​ភ្នំពេញៈ ​ថ្លែង​ក្នុង​កម្មវិធី AMCHAM BUSINESS LAW CONCLAVE ២០២៣ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត រី​ជិន​ស៊ី រាជធានី​ភ្នំពេញ​ថ្ងៃទី ២ ខែកុម្ភៈ មន្ត្រី​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា តុលាការ​ពាណិជ្ជកម្ម​អាច​នឹង​ត្រូវបាន​បង្កើត​ឡើង​និង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៤ ខាងមុខនេះ​។​

​លោក ជីវ សុង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌បានឱ្យដឹងថា ជាមួយគ្នានេះ ក្រសួងយុត្តិធម៌​បានសម្រេច​បង្កើត​គណៈកម្មកា​រ​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម តាមរយៈ​លិខិត​លេខ ០៣ ចុះ​ថ្ងៃទី​ ២១ ខែ មករា ឆ្នាំ​ ២០២១​។ គណៈកម្មការ​នេះ​មាន​តួនាទី រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​ការដាក់ឱ្យ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម នៅតាម​សាលាជម្រះក្តី​ជាន់​ទាប​និង​សាលាជម្រះក្ដី​ជាន់ខ្ពស់ សិក្សា​និង​រៀបចំ​ទីតាំង​សម្រាប់​តុលាការ​ពាណិជ្ជកម្ម រៀបចំ​បទ​ប្បញ្ញត្តិ ស្តីពី​នីតិវិធី​ពាណិជ្ជកម្ម និង​កំណត់​ប្រភេទ​វិវាទ​ពាណិជ្ជកម្ម​។

​គណៈកម្មការ​នេះ​បាន​ប្រជុំ​ពិភាក្សាគ្នា​ជា​បន្តបន្ទាប់ ដើម្បី​កំណត់​ទិសដៅ​ផែនការ សកម្មភាព និង​គោល​គំនិត​សំខាន់ៗ ក្នុងការ​តាក់តែង បទ​ប្បញ្ញត្តិ​ស្តីពី នីតិវិធី​ពាណិជ្ជកម្ម និង​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​នានា ដែល​ចាំបាច់​សម្រាប់​ដាក់ឱ្យ​ដំណើរការ តុលាការ​ពាណិជ្ជកម្ម ១ ដែលមាន​លក្ខណៈ ឯករាជ តម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព និង​គ្មាន​អំពើពុករលួយ មាន​ភាពងាយស្រួល​ប្រើប្រាស់ ដល់​ភាគី​វិវាទ និង​ដោះស្រាយ​វិវាទ បាន​ឆាប់រហ័ស​។

​លោក​ថ្លែងថា រហូតមកដល់​ពេលនេះ គណៈកម្មការ​បាន​តាក់​តែង សេចក្តីព្រាងច្បាប់ ស្តីពី​នីតិវិធី​ពាណិជ្ជកម្ម ក៏ដូចជា លើកឡើង​នូវ​សំណើ​គម្រោង​ទាក់ទង​នឹង​ការរៀប​រចនាសម្ព័ន្ធ តុលាការ​ពាណិជ្ជកម្ម ១ នៅ​រាជធានី​ភ្នំពេញ ដែលមាន​លក្ខណៈ​ឯករាជ ពី​សាលាដំបូង​រាជធានី​ខេត្ត ទាំង​ផ្នែក​រដ្ឋបាល ហិរញ្ញវត្ថុ ការកំណត់​នូវ​ដែន​សមត្ថកិច្ច​តុលាការ​ពាណិជ្ជកម្ម ដែល​សង្ឃឹម​ទូទាំងប្រទេស លើ​វិវាទ​កិច្ចសន្យា ពាណិជ្ជកម្ម រឿងក្តី​ក្ស័យធន​កម្មសិទ្ធិបញ្ញា រឿងក្តី​ពន្ធដារ ពាណិជ្ជកម្ម​អន្តរជាតិ ជាដើម​។

​លោក​បន្តថា ក្រោយពី​បង្កើត​គណៈកម្មការ​នេះហើយ គណៈកម្មការ​បាន​ប្រជុំគ្នា​ច្រើនដង ដែល​កិច្ចប្រជុំ​នេះ​បាន​រកឃើញ​ចំណុច​មួយចំនួន ដែល​ច្បាប់​ចែងថា តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ និង​តុលាការ​ឯកទេស​មួយចំនួនទៀត ត្រូវ​នៅក្រោម​សាលាដំបូង​រាជធានី ខេត្ត​។ ប៉ុន្តែ​គណៈកម្មការ​បាន​រកឃើញ​ថា បើ​នៅក្រោម​សាលាដំបូង​រាជធានី​ខេត្ត​ដែល​ដាក់ឱ្យ​ដំណើរការ​ទូទាំងប្រទេស គឺ​តុលាការ​ថ្មី​នេះ​នៅមាន​ចំណុច​ខ្វះខាត​ច្រើន​។

​លោក​បញ្ជាក់ថា​៖«​ទី​១ យើង អត់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ទី​២ យើង​អត់​មាន​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជាមួយ​តុលាការ​ពាណិជ្ជកម្ម ទី​៣ អត់​ទាន់​មាន​នីតិវិធី ពាក់ព័ន្ធ​តុលាការ​ពាណិជ្ជកម្ម ទី​៤ មិនទាន់​បានកំណត់ ថា​តើ​មាន​វិវាទ​អ្វីខ្លះ ដែល​ស្ថិតនៅក្នុង​សមត្ថកិច្ច​របស់​តុលាការ​ពាណិជ្ជកម្ម​»​។

​លោក​បន្ថែមទៀតថា យ៉ាងណា​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានសម្រេច​បង្កើត​តុលាការ​ពាណិជ្ជកម្ម ដំបូង​តែ ​១ ​សិន គឺ​នៅ​រាជធានី​ភ្នំពេញ ដែលមាន ២ ​ថ្នាក់ គឺមាន​សាលា​ពាណិជ្ជកម្ម​ដំបូង និង តុលាការ​ពាណិជ្ជកម្ម​ឧទ្ធរណ៍ នៅ​កន្លែង​ជាមួយគ្នា ប៉ុន្តែ​ការសម្រេច​ក្តី​ទៅតាម​សមត្ថកិច្ច​របស់ខ្លួន​រៀងៗ​ខ្លួន​។ ចំពោះ​តុលាការ​កំពូល​ដែលមាន​បណ្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល គឺ​ត្រូវ​ទៅ​តុលាការ​កំពូល​កម្ពុជា​ដែល​មានតែ​១​។

​ជាមួយគ្នានេះដែរ លោក លី តៃសេង ទីប្រឹក្សា​អម​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា តុលាការ​ពាណិជ្ជកម្ម​អាច​នឹង​ត្រូវបាន​បង្កើត​ឡើង​និង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៤ ខាងមុខនេះ​។

​លោក​ថ្លែងថា​៖«​ការរៀបចំ​ជា​តុលាការ​ថ្មី ​១​ នេះ មិនមែន​គ្រាន់តែ​សរសេរ​ច្បាប់​ទេ យើង​ត្រូវការ​ទីតាំង​ពី​អគារ យើង​ត្រូវរ​កដី ត្រូវ​សាងសង់ បើ​សង់​ថ្ងៃនេះ​អាច​ចំណាយពេល​ ១ ឆ្នាំ​បាន​អាច​សាងសង់​ហើយ ជាមួយនឹង​អគារ​តុលាការ ហ្នឹង​គ្រាន់តែ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​ផង​»​។

​លោក​ទីប្រឹក្សា​អម​ក្រសួងយុត្តិធម៌​លើកឡើងថា ការបង្កើត​តុលាការ​ពាណិជ្ជ​កម្មនេះ មិនមែនជា​រឿង​សាមញ្ញ​ទេ ពោលគឺ​អាច​នឹង​ចំណាយពេល​ច្រើនជាង​នេះ​ក្នុងការ​រៀបចំ​ច្បាប់​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ និង​ធនធានមនុស្ស​ផងដែរ​។

​គួរ​ជ្រាបថា កាលពី​ខែតុលា​ឆ្នាំ ២០២១ កម្ពុជា​បានដាក់​ចេញ​នូវ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ច្បាប់​វិនិយោគ​ថ្មី​ដោយមាន​ការកំណត់​ការផ្តល់​ការលើកទឹកចិត្ត និង​ការការពារ​ដល់​វិនិយោគិន ជាក់លាក់​និង​ច្បាស់លាស់ ក្នុង​បំណង​បង្កើន​ការទាក់ទាញ​វិនិយោគ​សម្រាប់​កម្ពុជា​។ លើសពីនេះ​រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ និង​បាន​ជំរុញ​ការអភិវឌ្ឍ​ឯកសារ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ អភិវឌ្ឍ​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​កាត់ដេរ យានយន្ត អេឡិចត្រូនិក ទេសចរណ៍ ប្រៃសណីយ៍ និង​ប្រសិទ្ធភាព​នៃ​ថាមពល​ផងដែរ​៕​