​ភ្នំពេញៈ ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២២ ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​មានការ​កើន​ចំនួន ៣,៤៥​ភាគរយ​ធៀប​នឹង​ត្រីមាស​មុន​ដែល​ធ្វើអោយ​ចំនួន​គណនី​នៅ​ទូទាំងប្រទេស​សរុប​មាន​ចំនួន ១៥៤ លាន​គណនី​។​ នេះ​បើតាម​​របាយការណ៍​ចុងក្រោយ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC)​។​

​យោងតាម​របាយការណ៍​ដដែល​នេះ ក្នុងចំណោម​ចំនួន​នេះ មាន​ប្រមាណ​៧៩,៤៣ ភាគរយ ជា​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ខណៈ​ចំណែក​តូច​ជាងគេ​គឺ​កម្ចី​បណ្ណ​ឥណទាន ៨,២៤​ភាគរយ និង​កម្ចី​អចលនទ្រព្យ ១២,៣៣​ភាគរយ​។ កំណើន​នេះ​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​គ្រប់​តំបន់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​កើន​៥,៩ ភាគរយ នៅ​តំបន់​ទន្លេសាប ៣,២​ភាគរយ តំបន់ឆ្នេរ ៣,១​ភាគរយ នៅ​តំបន់​ខ្ពង់រាប​, ហើយ​២,៦​ភាគរយ នៅ​តំបន់​ទំនាប​)​។​

CBC ចង្អុល​បង្ហាញថា សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល ក៏បាន​បន្ត​កើន​ឡើងជា​លំដាប់​ក្នុង​កម្រិត ៣,៨២​ភាគរយ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២៣​។ នៅ​ចុង​ត្រីមាស​នេះ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​មាន​ចំនួន ១៤,៣២ ពាន់​លាន​ដុល្លារ​។​

​ទោះបីជា ចំនួន​គណនី​នៃ​កម្ចី​អចលនទ្រព្យ​មាន​ត្រឹមតែ ១២,៣៣ ភាគរយ នៃ​ចំនួន​គណនី​សរុប​ក៏ដោយ​ក៏​កម្ចី​អចលនទ្រព្យ​នៅតែមាន​លើសពី​ពាក់កណ្តាល​នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប ៥៥,៨១​ភាគរយ ចំណែកឯ សមតុល្យ​ឥណទាន​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​ចំណែក ៤៣,៣៥​ភាគរយ​។

សមតុល្យ​បណ្ណ​ឥណទាន​មាន​ចំណែក​តូច​គឺ​ត្រឹមតែ ០,៨៤​ភាគរយ​តែប៉ុណ្ណោះ​។ និយាយ​ជារួម សមតុល្យ​ឥណទាន​មានការ​កើន​ឡើងជា​វិជ្ជមាន​នៅ​គ្រប់​តំបន់​ដូចជា តំបន់​ទន្លេសាប ១៨,៨ ភាគរយ​តំបន់ឆ្នេរ ២,៥ ភាគរយ​ទំនាប​១,១​ភាគរយ តំបន់​ខ្ពង់រាប 0,៩​ភាគរយ​។​

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី​បានឱ្យដឹងថា ការធ្លាក់ចុះ​នៃ​តម្រូវការ​កម្ចី​គឺ​ដោយសារ​ការធ្លាក់ចុះ​នៃ​ចំនួន​កម្មវិធី ប៉ុន្តែ​ការអនុវត្ត​ឥណទាន​នៅតែ​ល្អ​។​

​លោក​ថ្លែងថា​៖ «​តម្រូវការ​ពាក្យស្នើសុំ​ឥណទាន​បុគ្គល​មានការ​ថមថយ​បន្តិច​។ យ៉ាងណាក៏ដោយ សមិទ្ធផល​ឥណទាន​ល​ក្ខ​ណៈ​បុគ្គល​នៅតែ​រក្សាបាន​នូវ​លំនឹង ជាមួយនឹង​ចំនួន​គណនី និង​សមតុល្យ​កម្ចី​ក្នុង​ត្រីមាស​ចុងក្រោយ បើ​ប្រៀបធៀប​នឹង​ត្រីមាស​មុន​»​។

​លោក​បន្តថា គុណភាព​កម្ចី​មាន​ភាពប្រសើរ​បន្តិច ជាមួយនឹង​ការថយចុះ​នៃ​អនុ​បាត​នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត ៣០ ថ្ងៃ​ហួស​កាលបរិច្ឆេទ​កំណត់ ពី ២,៦០​ភាគរយ​ក្នុង​ត្រីមាស​ទី​បី មក​នៅត្រឹម​២,៥១​ភាគរយ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២២ នេះ​។​

​យោងតាម​របាយការណ៍ នៅត្រឹម​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២២​នេះ ចំនួន​អតិថិជន​ដែល​ព្យាយាម​ស្នើសុំ​ឥណទាន ក្នុង​ទម្រង់​៣​ផ្សេងៗ​គ្នា​ដូចជា ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន (Personal Finance)​បណ្ណ​ឥណទាន (Credit Cards)​និង​កម្ចី​អចលនទ្រព្យ (Mortgage)​។ ពាក្យស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល បាន​ធ្លាក់ចុះ​ជារួម​៤​ភាគរយ​។

ការធ្លាក់ចុះ​ពាក្យស្នើសុំ​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន​មាន​ចំនួន ៦ ភាគរយ ក្នុងនេះ​មានការ​ធ្លាក់ចុះ​ខ្លាំង​នៅ​តំបន់​ទំនាប​មាន​ចំនួន ១៤​ភាគរយ​។ ការស្នើសុំ​បណ្ណ​ឥណទាន មានការ​ធ្លាក់ចុះ​ចំនួន ៣​ភាគរយ​ដោយសារ​មានការ​ថយចុះ​នៅ​តំបន់​ទន្លេសាប​ចំនួន ១៣​ភាគរយ​និង​តំបន់ឆ្នេរ ១១​ភាគរយ​។ ប៉ុន្តែ ការស្នើសុំ​កម្ចី​អចលនទ្រព្យ មានការ​កើនឡើង​ចំនួន ១៥ ភាគរយ​។​

​ការប្រែប្រួល​ជា​ភាគរយ​ជា​ទំហំ​ទឹកប្រាក់​នៃ​ការស្នើសុំ​ឥណទាន ក៏មាន​ការធ្លាក់ចុះ​គឺ​ចំនួន ១១ ភាគរយ ដែល​ចំនួន​នេះ​ធ្លាក់ចុះ​កាលពី​ត្រីមាស​មុន (​ឆ្នាំ​២០២២ ត្រីមាស​ទី​៣: ៣ ភាគរយ​) ។ ការប្រែប្រួល​នេះ​បណ្តាលមកពី​ការថយចុះ​នៃ​ទំហំ​ទឹកប្រាក់​នៃ​ការស្នើសុំ​កម្ចី​ផ្ទាល់ខ្លួន ១១​ភាគរយ បណ្ណ​ឥណទាន​ធ្លាក់ចុះ​ចំនួន ៥​ភាគរយ​និង​កម្ចី​អចលនទ្រព្យ ថយចុះ​ចំនួន ១១​ភាគរយ​៕