
លោក ឌិត ទីណា (ស្ដាំ) ក្នុងពេលទទួលជួបតំណាង IRRI កាលពីថ្ងៃទី៣០ មករា ។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានទទួលជួបលោក Nurmi Pangest តំណាង វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) ប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករនិងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។
ពិធីជួបសំណេះសំណាលនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣។
តាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅគេហទំព័ររបស់ខ្លួននៅថ្ងៃទី ៣១ ខែមករា បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម លើវិស័យស្រូវអង្ករ និងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។
ក្រសួងកសិកម្មបញ្ជាក់ថា «ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ គាំទ្របន្តកិច្ចសហការទៅមុខទៀតដើម្បីធានានូវប្រសិទ្ធភាពខ្ពស់ចំពោះប្រព័ន្ធកសិ-សន្តិសុខស្បៀងលើវិស័យស្រូវអង្ករនេះ»។
ប្រភពដដែលបានឱ្យដឹងទៀតថា វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ(IRRI)និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទំនាក់ទំនងភាពជាដៃគូយូរអង្វែងក្នុងការស្រាវជ្រាវការអភិវឌ្ឍ និងលើកកម្ពស់វិស័យស្រូវអង្កររបស់កម្ពុជា។
នៅឆ្នាំ ១៩៩៦ បន្ទាប់ពីធ្វើការក្នុងភាពជាដៃគូរយៈពេល ៣០ ឆ្នាំមក ភាគីទាំង ២ បានចុះកិច្ចព្រមព្រៀងចុងក្រោយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា តាមរយៈកម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយបាននាំយកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ទៅកាន់កម្រិតថ្មីមួយទៀតក្នុងគោលដៅជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសនាំចេញអង្ករដ៏សំខាន់នៅក្នុងពិភពលោក។
បើតាមក្រសួងកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាបានធ្វើជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) អស់រយៈពេលជិត ៤០ ឆ្នាំ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការកាត់បន្ថយភាពអត់ឃ្លាន អត្រាភាពក្រីក្រ និងទទួលបាននូវសន្តិសុខស្បៀង ផងដែរ៕