
វិភាគដោយ៖ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

តម្លៃមាស បាននិងកំពុងស្ថិតនៅក្នុងទិសដៅធ្លាក់ចុះ គិតក្នុងតម្លៃគិតជាសប្តាហ៍បន្ទាប់ពីបានកើនឡើង ៦ សប្តាហ៍ជាប់ៗគ្នា ពីតម្លៃប្រហែល ១ ៧៩១ ដល់ ១ ៩២៥ ដុល្លារ (ក្នុង ១ អោនស៍)។ និន្នាការធ្លាក់ចុះនេះបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍
មុន។
ការធ្លាក់ចុះនេះ គឺមានសារៈសំខាន់ណាស់ ខណៈតម្លៃដែលនៅក្រោមកម្រិតទាប ១ ៨៨០ ដុល្លារ គឺជាគោលដៅរយៈពេលខ្លីបន្ទាប់សម្រាប់ការលក់ ហើយកម្រិតតម្លៃខ្ពស់ ១ ៩៥០ ដុល្លារ គឺសម្រាប់ទិសដៅកើនឡើងក្នុងខែកុម្ភៈ។ សម្រាប់ការវិភាគរយៈពេលវែង ដោយផ្អែកលើ Candlestick ប្រចាំថ្ងៃ មាសស្ថិតនៅក្នុងទិសដៅកើនឡើងរយៈពេល ៣ ខែ ហើយគោលដៅតម្លៃកើនឡើងបន្ទាប់គឺនៅពេលតម្លៃឡើងជិតដល់កម្រិតតម្លៃខ្ពស់ ២ ០០០ ដុល្លារ។
តម្លៃមាសក៏ត្រូវបានរងសម្ពាធពីកត្ដាព័ត៌មានទាក់ទងនឹងអត្រាការប្រាក់សហរដ្ឋអាមេរិកផងដែរ។ គេហទំព័រ Investing.com បានរាយការណ៍ថា៖ «តម្លៃមាសបានធ្លាក់ចុះកាលពីថ្ងៃអង្គារ ដោយស្ថិតនៅក្រោមសម្ពាធពីប្រាក់ដុល្លារដែលកាន់តែរឹងមាំ នៅពេលដែលការប្រុងប្រយ័ត្នត្រូវបានចាប់ផ្តើមនៅមុនកិច្ចប្រជុំរបស់ធនាគារកណ្ដាលនៅសប្តាហ៍នេះ»។
ចំពោះការរំពឹងទុកនៃទិន្នន័យការងារនៅសហរដ្ឋអាមេរិក ក៏មានភាពតឹងតែងដែលបណ្តាលឱ្យតម្លៃមាសប្រែប្រួលក្នុងចន្លោះពី ១ ៩៣៤ ទៅ ១ ៩២០ ដុល្លារ។ សម្រាប់ការប្រែប្រួលប្រចាំម៉ោង តម្លៃមាសកំពុងត្រូវបានដាក់សម្ពាធទៅក្នុងកម្រិតទាប ខណៈដែលអ្នកជួញដូរកំពុងត្រៀមខ្លួនសម្រាប់កិច្ចប្រជុំរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅថ្ងៃពុធ»៕
