​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានរួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ក្នុងការ​ចាត់វិធានការ​ដល់​សកម្មភាព​ផ្សព្វផ្សាយ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ជាពិសេស​សេវា​ឥណទាន​តាមរយៈ​ទូរស័ព្ទ និង​បណ្តាញ​សង្គម​នានា​ដែល​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​ពុំ​សូវ​មានការ​យល់ដឹង​អំពី​លក្ខខណ្ឌ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​ធ្វើឱ្យ​ធ្លាក់​ក្នុង​បំណុល​ច្រើន​លើសលប់​។​

​បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​ស្ថាប័ន​ទាំង ២ នា​ថ្ងៃទី​ ២ ខែកុម្ភៈ គឺ​គេ​សង្កេតឃើញ​មាន​សកម្មភាព​ផ្សព្វផ្សាយ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ជាពិសេស​សេវា​ឥណទាន​តាមរយៈ​ទូរស័ព្ទ បណ្តាញ​សង្គម​នានា និង​អន​ឡាញ​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ធ្វើឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង​បាន​បង្ក​ផលវិបាក​ជាច្រើន​ទៅលើ​សេដ្ឋកិច្ច និង​សង្គម​តាមរយៈ​ការកំណត់​អត្រា​ការប្រាក់​ខ្ពស់​ហួសហេតុ ការគំរាមកំហែង​បំភិតបំភ័យ ការអនុវត្ត​កិច្ចសន្យា​មិន​សុចរិត​ដោយ​បង្កប់​នូវ​ការ​កេងចំណេញ​ហួសហេតុ​ពី​អ្នក​ខ្ចីប្រាក់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​ធ្លាក់​ក្នុង​បំណុល​ច្រើន​លើសលប់​។ ការណ៍​នេះ​បាន​ជះឥទ្ធិពល​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ជំនឿ​ទុកចិត្ត​របស់​សាធារណជន បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ទាំងមូល​។​

​សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹង​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់​ដល់​ការផ្តល់​ឥណទាន​ខុសច្បាប់ និង​ការផ្សព្វផ្សាយ​នានា​តាម​គ្រប់​រូបភាព​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចៀសវាង​ដាច់ខាត​ចំពោះ​ការខ្ចីប្រាក់​ពី​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ដែល​ពុំមាន​ការអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ ដើម្បីឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ចាត់វិធានការ​ផ្លូវច្បាប់​ទាន់ពេលវេលា សូម​ប្រជាពលរដ្ឋ​ដែលមាន​ព័ត៌មាន​ពាក់ព័ន្ធ​សកម្មភាព​ផ្តល់​ឥណទាន​ខុសច្បាប់​រាយការណ៍​»​។​

​លោក តូច ចៅ​ចេក ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​ស្ថាប័ន​ទាំង​២ ដោយ​លោក​លើកឡើងថា មាន​ស្ថាប័ន​មិន​ស្របច្បាប់​ជាច្រើន​បានផ្តល់​កម្ចី​តាម​អន​ឡាញ ឬ​បណ្តាញ​សង្គម ឬ​តាម​ទូរស័ព្ទ​ដែល​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​មុខមាត់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​។​

​លោក​ថ្លែងថា​៖ «​យើង​តែង​ទទួលបាន​ការណែនាំ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​អំពី​ការផ្តល់​កម្ចី​ជូន​អតិថិជន គឺ​យើង​ត្រូវតែ​ធ្វើការ​ណែនាំ​ដល់​អតិថិជន ដោយ​ត្រូវ​ប្រាប់​ច្បាស់​អំពី​អត្រា​ការប្រាក់ គោលបំណង​នៃ​ការប្រើប្រាស់​កម្ចី រយៈពេល​សង​ត្រឡប់ និង​ការសង​ទាំង​ដើម ទាំង​ការ ជាដើម​»​។

​លោក​បន្ថែមថា សម្រាប់​ក្រុម​អ្នកផ្តល់​កម្ចី​ក្រៅផ្លូវការ ឬ​តាម​អន​ឡាញ​គឺ​ភាគច្រើន​ជា​កម្ចី​រហ័ស​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ និង​មានការ​ចំណាយ​នូវ​សេវា​ផ្សេងៗ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​ខ្ចី​ងាយ​នឹង​ធ្លាក់​ទៅ​បំណុល​វណ្ឌ​ក និង​ប៉ះពាល់​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ស្របច្បាប់​។​

​ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវ​ការដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា រួមមាន​ធនាគារពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​គ្រឹះស្ថាន​ទាំងនេះ​ស្ថិតក្រោម​ច្បាប់ និង​បទ​ប្បញ្ញត្តិ និង​ការត្រួតពិនិត្យ​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ទាំងអស់នេះ​បាន​ត្រូវការពារ​ដោយ​ច្បាប់​៕