ភ្នំពេញៈ កម្ពុជា​ហុង​គ្រី បានគ្រោង​រៀបចំ​វេទិកា​ធុរកិច្ច និង​វិនិយោគ​លើក​ទី​​២ នៅ​ឆមាស​ទី​២ ឆ្នាំនេះ​ក្នុង​គោលបំណង​ជំរុញ​ការដោះដូរ​ទំនិញ និង​ទាក់ទាញ​វិនិយោគ ខណៈ​កម្ពុជា​ក៏បាន​ស្នើសុំ​ឱ្យ​ហុង​គ្រី​ពិចារណា​ពី​ការផ្តល់​ភាពអនុគ្រោះ​ពន្ធ (GSP)​ នៅពេល​ប្រទេស​កម្ពុជា​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នាពេលខាងមុខ​។​

​គម្រោង​នេះ​ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជាមួយ​លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រទេស​ហុង​គ្រី​ប្រចាំ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី និង​មាន​និវេសនដ្ឋាន​នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។

​លោកស្រី តឹក​រ៉េត កំរង បានលើកឡើង​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ ពិសេស​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ ព្រមទាំង​វេទិកា​ជំនួប​ធុរកិច្ច​រវាង​កម្ពុជា​ហុង​គ្រី​ដែល​សម្រេចបាន​យ៉ាង​រលូន ជាមួយនឹង​លទ្ធផល​ជា​ផ្លែផ្កា ក៏ដូចជា​ភាព​រីកចម្រើន​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែលមាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​។

​លោកស្រី​ថ្លែងថា​៖ «​វិនិយោគិន​ហុង​គ្រី គួរ​សិក្សា និង​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​ពាណិជ្ជក​ម្ម និង​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​ជំរុញ​ឱ្យ​នាំចូល​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម​ពី​កម្ពុជា​បន្ថែមទៀត​»​។​

​លោកស្រី​បន្ថែមថា សម្រាប់​ផែនការ​នៃ​ការរៀបចំ​កិច្ចប្រជុំ និង​ជំនួប​ធុរកិច្ច​លើក​ទី​២ នៅ​អំឡុង​ឆមាស​ទី២ ឆ្នាំ​ ២០២៣ គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​លើកកម្ពស់ និង​ផ្តល់ឱកាស​ដល់​វិស័យ​ឯកជន​មាន​ទំនាក់ទំនង​ជាមួយគ្នា និង​អាច​ឈានដល់​ការសហការ​គ្នា​។

​ក្នុងឱកាស​នោះ​លោកស្រី​ក៏បាន​ស្នើសុំ​ភាគី​ហុង​គ្រី​ឱ្យ​ផ្តល់​អាហារូបករណ៍​បន្ថែម និង​វគ្គ​បណ្តុះបណ្តាល​នានា​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ដើម្បី​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​ជំនាញ ដែល​គាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការចូលរួម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​

​លោកស្រី​ក៏បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​ ២ ​ដែលជា​សមាជិក​គណៈកម្មកា​រ​នេះ​រួមមាន​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជំរុញ​ការអនុវត្ត​អនុស្សរណៈ​ការយោគយល់ ឬ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​រួចហើយ​ឱ្យមាន​ប្រសិទ្ធភាព​។ ការលើកទឹកចិត្ត និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន គឺជា​កម្លាំងចលករ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន ភាព​ធន់ និង​ចីរភាព​។​

​លោក Tibor BALOGHDI ក៏បាន​បង្ហាញ​ការស្វាគមន៍​ក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ដើម្បី​ឈានដល់​កម្រិត​សក្តានុពល​ពេញលេញ​។​

​លោក​បាន​ថ្លែងថា​៖ «​ហុង​គ្រី​ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ច​ពាណិជ្ជក​ម្ម ឱ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ស៊ីជម្រៅ​»​។​

​លោក​បន្តថា នឹង​ពិចារណា​ចំពោះ​ការស្នើ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​ នៅពេលដែល​កម្ពុជា​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា វេទិកា​ធុរកិច្ច​នេះ​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ដល់​ធុរជន និង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ ២ ​អាច​ជួបគ្នា​ដោយផ្ទាល់​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន និង​ទំនាក់ទំនង​ដើម្បី​អាច​ចាប់​ដៃគូ​វិនិយោគ​ជាមួយគ្នា​។​

​លោក​ថ្លែងថា​៖ «​យើង​ឃើញថា​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​យើង​ទាំង​ ២ ​នៅមានកម្រិត​តិចតួច​នៅឡើយ ដូច្នេះ​យើង​មានឱកាស​ច្រើន​ក្នុងការ លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​បាន​»​។​

​បើ​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ហុង​គ្រី ក្នុង​ឆ្នាំ​ ២០២២ សម្រេចបាន ៧,៤៤ ​លាន​ដុល្លារ កើន ៨៤​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ប្រមាណ ៤​ លាន​ដុល្លារ​។

​ទំនិញ​កម្ពុជា​នាំទៅ​ហុង​គ្រី រួមមាន សម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផល​ឱសថ និង​វត្ថុ​ធ្វើ​ពី​ស្បែក ជាដើម​។ ចំណែក​ទំនិញ​នាំចូល​មកពី​ហុង​គ្រី មានដូចជា វត្ថុ​ធ្វើ​ពី​លោហធាតុ គីមីសរីរាង្គ ផលិតផល​ធ្វើ​ពី​ទឹកដោះ សរសៃអំបោះ​សិប្បនិម្មិត ផលិតផល​កែច្នៃ​ចេញពី​សាច់ សាច់​ត្រី ឬ​គ្រាប់​ធញ្ញជាតិ​៕