ភ្នំពេញៈ ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) និង​សមាគម​វិនិយោគិន​នវានុវត្តន៍ និង​អភិវឌ្ឍន៍​ (IDI) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU)​ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​តំបន់ និង​ពិភពលោក​ឱ្យបាន​កាន់តែច្រើន​។​

MoU ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក សរ សារិន អនុប្រធាន CBC និង​លោក ហោ សេរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល IDI នា​ថ្ងៃទី​ ១ ខែកុម្ភៈ នៅ​ការិយាល័យ IDI​។​

​លោក សរ សារិន បានឱ្យដឹងថា CBC បាន​បង្កើតឡើង​ជាង ២​ ឆ្នាំ​មកហើយ ដើម្បី​លើកកម្ពស់​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅកាន់​បរទេស ជាពិសេស​ជំរុញ​ផលិតផល​ក្នុងស្រុក​ទៅកាន់​ពិភពលោក​។ ជាមួយគ្នានេះ​ស្ថាប័ន​មួយ​នេះ ក៏មាន​តួនាទី​ធ្វើជា​ស្ពាន​ត​ភ្ជាប់​រវាង​វិនិយោគិន និង​វិនិយោគិន ក្នុង​ការបង្កើត​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​ស្វែងរក​ភាពជា​ដៃគូ ឬ​ការវិនិយោគ​រួម​សម្រាប់​ជំរុញ និង​លើកកម្ពស់​ការវិនិយោគ និង​ពាណិជ្ជកម្ម​។​

​លោក​លើកឡើងថា កិច្ចសហប្រតិបត្តិការ​ជាមួយ IDI គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​សម្រាប់ CBC ដែលមាន​វិនិយោគិន​ជាច្រើន​នៅ​បរទេស​ហើយ​មានបំណង​ចង់​ធ្វើ​អាជីវកម្ម និង​វិនិយោគ​នៅ​កម្ពុជា គឺ​ពួកគេ​អាច​ស្វែងរក​ឱកាស​អាជីវកម្ម និង​វិនិយោគ​ណាមួយ​តាមរយៈ IDI ដែលមាន​ក្រុមចម្រុះ​នៃ​វិនិយោគិន និង​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​ជាច្រើន​។​

​លោក​ថ្លែងថា​៖ «​យើង​ជា​ដៃគូ​ដ៏​ត្រឹមត្រូវ​ដែល​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​។ យើង​ចែករំលែក​ចក្ខុវិស័យ និង​បេសកកម្ម​ដូចគ្នា​ដើម្បី​ពង្រីក​ផលិតផល​ក្នុងស្រុក​របស់​យើង​ទៅ​បរទេស និង​នាំយក​វិនិយោគិន​បរទេស​បន្ថែមទៀត ដើម្បី​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​»​។​

​លោក ហោ សេរី​វឌ្ឍន៍ បានឱ្យដឹងថា សមាគម​វិនិយោគិន​នវានុវត្តន៍ និង​អភិវឌ្ឍន៍ ​(IDI)​ និង ID Capital PLC (IDC)​ បាន​បង្កើត​នៅ​ឆ្នាំ​ ២០២១ ក្នុង​គោលបំណង​ក្លាយទៅជា​មជ្ឈមណ្ឌល​វិនិយោគ​របស់​កម្ពុជា​ក្នុងន័យ​កសាង​បណ្តាញ​វិនិយោគិន ដើម្បី​ទាញយក​ជំនាញ និង​ធនធាន​ក្នុងស្រុក ស្វែងរក​គម្រោង​វិនិយោគ និង​សម្រេចបាន ប្រាក់ចំណេញ​ខ្ពស់​លើ​ការវិនិយោគ​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​គ្រឹះស្ថាន​របស់លោក មាន​សមាជិក​ចំនួន ​១០១​ នាក់ ជាមួយនឹង ១៩​ គម្រោង​ក្នុង​ផលប​ត្រ​វិនិយោគ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​អចលនទ្រព្យ កសិកម្ម និង​វិស័យ​សេវាកម្ម​។​

​លោក​បញ្ជាក់ថា MoU ជាមួយ CBC នឹង​ក្លាយជា​កាតាលីករ​ថ្មី​មួយទៀត​ក្នុងការ​ពង្រីក​បណ្តាញ​ធុរកិច្ច​នៅក្នុង​ចំណោម​វិនិយោគិន និង​ធុរជន​ចម្រុះ ដែល​អាច​ផ្តល់​ការគាំទ្រ​កាន់តែច្រើន ហើយ​ស្ថាប័ន​ទាំង​ ២​ នឹង​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុងការ​ទាក់ទាញ​ផ្នែក​ធុរកិច្ច និង​ការវិនិយោគ​កាន់តែច្រើន​មក​កម្ពុជា ទន្ទឹមនឹង​ការបង្កើន​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ជឿថា​ការសហការ​នេះ​នឹង​ក្លាយជា​សម្ទុះ​ថ្មី​មួយ ដើម្បី​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​ជាមួយនឹង​ក្រុម​ជំនាញ និង​អ្នកជំនាញ​របស់​យើង ខណៈ​យើង​ក៏មាន​គម្រោង​ជាច្រើន​នៅក្នុង​ផែនការ​ផងដែរ​»៕