុជា​សម្រេចបាន​ក្នុង​រង្វង់ ៥,២ ​ភាគរយ និង​ឆ្នាំ​ ២០២៣ នឹង​សម្រេចបាន​ក្នុង​អត្រា ៥,៦​ ភាគរយ​។​

​លោក​បញ្ជាក់ថា​៖ «​នៅ​ចំពោះមុខ​ដ៏​លំបាក​នេះ​យើង​ត្រូវតែ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​ពី​ផលប៉ះពាល់​ជា​អវិជ្ជមាន ហើយ​ចាប់យក​ឱកាស​ដើម្បី​ភាព​រីកចម្រើន ព្រោះ​រាល់​វិបត្តិ​គឺ​សុទ្ធតែជា​ឱកាស​»៕