ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន ៥ ​ទីតាំងនៅ​ប្រទេស​ចិន ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ឱ្យ​កាន់តែច្រើន​ថែមទៀត ដើម្បី​ទាញយក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ប្រទេស​ទាំង ​២ ​កំពុង​អនុវត្ត​។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ ២០២២ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០០៣ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ៣១ ខែមករា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម និង​ពិពិធ​កម្ម​ទីផ្សារ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ និង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅក្នុង​ក្រុង Atsugi នៃ​ខេត្ត Kanagawa ប្រទេស​ជប៉ុន រួចហើយ​ដើម្បី​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​កម្ពុជា​ជា​អចិន្រ្ដៃ​យ៍ ខណៈ​ជំហាន​បន្ទាប់​នឹង​ទៅធ្វើ​នៅក្នុង​ប្រទេស​ចិន​។​

​លោក​អះអាងថា​៖ «​បច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំ​រាយការណ៍​ស្តីពី​ការចុះពិនិត្យ​ទីតាំង​ជាក់ស្តែង ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន ៥ ទីតាំង​គឺ​នៅ​ទីក្រុង​ឆាង​ឈុន​, ហា​បី​ន​, ណាន​ជី​ង​, ថា​យ​យាន​, និង​ចឹ​ង​ចូ​វ​ដើម្បី​លើកកម្ពស់​ការផ្សព្វផ្សាយ និង​ជំរុញ​ការលក់​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​ចិន​ថែមទៀត​»​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹកប្រាក់​សរុប ៥២ ៤២៤,៥៣៩ ​លាន​ដុល្លារ កើន ៩,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ២២ ៤៨២,៩៣៧​ លាន​ដុល្លារ កើន ១៦,៤​ ភាគរយ និង​ទំនិញ​កម្ពុជា​នាំចូល ២៩ ៩៤១,៦០២ ​លាន​ដុល្លារ កើន ៤,៣​ ភាគរយ​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន មាន​ទឹកប្រាក់​សរុប ១១ ៦៨៦,១៦៤​ លាន​ដុល្លារ កើន ៤,៤​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​ប្រទេស​ចិន​មក​កម្ពុជា មាន ១០ ៤៤៥,៥៣៣​ លាន​ដុល្លារ កើន ៧,៩​ភាគរយ ចំណែក​ទំនិញ​នាំទៅ​ប្រទេស​ចិន ១ ២៤០,៦៣​ លាន​ដុល្លារ ធ្លាក់ចុះ ១៧,៩​ ភាគរយ​។ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជា​ជាមួយ​ប្រទេស​ចិន ​ក្នុង​ឆ្នាំ​ ២០២២ គឺ​កម្ពុ​ជាមាន​ឱនភាព ចំនួន ៩ ២០៤,៩០៣​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស​ទោះ​ក្នុង​រូបភាព​រដ្ឋាភិបាល ឬ​ផ្នែក​ឯកជន គឺ​សុទ្ធតែ​ផ្តល់​ផលចំណេញ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ទីតាំង​ទាំងនោះ​នឹង​អាច​ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ជួបពិភាក្សា និង​ផ្តល់ព័ត៌មាន​ពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា ហើយក៏​ជា​កន្លែង​តាំង​លក់ ឬ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​ផងដែរ​។​

​លោក​បន្ថែមថា ការបើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​ក្នុងប្រទេស​ចិន គឺ​ពិតជា​ចាំបាច់ ព្រោះ​ចិន គឺជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន ជាពិសេស​កម្ពុជា​ចិន​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដែល​ចូល​ជា​ធរមាន​កាលពីដើមឆ្នាំ​ ២០២២​ មក​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ចិន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅ​តំបន់​សំខាន់ៗ​ក្នុងប្រទេស​ចិន​នឹង​ជួយ​ឱ្យ​ទំនិញ​កម្ពុ​ជាមាន​ទីផ្សារ​កាន់តែច្រើន​»​។​

​លោក​ប្រាប់ទៀតថា កន្លងមក​សភាពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន និង​កាណាដា ផងដែរ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ទោះ​បច្ចុប្បន្ន​ការធ្វើទំនាក់ទំនង​ឆ្ងាយៗ​ភាគច្រើន​ត្រូវបាន​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​ការបើក​មជ្ឈមណ្ឌល​ដោយផ្ទាល់ គឺ​ពិតជា​ចាំបាច់ និង​អាច​ផ្តល់​ផលចំណេញ​ច្រើន​សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​។​

​លោក​បញ្ជាក់ថា​៖ «​ប្រទេស​ចិន​មាន​ប្រជាជន​ច្រើន និង​ទីផ្សារ​ធំ ដូច្នេះ​បើ​ទំនិញ​កម្ពុជា​អាចឆ្លើយតប​នឹង​ការចង់បាន​នៅ​ចិន​នោះ ការនាំចេញ​នឹង​ហក់​ឡើង​ខ្ពស់ ខណៈ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន ក៏​នឹង​ជួយ​សម្រួល​លក្ខខណ្ឌ​ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ផងដែរ​»​។​

​ទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប ៤១​ពាន់​លាន​ដុល្លារ ក្នុងនោះ​ការវិនិយោគ​របស់​វិនិយោគិន​ចិន ស្ថិតនៅលើ​គេ ដោយមាន​ចំនួន ១៨ ​ពាន់​លាន​ដុល្លារ ស្មើ ៤៣,៩​ភាគរយ តាម​ពីក្រោយ​ដោយ​ប្រទេស​កូរ៉េ​, សិង្ហ​បុរី​, វៀតណាម​, ជប៉ុន​, និង​ម៉ាឡេស៊ី ជាដើម​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ចុងខែ​មករា បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ នឹង​សម្រេចបាន​ក្នុង​រង្វង់ ៥,២ ​ភាគរយ និង​ឆ្នាំ​ ២០២៣ ក្នុង​រង្វង់ ៥,៦​ ភាគរយ​។​

​ចំណែក​ធនាគារពិភពលោក (WB) កាលពី​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២២ បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់​ ៤,៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ហើយ​នៅ​ឆ្នាំ​ ២០២៣ កំណើនសេដ្ឋកិច្ច​នឹង​កើន​ដល់ ៥,២​ ភាគរយ​៕