ក្នុង​កិច្ចសម្ភាសន៍​ផ្ដាច់មុខមួយ​ជា​មួយទី​ភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ​លោក Joko Widodo ​បង្ហាញ​ទំនុកចិត្តថា ​ក្រុមហ៊ុន​ Tesla Inc ​(TSLA.O)​ នឹង​ព្រមព្រៀង​វិនិយោគ​បង្កើត​រោងចក្រផលិត​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​របស់គាត់​ ដោយគាត់​សន្យាថា ​នឹង​អាច​បន្ធូរ​បន្ថយពន្ធ ​រហូត​ដល់ផ្ដល់​សម្បទាន​រ៉ែនី​កែល​ទៀតផង​។

ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែលមាន​ទំហំ​សេដ្ឋកិច្ច​ដ៏​ធំបំផុត​នៅ​អាស៊ី​អាគ្នេយ៍​។

ប្រទេសនេះ​ កំពុង​ទាក់ទាញ​ក្រុមហ៊ុន​ Tesla​ ឱ្យវិ​និយោគ​លើការ​ផលិត​អាគុយ​និង​រថយន្ត​ចាប់​តាំងពីឆ្នាំ២០២០​។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ បានជួប​ពិភាក្សា​ជាមួយ​នាយក​ប្រតិបត្តិ​ Tesl​a លោក​ Elon Musk ចំនួន២ ​ដងរួច​មកហើយ ​ដោយ​ជួបគ្នា​ផ្ទាល់​នៅ​ឯ​រោងចក្រ​ SpaceX​ក្នុងរដ្ឋ​តិច​សាស់​កាលពី​ឆ្នាំ២០២២​​ និង​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទផង​។

មេដឹកនាំ​ឥណ្ឌូនេស៊ី ​Widodo បាន​និយាយ​ដោយ​សំដៅ​ទៅ​លើ​ការ​ផ្តល់​សម្បទាន​រ៉ែ​របស់​ឥណ្ឌូនេស៊ី​ថា​៖ «​ខ្ញុំ​បាន​និយាយ​ទៅ​គាត់​ថា​ប្រសិន​បើ​អ្នក​វិនិយោគ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ខ្ញុំនឹង​ផ្តល់​សម្បទាន​នីកែល»​។ ​លោកបន្តថា ​ប្រទេស​លោក​នឹង​លើកទឹកចិត្ត​ផ្សេងទៀត​រួមមាន​ការ​បន្ធូរ​បន្ថយ​ពន្ធ​ និង​គម្រោង​ឧបត្ថម្ភធន​លើ​ការ​ទិញរថយន្ត​អគ្គិសនី​EV​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ Tesla​បើក​ទីផ្សារ​ក្នុង​ប្រទេស​គាត់ជាដើម​។

លោក​បាន​បន្ថែមថា​ រដ្ឋមន្ត្រី​របស់​លោក​កំពុង​សិក្សា​លើ​យន្ដការ​ឧបត្ថម​ធន​សម្រាប់​ពលរដ្ឋ​ដែល​ចង់​ប្រើ​យានយន្ដ​អគ្គិសនី​ដែល​ផលិត​ក្នុងស្រុក​។

លោក​ប្រធានា​ធិបតីថា​ គាត់​មាន​ទំនុក​ចិត្តថា​ប្រទេស​ឥណ្ឌូនេ​ស៊ី មាន​សក្តានុពល​ជាង​ប្រទេស​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​ Tesla​ ប្រហែល​ជា​កំពុង​ពិចារ​ណា​ស​ម្រាប់​ការ​វិនិយោគ​នៅទីនេះ។​លោក​ Jokowi ​បាន​និយាយថា ៖​«អាស្រ័យ​លើក្រុមហ៊ុន​ Tesla​ ក្នុងការ​ទទួលយក​ការ​ផ្តល់​សម្បទាន​រ៉ែនីកែល​ ហើយ​ឥណ្ឌូនេស៊ី​បើក​ចំហចំពោះ​ការវិនិយោគ​នៅក្នុង​ខ្សែ​ចង្វាក់​ ផ្គត់ផ្គង់​អាគុយ​ EV និងរ​ថយ​ន្តអគ្គិ​សនី។​វាមិនអី​ទេប្រសិន​បើពួក​គេចង់​ចាប់​ផ្តើមពីថ្ម​ EV​»។

រ៉យទ័រ​មិន​អាចទាក់ទង​Tesl​a ដើម្បី​ឆ្លើយ​តបភ្លាមៗទេ​។

អ្នកវិភាគ​ប៉ាន់​ប្រមាណថា ​Tesla​ នឹង​ត្រូវ​សាងសង់ ​"gigafactories"​ ចំនួន៧​ ឬ៨​ បន្ថែម​ទៀតដើម្បី​បំពេញ​តាម​គោលដៅ​របស់ ​លោក​Musk​ ក្នុង​ការ​លក់​រថយន្ត​អគ្គិសនី​ចំនួន ២០​លា​ន​គ្រឿង ​នៅឆ្នាំ ២០៣០។

ក្រៅពី​ប្រទេស​ឥណ្ឌូនេស៊ី ​កូរ៉េ​ខាងត្បូង​ កាណាដា ​និង​ម៉ិកស៊ិក​ បាននឹ​ង​កំពុង​ប្រជែង​គ្នាទាក់​ទាញ​ក្រុមហ៊ុន​ Tesla​។

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ម៉ិកស៊ិក ​បាន​និយាយ​កាលពីថ្ងៃ​អង្គារថា​ ក្រុមហ៊ុន​ Tesla កំពុង​ពិចារណា​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី ​នៅជិត​អាកាស​យានដ្ឋាន​ម៉ិកស៊ិកថ្មី​។

ក្រុ​មអ្នកវិភាគ ​លើក​ឡើងថា​ ម៉ិកស៊ិក​ទំនងជា​អាចមាន​លទ្ធភាពឈ្នះ​ក្នុង​ការ​ទាញ​ក្រុមហ៊ុន​ Tesla​ ដោយសារ​តែ​ប្រទេសនេះ ​នៅជិត​សហរដ្ឋ​អាមេរិក​ស្រាប់។

ប្រសិន​បើ​ក្រុមហ៊ុន ​Tesla​ វិនិយោគ​លើការ​ផលិតថ្ម​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ វានឹង​ក្លាយជា​កន្លែង​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ទ្វីបអាស៊ី។ ​កាលពីខែមុន ​ក្រុមហ៊ុន​បាន​ប្រកាស​ការ​វិនិយោគ​ចំនួន ៣,៦ ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​ការ​ផលិតថ្ម​នៅ​រោងចក្រ​ Nevada​ របស់ខ្លួន​។

ប្រធានា​ធិបតីឥណ្ឌូ​នេស៊ី​Jokowi ​ កាលពី​ឆ្នាំ ២០២០​បាន​ហាមឃាត់​ការ​នាំចេញ​រ៉ែនីកែល​ ដើម្បីលើក​ទឹកចិត្ត​អ្នក​វិនិយោគ​ឱ្យ​បង្កើត​ខ្សែចង្វាក់​ ផ្គត់ផ្គង់​បង្កើត​រោងចក្រ​ផលិត​អាគុយ​ និង រថយន្ដ​អគ្គិសនី ​ដោយ​ប្រើវត្ថុធាតុ​ដើម្បី​ក្នុង​ស្រុកតែម្ដង​។

ប្រទេស​ឥណ្ឌូនេស៊ី​ក៏ជា​ទីចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​លើ​ការផលិត​ EV ​ឬ​ថាមពលថ្ម​ផងដែរ​ ក្នុងនោះ​មាន​ក្រុមហ៊ុន​ Hyundai Motor Co (005380.KS) ​របស់កូរ៉េខាងត្បូង ​និង ​LG ​Energy Solution ដែល​បានសាងសង់​រោងចក្រ ​EV ​និង​អាគុយរួច​មក​ហើយនោះ​។​

មន្ត្រី​ឥណ្ឌូនេស៊ី​កាលពីឆ្នាំ​មុន​បាន​និយាយ​ថា​ក្រុមហ៊ុន​ Tesla បាន​ចុះ​ហត្ថលេខា​លើកិច្ច​សន្យាដែល​មាន​តម្លៃ​ប្រហែល ៥​ពាន់​លានដុល្លារ ​ដើម្បី​ទិញ​សម្ភារៈ​សម្រាប់​ថ្ម​របស់​ពួកគេ​ពី​ក្រុមហ៊ុន​កែច្នៃ​នីកែល​៕