ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ ឌិ​ត ទីណា ​បានផ្តល់​អនុសាសន៍​ដល់​លេខាធិការដ្ឋាន​ឱ្យ​ពង្រឹង​ការប្រតិបត្តិ ដោយ​ក្តាប់​ឱ្យបាន​នូវ​ផែនការមេ​របស់​ក្រុមហ៊ុន​ (Master Plan) និង​ធ្វើការ​រៀបចំ​របប​ប្រជុំ​ឱ្យបាន​ទៀងទាត់​ជាមួយ​អន្តរក្រសួង​និង​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ ដើម្បី​តាមដាន​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន ហើយ​ត្រូវធ្វើ​របាយការណ៍​លម្អិត​អំពី​បញ្ហា​ទំនាស់​ទាំងអស់​ដែល​កំពុង​កើតមាន និង​យន្តការ​នៃ​ការដោះស្រាយ​បញ្ហា​។​

​ការផ្តល់​អនុសាសន៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពេលដែល​លោក​រដ្ឋមន្ត្រី​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ដំណើរការ​អភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ទីស្តីការក្រសួង​កសិកម្ម​នា​ព្រឹក​ថ្ងៃទី​ ៣ ខែកុម្ភៈ​ ឆ្នាំ​ ២០២៣​ នេះ​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។

​ជាមួយគ្នានេះដែរ លេខាធិការដ្ឋាន​ត្រូវធ្វើ​សូចនាករ​សមិទ្ធផល​គ​ន្លឹះ (KPI) ដោយ​ត្រូវ​ពិនិត្យមើល​ទាំង​ទិដ្ឋភាព​ផ្លូវច្បាប់ និង​ការអនុវត្ត​ជាក់ស្តែង​លើដី ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត ហើយ​ត្រូវ​បញ្ជាក់ប្រាប់​ដល់​ក្រុមហ៊ុន​ដែល​បានទទួល​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងអស់​អំពី​ការដកហូត​ដី​មកវិញ ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើការ​អភិវឌ្ឍ​តាម​កិច្ចសន្យា​។

​លោក​រដ្ឋមន្ដ្រី​បាន​ក្រើនរំឭក​ដល់​លេខាធិការ​ដ្ឋា​នប​ច្ចេកទេស ត្រូវ​ព​ន្លឿ​ន​ការធ្វើ​អនុ​ប​យោគ​ដីឯកជន​របស់​រដ្ឋ​ក្នុង​គោលដៅ​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ​ឱ្យបាន​ទាន់ពេលវេលា ដើម្បីឱ្យ​ក្រុមហ៊ុន​អាចធ្វើ​ផែនការមេ​សម្រាប់​ការវិនិយោគ​។​

​ក្រសួងកសិកម្ម​ក៏បាន​ឱ្យដឹង​ផងដែរ​ថា សម្បទាន​ដី​សេដ្ឋកិច្ច​បានចាប់ផ្តើម​បដិសន្ធិ​តាម​អនុក្រឹត្យ​លេខ​១៤៦ អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០០៥ ហើយ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​វិស័យ​កសិកម្ម ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ និង​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​ក៏បាន​ចេញ​នូវ​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​សមាសភាព នៃ​លេខាធិការដ្ឋាន​បច្ចេកទេស​សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច មកពី​អន្តរក្រសួង​សម្រាប់​បំពេញ​កិច្ច​គាំពារ​ដំណើរការ ដែលមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ប្រធាន ដោយមាន​ការចូលរួម​ពី​ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​ក្រសួងមហាផ្ទៃ​។​

​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ឈប់​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ចាប់តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​។ ការសម្រេច​នេះ​ស្ថិតនៅ​ជា​ធរមាន​មកទល់​បច្ចុប្បន្ន ពុំមាន​ការប្រែប្រួល​ណាមួយ​ឡើយ​៕