​ភ្នំពេញៈ កម្ពុជា​រំពឹងថា ព្រឹត្តិការណ៍​ធំៗ​ចំនួន​៣ ដែល​គ្រោង​សហការ​រៀបចំ​ជាមួយ​សមាគម​មួយ​មកពី​ប្រទេស​ចិន នឹង​ក្លាយជា​ចំណែក​១​ក្នុងការ​ទាក់ទាញ​អ្នកទេសចរ​ចិន​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​កម្ពុជា​ប្រមាណ ១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣​នេះ ខណៈ​វិបត្តិ​កូ​វីដ​១៩​បានធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​ចិន​ធ្វើដំណើរ​មក​កម្ពុជា​ធ្លាក់ចុះ​យ៉ាងគំហុក​នា​រយៈពេល​ជិត​៣​ឆ្នាំកន្លងមក​។​

​បណ្តាញ​សង្គម​ផ្លូវការ​«​ហ្វេ​ស​ប៊ុ​ក​»​របស់​ក្រសួងទេសចរណ៍ ឱ្យដឹងថា​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បាន​ជួប​សន្ទនា​ជាមួយ លោក Du TianQiao​នាយក​ប្រតិបត្តិ​សមាគម​សហប្រតិបត្តិការ​ធុរកិច្ច និង​សេដ្ឋកិច្ច​តំបន់ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​និង​ក្រុម​ប្រតិភូ ដើម្បី​ពិភាក្សា និង​ផ្លាស់់ប្តូរ​យោបល់​សំដៅ​ជំរុញ​លំហូរ​ទេសចរ​ចិន​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​ប្រមាណ ១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣​។ ឆ្នាំ​២០២៣ ក៏​ជា​ខួប​លើក​ទី​៦៥ នៃ​ចំណង​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​ផងដែរ​។​

​ក្រសួង​ឱ្យដឹងទៀតថា ដើម្បី​ជំរុញ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ ក្រសួង​គ្រោង​នឹង​សហការគ្នាជាមួយ​ភាគី​ចិន និង​ផ្នែក​ពាក់ព័ន្ធ​សម្រាប់​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន ៣ គឺ​ទី​១ ព្រឹត្តិការណ៍​ទេសចរណ៍វប្បធម៌ និង​កីឡា​ (​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​, វាយកូនគោល ជាពិសេស​ការសម្តែង​ក្បាច់គុន​សៅ​លិញ​របស់​សាកលវិទ្យាល័យ​សៅ​លិញ រួមជាមួយ ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា នៅមុន​ព្រឹត្តិ ការណ៍ SEA Games លើក​ទី​៣២ នៅ​រាជធានី​ភ្នំពេញ​, ទី​២ វេទិកា​ធុរកិច្ច​និង​វិនិយោគ​ទេសចរណ៍​កម្ពុជា​-​ចិន​, និង​ទី​៣ រៀបចំ​ព្រឹត្តិការណ៍​តន្ត្រី​កម្ពុជា​-​ចិន ដែលមាន​តារា​ល្បីៗ​របស់​ចិន និង​កម្ពុជា​ចូលរួម​។​

​លោក ថោង ខុន បាន​និយាយថា​៖«​ដើម្បីឱ្យ​ផែនការ​នេះ​អាច​ដំណើរការ​ទៅមុខ​ដោយ​រលូន ខ្ញុំ​ស្នើឱ្យ​សមាគម​រៀបចំ​គម្រោង​ច្បាស់លាស់ និង​ផែនការ​លម្អិត ដើម្បី​អាចឱ្យ​ក្រសួងទេសចរណ៍​កម្ពុជា​ពិនិត្យ និង​ផ្តល់យោបល់ ព្រមទាំង​បង្កើត​ក្រុមការងារ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ទាំងនេះ​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​២ ខែកុម្ភៈ​ថា មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​១៩ ទេសចរ​ចិន​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដោយមាន​ចំនួន​រហូតដល់​ជាង ២​លាន​នាក់​ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​សរុប​ជាង ៦,៦​លាន​នាក់​(​ឆ្នាំ​២០១៩) ដែល​ធ្វើដំណើរ​មក​កម្ពុជា​។

ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា និង​ការប្រកាស​ដកចេញ​នូវ​វិធានការ​កូ​វីដ​១៩ សូន្យ​របស់​រដ្ឋាភិបាល​ចិន នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ជាច្រើន​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​។​

​លោកស្រី​ប្រាប់ទៀតថា ព្រឹត្តិការណ៍​ទេសចរណ៍​នានា ពិសេស​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​រយៈពេល​ជាង ៩០​ថ្ងៃ​ខាងមុខ ក៏​ជា​ផ្នែក​ដ៏​សំខាន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ពិសេស​មកពី​ប្រទេស​ចិន​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ផងដែរ​។​

​លោកស្រី​ថ្លែងថា​៖«​តាម​ការ​ព្យាករ​ក្នុង​ឆ្នាំ​២០២៣ នេះ​កម្ពុជា​រំពឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​បរទេស ៤​លាន​នាក់ ដោយ​ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ចិន​អាចមាន​យ៉ាងហោច ១​លាន​នាក់​។ ភ្ញៀវទេសចរ​ចិន នឹង​ជួយ​បំពេញ​ឱ្យចំ​នួន​ភ្ញៀវ​ដទៃទៀត​ដែល​ចូលមក​ទស្សនា​នៅ​កម្ពុជា​នៅមានកម្រិត​»​។​

​លោក​ខៀវ​ធី​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ បាន​និយាយថា ចំនួន​ភ្ញៀវទេសចរ​បរទេស រួមទាំង​ជនជាតិ​ចិន ដែល​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​បាន​កើនឡើង​វិញ​ជា​បណ្តើរៗ​ហើយ ខណៈ​ចន្លោះ​ពី​ឆ្នាំ​២០២០-២០២២ គឺ​ស្ទើរតែ​គ្មាន​សោះ​។ ការមកដល់​របស់​ភ្ញៀវទេសចរ​បរទេស គឺជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​។

លោក​បន្តថា ក្នុង​រយៈពេល​ជិត ៣​ឆ្នាំកន្លងមក​មាន​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើនរូប បាន​ចាក​ចេញទៅ​ធ្វើការ​ក្នុង​វិស័យ​ផ្សេងៗ​។​

​លោក​អះអាងថា​៖«​ខ្ញុំ​រំពឹងថា អ្នក​ដែល​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​នឹង​ទទួលបាន​ការងារ​ធ្វើ​ច្រើន​ឡើងវិញ ព្រោះ​បច្ចុប្បន្ន​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ក្នុង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២ ខែមករា​បានប្រកាសថា កម្ពុជា​នឹង​បើកទទួល​ភ្ញៀវ​បរទេស​ពី​គ្រប់​តំបន់​ដោយ​មិនមាន​ការរើសអើង​។ លោក​បន្ថែមថា នេះ​ជា​ឱកាស​ដ៏​ល្អ​របស់​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ក្នុងការ​ស្រូប​ទាញ​ភ្ញៀវទេសចរ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​។​

​បន្ទាប់ពី​ត្រូវ​អាក់ខាន​យ៉ាងយូរ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែមករា បានទទួល​ជើងហោះហើរ​ជា​លើកដំបូង​មកពី​ប្រទេស​ចិន ជាមួយនឹង​វត្តមាន​ភ្ញៀវទេសចរ និង​ក្រុម​អ្នកបម្រើ​ការ​លើ​យន្តហោះ​សរុប​១២០​នាក់​។​អ្នកដំណើរ​និង​ភ្ញៀវទេសចរ​ចិន​ទាំងនោះ គឺ​ធ្វើដំណើរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​គួ​ន​មីង ខេត្ត​យូ​ណាន ប្រទេស​ចិន តាមរយៈ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Ruili Airline​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ កើនឡើង ១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១ ក្នុងនោះ​ភ្ញៀវ​ម​ពី​ប្រទេស​ថៃ មាន​ចំនួន​ច្រើនជាងគេ គឺ ៨៥៣ ៣៧៦​នាក់ កើនឡើង ៩៤២,៧​ភាគរយ​, វៀតណាម ចំនួន ៤៦៣ ៩៩៥​នាក់ កើនឡើង ១៩៩៧,៦​ភាគរយ និង​មកពី​ប្រទេស​ចិន ១០៦ ៨៧៥​នាក់ កើនឡើង ១៣៣,៥​ភាគរយ​។

ចំណែក​ឆ្នាំ​២០១៩ ដែលជា​ពេល​កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ច្រើន​បំផុត គឺមាន​ចំនួន​សរុប ៦,៦១​លាន​នាក់ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ចិន មាន​ចំនួន ២,៣៦​លាន​នាក់​៕