
ហ្គារ៉ាសលក់រថយន្តក្នុងខណ្ឌដូនពេញ កាលពីខែកក្កដា ឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យយានយន្តព្យាករថា ការនាំចូលរថយន្តថ្មីនឹងបន្តកើនឡើង ខណៈរថយន្តជជុះនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ដែលអាចជំរុញឱ្យទីផ្សាររថយន្តថ្មី វាយលុករថយន្តជជុះ នាពេលអនាគតដ៏ខ្លីខាងមុខ ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ កត្តាតម្លៃនិងការយល់ដឹងពីការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងថា ចាប់ពីឆ្នាំ ២០២៣ នេះតទៅការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជា នឹងមានការកើនឡើងជាបន្តបន្ទាប់ហើយការនាំចូលរថយន្តមួយទឹក នឹងបន្តធ្លាក់ចុះ ឬអាចឈានទៅលុបបំបាត់ការនាំចូលរថយន្តប្រភេទនេះ ដូចបណ្តាប្រទេសក្នុងតំបន់នាពេលកំណត់ណាមួយនៅអនាគត។
លោកបានបញ្ជាក់ដូច្នេះថា៖ «តម្រូវការទីផ្សាររថយន្តថ្មីនៅកម្ពុជា នឹងវាយលុករថយន្ត ១ ទឹក ក្នុងពេលឆាប់ៗខាងមុខនេះ។ មានមូលហេតុមួយចំនួនដែលបានទាញទម្លាក់ការប្រើប្រាស់រថយន្ត១ទឹកនៅកម្ពុជាដូចជាការយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពក្នុងការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋមានកើនឡើង, ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន គួបផ្សំតម្លៃរថយន្តថ្មីបច្ចុប្បន្នស្ទើរតែស្មើនឹងរថយន្តជជុះ និងលក្ខខណ្ឌបង់រំលស់មានភាពល្អប្រសើរជាដើម»។
ជាមួយគ្នានេះ លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាក៏បានកត់សម្គាល់ឃើញដែរថា នៅមួយរយៈចុងក្រោយកំណើននាំចូលរថយន្តថ្មីៗមកកាន់ទីផ្សារកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងក្នុងចំណោមរថយន្តនាំចូល ដែលមានកំណើន ២៤ ភាគរយ កាលពីឆ្នាំមុន ការនាំចូលរថយន្តថ្មី មានការកើនឡើងជាង ៥០ ភាគរយ ខណៈរថយន្ត ១ ទឹកឬរថ យន្តជជុះមានកំណើនតែជាង ២០ ភាគរយ។
លោក មុនីវណ្ណ បន្ថែមថា ការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជាមានសម្ទុះល្អប្រសើរជាងការនាំចូលរថយន្តជជុះនៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងកាលពីឆ្នាំ ២០២២ ការនាំចូលរថយន្តថ្មីមានកំណើន ជាង ៥០ ភាគរយ ខណៈរថយន្តជជុះមានកំណើនតែជាង ២០ ភាគរយ ប៉ុណ្ណោះ ដែលនេះបង្ហាញពីនិន្នាការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើងនាពេលបច្ចុប្បន្ន។
លោកបានថ្លែងថា៖ «កត្តាដែលជំរុញ ឱ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើង គឺដោយសារកើនឡើងកម្រិតជីវភាពរបស់ប្រជាជន ដែលផ្តល់ឱ្យពួកគេមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្តថ្មី, ការយល់ដឹងពាក់ព័ន្ធការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋមានការកើនឡើង គួបផ្សំរថយន្តថ្មីបច្ចុប្បន្នមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តជជុះ។ កំណើនវិនិយោគលើរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ជាមូលហេតុជួយជំរុញកំណើនការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាផងដែរ»។
ចំពោះកំណើននាំចូលរថយន្តដែលភាគច្រើនជារថយន្តថ្មីនេះដែរ លោកបញ្ជាក់ថា ដោយសារការងើបឡើងវិញនៃវិស័យសំខាន់ៗដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា, តម្រូវការប្រើប្រាស់រថយន្តមានការកើនឡើងក្រោយរាជរដ្ឋាភិបាលបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ គួបផ្សំភាពនឹងនរនៃសេដ្ឋកិច្ច និងស្ថានភាពសង្គមផងដែរ។ ម្យ៉ាងវិញទៀត កម្ពុជាក៏បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំគោលនយោបាយរថយន្តប្រើរួច ក្នុងគោលបំណងកាត់បន្ថយ និងកំណត់ឆ្នាំរថយន្តដែលត្រូវនាំចូលមកកាន់ទីផ្សារកម្ពុជា។
លោកហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា និន្នាការនៃការនាំចូលរថយន្តថ្មីកើនឡើងនឹងមានផលប៉ះពាល់មួយចំនួន ដល់អ្នកប្រកបអាជីវកម្មលក់រថយន្ត ១ ទឹក ដែលទាមទារឱ្យអ្នកប្រកបមុខរបរនេះ មានការត្រៀម ខ្លួនជាមុន ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា នៅពេលសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែប្រសើរឡើងទៅ និន្នាការនៃការប្រើប្រាស់រថយន្ត ក៏នឹង កើនឡើងទៅតាមនោះដែរ»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ ចំណូលដែលបានពីការនាំចូលយានយន្ត និងគ្រឿងចក្រមានចំនួន ៥ ០៧៨,៧ ប៊ីលានរៀល ឬស្មើនឹងជាង ១ ២៣៨ លានដុល្លារដែលត្រូវជា ៤៦,២% នៃចំណូលសរុប ជាចំណូលច្រើនជាងគេក្នុងចំណោមមុខទំនិញដទៃទៀត។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២២ កន្លងទៅ កម្ពុជាបាននាំចូលរថយន្តក្នុងតម្លៃជិត ១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២៤% បើធៀបនឹងឆ្នាំ ២០២១៕
វីដេអូ៖