
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ពីសារៈសំខាន់នៃជំនួយពាណិជ្ជកម្ម ពីក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF)។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីការសំណូមពរ ទៅកាន់លោក Ratnakar Adhikari នាយកប្រតិបត្តិនៃក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) អំពីកិច្ចការសំខាន់ៗដែលក្របខ័ណ្ឌពង្រឹងសមាហរណកម្ម អាចចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជាបន្ថែមទៀត។
ក្នុងនោះរួមមាន ការពង្រីកវិសាលភាពនៃគម្រោង Go4eCAM ការអភិវឌ្ឍសមត្ថភាពពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបច្ចុប្បន្នភាពឯកសារយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា និងការត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ ក្នុងអំឡុងពេលទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ratnakar Adhikari កាលពីថ្ងៃទី២ខែកុម្ភៈ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់នៃជំនួយពាណិជ្ជកម្ម ក្នុងការបង្កើនឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងប្រទេសកម្ពុជាផងដែរ។
បើតាមលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) តែងតែផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា តាមរយៈគម្រោងនានាដែលមានគោលដៅអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មនៅកម្ពុជា។
សមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក តាមរយៈការអនុវត្តគម្រោងដែលទទួលបានការគាំទ្រពីក្របខ័ណ្ឌពង្រឹងសមាហរណកម្ម ក្នុងនោះរួមមាន៖ គម្រោង EIF Tier 1, កម្មវិធីការធ្វើពិពិធកម្ម និងពង្រីកការនាំចេញ (CEDEP I), CEDEP II, កម្មវិធីគាំទ្រដល់និរន្តរភាព (SSP), យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) 2019-23, យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ដែលបាននិងកំពុងអនុវត្តដោយក្រសួងពាណិជ្ជកម្ម៕