ភ្នំពេញៈ អ្នកជំនាញ​អះអាងថា ផលិតផល​ដែល​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​​ (GI) នឹង​ទទួលបាន​ការការពារ​តាមផ្លូវ​ច្បាប់ មាន​ទីផ្សារ​ធំ​ទូលាយ និង​អ្នក​ផលិត​នឹង​ទទួលបាន​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ ខណៈ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ មាន​ផលិតផល​ក្នុងស្រុក​ចំនួន ៤ ស្ថិតក្នុង​ដំណាក់កាល​រៀបចំ និង​ត្រៀម​បញ្ចប់​នីតិវិធី​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នៅ ក្រសួងពាណិជ្ជកម្ម​។​

​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ ​២០២២ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២៣ របស់​ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា មាន​ផលិតផល​ក្នុងស្រុក​ចំនួន ៤ កំពុងស្ថិត​ក្នុង​ដំណើរ​ការចុះ ​GI ដោយ​ក្នុងនោះ​ផលិតផល​ចំនួន ៣ ស្ថិតក្នុង​ដំណាក់កាល​ប​ញ្ច​ប់​ការរៀបចំ និង ១ ​នៅក្នុង​ដំណាក់កាល​ចាប់ផ្ដើម​រៀបចំ​ចុះបញ្ជី​។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម ផលិតផល ៣ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការបញ្ចប់​ការរៀបចំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ រួមមាន ​«​អំបិល​កំពត​កែប​»​ ក្រោម​ជំនួយ​បច្ចេកទេស​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ​(WIPO) និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ​(AFD), និង​ផលិតផល ​«​បង្កង​តាកែវ​» និង​ «​ទឹកត្រី​កំពត​កែប​»​ ក្រោម​ជំនួយ​បច្ចេកទេស​អង្គភាព​កម្មសិទ្ធិបញ្ញា​ស​ហ​ភាព​អឺរ៉ុប (EU Arise+ IPR)​។ ចំណែក​ផលិតផល ​«​ក្ដាមថ្ម​កោះកុង​» ​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាប់ផ្ដើម​រៀបចំ​ចុះបញ្ជី​ GI ក្រោម​ជំនួយ​បច្ចេកទេស​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។​

​ក្រៅពី​កិច្ចការ​ខាងលើ​ក្រុមការងារ​ក្រសួង​ក៏​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ទៀត​ដូចជា ការបញ្ចប់​ការកែសម្រួល​សៀវភៅ​បន្ទុក​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​«​ម្រេច​កំពត​» ដោយ​បញ្ចូល​ផលិតផល​ថ្មីៗ ​(​ម្រេច​ក្រហម​ម៉ដ្ឋ និង​ម្រេច​ខ្ចី​ជ្រក់​), ការបង្កើត​ក្រុមការងារ​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ​«​ម្រេច​កំពត​»​ លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​, បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​នីតិវិធី និង​ឯកសារ​គតិយុត្ត​ក្នុងការ​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ «​ម្រេច​កំពត​», កែតម្រូវ​សៀវភៅ​បន្ទុក​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​«​ស្ករត្នោត​កំពង់ស្ពឺ​» ​និង​បាន​យកទៅ​កត់ត្រា​នៅ​សហភាព​អឺរ៉ុប​, បង្កើត​គេហទំព័រ​របស់​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ និង​បាន​អនុវត្ត​គម្រោង​ជំរុញ​ការប្រើ​រូប​សញ្ញា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ស្ករត្នោត​កំពង់ស្ពឺ​» តាមរយៈ​ការធ្វើ​ទីផ្សារ សម្បក​វេច​ខ្ចប់ និង​ការកសាង​កេរ្តិ៍ឈ្មោះ​ម៉ាក និង​កំពុង​អនុវត្ត​គម្រោង​កសាង​កេរ្តិ៍ឈ្មោះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» និង​ «​ក្រូច​ត្លុង​កោះ​ទ្រង់​» ក្រោម​ជំនួយ​បច្ចេកទេស​របស់​អង្គភាព​កម្មសិទ្ធិបញ្ញា​ស​ហ​ភាព​អឺរ៉ុប ​(EU Arise, IPR)​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣១ ខែមករា​ថា ជាការ​ល្អ​ណាស់​បើ​ផលិតផល​ក្នុងស្រុក​ទាំង​ម៉ាក​ចាស់ និង​ម៉ាក​ថ្មីៗ​ត្រូវបាន​ចុះបញ្ជី​ដើម្បី​ទទួលបាន​ការការពារ​តាមផ្លូវ​ច្បាប់ ជាពិសេស​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ការពារ​ផលប្រយោជន៍​ប្រជាកសិករ ឬ​សហគមន៍​ផលិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​លើកតម្កើង​កេរ្តិ៍ឈ្មោះ​ផលិតផល​កម្ពុជា និង​បង្កើន​សក្តានុពល​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ លោក​បន្តថា នៅពេល​ផលិតផល​មួយ​ទទួលបាន​ការចុះបញ្ជី GI វា​ក៏​ជួយ​ទប់ស្កាត់​ការលួចបន្លំ​ម៉ាក ជាពិសេស​នៅពេល​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​លោក​ថ្លែងថា​៖ «​រាល់​មុខទំនិញ និង​ឧបករណ៍​ជួញដូរ​បាន ដែល​នាំចូល​ពី​ក្រៅប្រទេស​មិនគួរ​ត្រូវបាន​ចុះបញ្ជី​ជា​កម្មសិទ្ធិបញ្ញា ឬ​ម៉ាក​ពាណិជ្ជកម្ម​ផ្តាច់មុខ​ឡើយ ព្រោះ​វា​ផ្ទុយ​ពី​ច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់ ច្បាប់​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​គោលនយោបាយ​ទីផ្សារសេរី​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​សម្រាប់​ការផលិត ឬ​ដំឡើង​ក្នុងស្រុក ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​លើកទឹកចិត្ត​ដោយ​ច្បាប់​វិនិយោគ​ថ្មី​»​។​

​លោក​បន្ថែមថា ការចុះបញ្ជី​នេះ​គឺ​មិន​ត្រឹមតែ​លើកទឹកចិត្ត​អ្នក​ផលិត​ក្នុងស្រុក និង​ក្រុមហ៊ុននាំចេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន​ទំនុកចិត្ត​អ្នកប្រើប្រាស់ និង​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​លើ​ផលិតផល​នោះ​កាន់តែច្រើន​។ ការចុះបញ្ជី​ទំនិញ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ គួរ​ធ្វើឡើង​ចំពោះ​ផលិតផល​ក្នុងស្រុក​តែប៉ុណ្ណោះ​។​

​លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត ដែលជា​ផលិតផល GI បាន​ប្រាប់ថា បើទោះបី​ម្រេច​កំពត​មានតម្លៃ​ខ្ពស់ជាង​ម្រេច​ធម្មតា ប៉ុន្តែ​ដោយសារ​ជា​ផលិតផល​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ និង​មានគុណ​ភាពល្អ ដូច្នេះ​ផល​ដែល​សមាគម​ផលិត​បាន​ក្នុង​រង្វង់ ១០០ ១៣០ ​តោន ​ក្នុង ​១ ​ឆ្នាំ គឺ​តែងមាន​ក្រុមហ៊ុន​បញ្ជា​ទិញ​អស់ៗ​មិនដែល​សល់​ឡើយ​។ លោក​បន្តថា ការទទួលបាន GI បានធ្វើឱ្យ​អ្នកបញ្ជា​ទិញ​មាន​ទំនុកចិត្ត ព្រោះ​គ្រប់​ដំណាក់កាល គឺត្រូវធ្វើ​តាម​គោលការណ៍​កំណត់​ក្នុង​សៀវភៅ​បន្ទុក​។​

​លោក​អះអាងថា​៖ «​ការចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ស្រាប់​ប្រជាកសិករ​ក្នុង​តំបន់​ដែល​ប្រកបមុខរបរ​ដូច​អ្វីដែល​បាន​ចុះបញ្ជី ពិសេស​វា​នឹងធ្វើ​ឱ្យមាន​ទីផ្សារ​នាំចេញ​កាន់តែ​ធំ​»៕