ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន បាន​អះអាងថា គម្រោង​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់ ទៅកាន់​កំពង់ផែ​សមុទ្រ​នៃ​ខេត្តកំពត ដែល​រាជរដ្ឋាភិបាល​ទើប​បញ្ចប់​ការសិក្សា​លម្អិត និង​អាច​ចាប់ផ្តើម​អភិវឌ្ឍ​នាពេលខាងមុខ នឹង​ផ្តល់​ផលចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យដឹងថា ក្នុងជំនួប​ជាមួយ​លោក Rajeev Kannan នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​សាជីវកម្ម​ធនាគារ ស៊ូ​មី​តូ​ម៉ូ ម៉ី​ត​ស៊ុយ Sumitomo Mitsui Banking Corporation (SMBC)​កាលពី​ថ្ងៃទី​ ៣០ ខែមករា រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ដៃគូ​សន្ទនា​ថា ពេលនេះ​គម្រោង​ការជីក​ព្រែក​ត​ភ្ជាប់​ទន្លេបាសាក់​ទៅ​កំពង់ផែ​សមុទ្រ​ខេត្តកំពត ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក គឺ​បាន​សិក្សា​លម្អិត​រួចហើយ ដោយ​ការជីក​ព្រែក​នោះ​នឹង​មិនមាន​ផលប៉ះពាល់​ច្រើន​ឡើយ​។​

​លោក ចាន់ថុល បាន​និយាយថា​៖ «​គម្រោង​ការជីក​ព្រែក​ភ្ជាប់​ទន្លេបាសាក់​ទៅ​កំពង់ផែ​សមុទ្រ​នៃ​ខេត្តកំពត ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ បាន​សិក្សា​លម្អិត​រួចហើយ​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្លូវច្បាប់​។ បើ​យើង​រកបាន​ដៃគូ​អភិវឌ្ឍន៍ ហើយ​ធ្វើ​ឱ្យចេញ​ជា​រូបរាង​នោះ វា​នឹង​ក្លាយជា​គម្រោង​ប្រវត្តិសាស្ត្រ ដែល​នឹង​ផ្លាស់ប្តូរ​មុខមាត់​កម្ពុជា​ទាំងមូល​ក្នុង​វិស័យ​នាវាចរណ៍​»​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ​ថា គម្រោង​ជីក​ព្រែក​បើកផ្លូវ​នាវាចរណ៍​ត​ភ្ជាប់​ពី​ទន្លេបាសាក់ ​(​ខេត្តកណ្តាល​) ទៅ​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្តកំពត នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដែល​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​នៃ​វិស័យ​ឡូ​ជី​ស្ទិ​ក​កម្ពុជា​។ វា​នឹង​ក្លាយជា​ចំណែក​សំខាន់​ក្នុង​ការបង្កើន​សក្តានុពល​ពាណិជ្ជកម្ម​អន្តរជាតិ ពិសេស​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​។

លោក​បន្តថា គ្រប់​វិនិយោគិន​ទាំងអស់ គឺ​មុននឹង​សម្រេចចិត្ត​បណ្តាក់ទុន​នៅ​កន្លែង​ណា​គេ​តែងតែ​សិក្សា​យ៉ាង​លម្អិត​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ព្រោះ​ការដឹកជញ្ជូន​គឺជា​ចំណែក​មួយ​ដែល​ធ្វើឱ្យមាន​បម្រែបម្រួល​ទៅលើ​ថ្លៃដើម​ផលិត​។​

​លោក​បញ្ជាក់ថា​៖ «​នៅពេល​គម្រោង​នេះ​ដាក់ឱ្យ​ប្រើប្រាស់ វា​នឹង​ក្លាយជា​ចំណែក​ដ៏​សំខាន់​ដែល​ចូលរួម​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ក្រៅប្រទេស​។ ជាធម្មតា​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក តែងមាន​តម្លៃ​ទាប​ជាង​ការដឹកជញ្ជូន​តាមផ្លូវ​គោក​អាកាស ហើយ​បរិមាណ​ទំនិញ​ដឹក​តាម​ផ្លូវទឹក​ក៏បាន​ច្រើន និង​មិន​បង្ក​ការខូចខាត​ដល់​ផ្លូវថ្នល់ និង​ការកកស្ទះ​ចរាចរណ៍​ផងដែរ​»​។​

​លោក​បន្ថែមថា មធ្យោបាយ​ដឹកជញ្ជូន​សម្បូរបែប និង​ចម្រុះ គឺជា​មេដែក​មួយ​ក្នុងការ​ស្រូប​ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក៏​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដូចជា ការធ្វើ​បច្ចុប្បន្នភាព​ច្បាប់​វិនិយោគ ការកាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ផ្នែក​ពាណិជ្ជកម្ម និង​ការបើក​ទីផ្សារ​នាំចេញ​ឱ្យបាន​កាន់តែ​ធំ​។​

​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា​ ​លោក ស៊ិន ច​ន្ធី បានឱ្យដឹងថា គម្រោង​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​កម្ពុជា ពិសេស​គេ​អាច​ប្រើប្រាស់​ផ្លូវទឹក​ខាងលើ​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ដោយផ្ទាល់​ទៅ​កំពង់ផែ​សមុទ្រ​។ នៅពេល​ប្រព័ន្ធ​ដឹកជញ្ជូន​កាន់តែ​សម្បូរ មាន​ភាពងាយស្រួល និង​ឆាប់រហ័ស វា​នឹង​ធ្វើឱ្យ​តម្លៃ​កាន់តែ​ទាប និង​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​។​

​លោក​អះអាងថា​៖ «​នៅពេល​មាន​ផ្លូវទឹក​នេះ ការដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​ផលិតផល​កសិកម្ម នឹង​កាន់​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​»​។​

​បច្ចុប្បន្ន​បើ​គេ​ចង់​ដឹកទំនិញ​តាមផ្លូវ​ទឹក​ចេញពី​កំពង់ផែ​ភ្នំពេញ ទៅ​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្តកំពត ឬ​ខេត្ត​ព្រះសីហនុ គឺ​ត្រូវ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។ នេះ​បើ​យោងតាម​លោក ស៊ិន ច​ន្ធី​៕