ភ្នំពេញៈ ក្រុមហ៊ុន​ក្នុងស្រុក HTTH Island Investment Co.Ltd កំពុងធ្វើការ​សិក្សា​លើ​គម្រោង​វិនិយោគ​កោះ​ថ្មី ដែលមាន​ផ្ទៃដី ១ ៦៦៨ ហិកតា​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​អភិវឌ្ឍ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋបាលខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន HTTH Island Investment Co.Ltd សម្រាប់​ការវាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​នៃ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅលើ​កោះ​ថ្មី ដែល​គម្រោង​នេះ​មាន​ផ្ទៃដី ១ ៦៦៨ ហិកតា​ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក​ថ្លែងថា​៖ «​យើង​បាន​ប្រជុំពិភាក្សា​ពិគ្រោះ​យោបល់​ដើម្បី​ផ្តល់​ធាតុ​ចូល ការយល់ឃើញ ចម្ងល់ និង​សំណូមពរ​នានា​ដើម្បី​ក្រុមការងារ​ធ្វើការ​លើ​រឿងនេះ​។ ដូច្នេះ​កាលពី​ថ្ងៃទី ​២៤ ខែមករា យើង​បាន​ប្រជុំគ្នា យើង​ដឹង​ហើយ​ថា HTTH គឺជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ និង​វិនិយោគ​លើ​កោះ​ថ្មី​ដែល​ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​ផ្ទៃដី​ប្រមាណ ១ ៦៦៨ ​ហិកតា​នេះ ​វិនិយោគ​ប្រែក្លាយ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ជាមួយនឹង​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៤ ​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ឆ្នាំ​ដំបូង​»​។​

​លោក​បញ្ជាក់ថា​៖ «​នេះ គឺជា​គម្រោង​ដែល​ធ្វើឡើង​ដោយ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ នេះ​ជា​ចំណែក​មួយ​ដែល​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​។ ខ្ញុំ​ជឿថា តាមរយៈ​ការវិនិយោគ​នេះ​នឹង​បង្កើត​ការងារ និង​បង្កើន​ចំណូល​ដល់​ខេត្ត​ផងដែរ​»​។​

​បើ​យោងតាម​លោក ឌី​ម៉​ង់ ការសិក្សា​ដើម្បី​ចេញ​ជា​របាយការណ៍​នៃ​ផលប៉ះពាល់​បរិស្ថាន​ពេញលេញ​នេះ គឺជា​ការប្រជុំ​ក្នុង​កម្រិត​អាជ្ញាធរខេត្ត បន្ទាប់មក​ក្រុមហ៊ុន​នឹងធ្វើ​ការ​ជាមួយ​ក្រសួងបរិស្ថាន​បន្ថែមទៀត​។​

​បើតាម​លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ គឺ​ខេត្ត​ព្រះសីហនុ​មាន​កោះ​ចំនួន ៣២ ក្នុងនោះ​កោះ​ចំនួន ៥ នៅ​ក្រុងព្រះសីហនុ​, ១៩ នៅ​ក្រុង​កោះរ៉ុង​, ៧ នៅ​ស្រុក​ព្រៃនប់ និង ១ នៅ​ស្រុក​ស្ទឹងហាវ​។​

​លោក​បន្តថា មាន​ក្រុមហ៊ុន​ចំនួន ៤ កំពុង​វិនិយោគ​នៅ​កោះ​ក្នុង​ក្រុងព្រះសីហនុ​, ៧ ក្រុមហ៊ុន​នៅ ៩​ កោះ​នៃ​កោះរ៉ុង និង ១២ ក្រុមហ៊ុន​វិនិយោគ​កោះ ៦ នៅ​ព្រៃនប់​។ ទោះយ៉ាងណា​លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទៀតឡើយ​។​

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ធ្លាប់​និយាយ​កាលពី​ខែសីហា ឆ្នាំ​ ២០២២ ថា ការអភិវឌ្ឍ​កោះ​ទាំងនេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​កាន់តែច្រើន​។ ជាពិសេស​វា​នឹង​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាជន​ក្នុង​ខេត្ត​។​

​លោក​ឱ្យដឹងទៀតថា វា​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ដោយ​ប្រយោល​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ផងដែរ រួមមាន​ការសាងសង់ ការដឹកជញ្ជូន អាហារ និង​កន្លែង​ស្នាក់នៅ​។​

​លោក​អះអាងថា​៖ «​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​គឺ​កោះ​ទាំងនេះ​មានការ​អភិវឌ្ឍ​ច្រើន​។ ពួកគេ​អភិវឌ្ឍ​ទៅជា​រមណីយដ្ឋាន សណ្ឋាគារ កន្លែង​កម្សាន្ត ក៏ដូចជា​ការបន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត ដើម្បី​គាំទ្រ​វិស័យនេះ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​»៕