
ភ្ញៀវទេសចរដើរមុខសណ្ឋាគារ ១ នៅក្រុងសៀមរាបកាលពីឆ្នាំ ២០២០។ រូបថត ហុង មិនា
សៀមរាបៈ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ដល់សណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប សម្រាប់រយៈពេល ៣ ខែ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ មក សមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប បានសាទរយ៉ាងខ្លាំង ចំពោះការអនុគ្រោះនេះបើទោះបីជាស្ថានភាពទេសចរណ៍ក្នុងខេត្ត បានចាប់ផ្តើមប្រសើរឡើងវិញហើយក៏ដោយ។
យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ បានលើកឡើងថា សកម្មភាពអាជីវកម្មក្នុងគោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ ខេត្តក្នុងតំបន់ឆ្នេរ និងខេត្តមួយចំនួនទៀត មានកំណើនគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរជាតិ ធុរជន និងវិនិយោគិន។ ទោះជាយ៉ាងនេះក្តីកំណើននៃភ្ញៀវទេសចរអន្តរជាតិអាចនឹងនៅបន្តមានភាពយឺតយ៉ាវក្នុងរយៈពេលខ្លីទៅ ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល ដែលបន្តចោទជាសម្ពាធដល់វិស័យទេសចរណ៍ក្នុងគោលដៅមួយចំនួន ដែលតែងតែអាស្រ័យលើភ្ញៀវទេសចរអន្តរជាតិ ។
ក្នុងបរិការណ៍នេះ ដោយពិនិត្យលើស្ថានភាពសង្គមសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខ័ណ្ឌ សកលលោក, តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការបន្ថែមជូនវិស័យទេសចរណ៍ រួមមានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាបសម្រាប់រយៈពេល ៣ ខែ គឺ ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៣។
ប៉ុន្តែអាជីវកម្មទាំងអស់នេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករ លើតម្លៃ បន្ថែម (EVAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។
បន្ថែមលើសពីនេះរាជរដ្ឋាភិបាលក៏បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិត ការពិន័យសម្រាប់ឆ្នាំ ២០២៣ សម្រាប់វិស័យទេសចរណ៍ និងបន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
លោក នួន ចាន់តារា អ្នកគ្រប់គ្រងសណ្ឋាគារស្តារីអង្គរ នៅខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពីទទួលបានការជូនដំណឹងពីការលើកលែងពន្ធនេះមិនត្រឹមតែសណ្ឋាគាររបស់លោកនោះទេ ប្រតិបត្តិករទេសចរណ៍ដទៃទៀតសុទ្ធតែរីករាយចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនេះ។
លោកបញ្ជាក់ថា៖ «ការបន្តលើកលែង ៣ ខែទៀតនេះ គឺបន្តជួយដល់ប្រតិបត្តិករយើង ជាពិសេសនិយោជកនៅក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ដូចជាសណ្ឋាគារ ផ្ទះសំណាក់ជាដើម គឺសន្សំការចំណាយរបស់គាត់ ទោះបីជាដើមឆ្នាំ ២០២៣ នេះ ភ្ញៀវចាប់ផ្តើមមានកំណើនឡើងវិញក៏ពិតមែន តែមិនទាន់ប្រសើរដូចមុនកូវីដ ១៩ នៅឡើយ។ ដូច្នេះការសម្រេចរបស់រាជរដ្ឋាភិបាលនេះ ពិតជាជួយបានច្រើនណាស់»។
ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងថា នេះជាក្តីរីករាយមួយសម្រាប់អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប ដែលរាជរដ្ឋាភិបាល បានមើលឃើញនូវអ្វី ដូចដែលសមាគមបានឃើញដោយប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តសាទរចំពោះការសម្រេចនេះ។ ទោះជាយ៉ាងណាលោកស៊ីណាន យល់ឃើញថា ថ្វីដ្បិតតែខេត្តសៀមរាបមានផលប៉ះពាល់ច្រើនជាងគេ ពីវិបត្តិទាំងនេះតែរាជរដ្ឋាភិបាល គួរបន្តពិចារណាការលើកលែងដូចគ្នានេះ ចំពោះខេត្តទេសចរណ៍ដទៃទៀត ព្រោះស្ថានភាពទេសចរណ៍នៅក្នុងខេត្តដទៃទៀតក៏ប្រហាក់ប្រហែលនឹងខេត្តសៀមរាបផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមអបអរសាទរនូវការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ប៉ុន្តែគួរតែអនុវត្តឱ្យបានទូលំទូលាយ ជាងនេះ ដែលមិនត្រឹមតែសៀមរាបមួយទេ ព្រោះថា នៅភ្នំពេញ និងខេត្តព្រះសីហនុ ក៏ជួបបញ្ហាច្រើនដែរ។ ដូចនេះ គោលនយោបាយមិនគួរអនុវត្តចំពោះតែទីក្រុងណាមួយនោះទេ គួរអនុវត្តឱ្យបានទូលំទូលាយជាងនេះ»។
លោកបន្តថា ក្រៅពីការលើកលែងពន្ធហើយ រាជរដ្ឋាភិបាលគួរចំណាយលុយបន្ថែមលើការផ្សព្វផ្សាយឱ្យបានច្រើនពីគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោក ខណៈដែលការផ្សព្វផ្សាយរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ នៅមានកម្រិតតិចតួចជាងបណ្តាប្រទេសជិតខាងនៅឡើយ។ ដូចនេះទាមទារឱ្យមានកញ្ចប់ថវិកាក្នុងកម្រិតណាមួយដើម្បីជំរុញការផ្សព្វផ្សាយពីមុខមាត់ និងការបើកដំណើរការឡើងវិញនៃវិស័យទេសចរណ៍នៅឆាកតំបន់ និងអន្តរជាតិ។
បើតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាលនឹងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននូវស្ថានភាពនៃវិបត្តិនៃជំងឺកូវីដ ១៩ ជាពិសេសការប្រែប្រួលនិន្នាការតំបន់ និងសកលលើសង្គមសេដ្ឋកិច្ច និងត្រៀមដាក់ចេញវិធានការបន្ថែមទៀតសំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន៕