ភ្នំពេញៈ សមាគម​អ្នក​ផលិត និង​នាំចេញ​ផលិតផល​ត្រចៀកកាំ​កម្ពុជា នឹង​រៀបចំ​ពិធី​ដាក់ឱ្យ​ដេញថ្លៃ​សម្បុក​ត្រចៀកកាំ​នា​ចុងខែ​កុម្ភៈ​នេះ ក្នុង​គោលបំណង​ជួយ​ដល់​ម្ចាស់ផ្ទះ​អភិរក្ស​សត្វ ត្រចៀកកាំ​ក្នុង​ការលក់​សម្បុក​ត្រចៀកកាំ ស្វែងរក​ដៃគូ​ ​ឬ​អ្នកប្រមូល​ទិញ និង​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម​កែច្នៃ​សម្បុក​ត្រចៀកកាំ​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​សមាគម​អ្នក​ផលិត និង​នាំចេញ​ផលិតផល​ត្រចៀកកាំ​កម្ពុជា បានឱ្យដឹងថា ការដេញថ្លៃ​សម្បុក​ត្រចៀកកាំ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៥ ខែកុម្ភៈ ដែល​កម្មវិធី​នេះ នឹង​ប្រមូលផ្តុំ​អ្នក​ប្រក​បរបរ​អភិរក្ស​សត្វ​ត្រចៀកកាំ ម្ចាស់​អាជីវកម្ម​កែច្នៃ និង​អ្នកប្រមូល​ទិញ​សម្បុក​ត្រចៀកកាំ​ទាំងអស់​នៅ​កម្ពុជា​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​អគារ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​។ ការរៀបចំ​នេះ​គឺ​ដើម្បី​ជួយ​ស្វែងរក​ដៃគូ​ឬ​អ្នកប្រមូល​ទិញ និង​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម​កែច្នៃ​សម្បុក​ត្រចៀកកាំ ក៏ដូចជា អ្នកប្រមូល​ទិញ​សម្បុក​ត្រចៀកកាំ​។​

​លោកស្រី វ៉ា សូ​ជិន ប្រធាន​សមាគម​អ្នក​ផលិត និង​នាំចេញ​ផលិតផល​ត្រចៀកកាំ​កម្ពុជា​បាន​ប្រាប់ថា សមាគម​អ្នក​ផលិត និង​នាំចេញ​ផលិតផល​ត្រចៀកកាំ​កម្ពុជា នឹង​រៀបចំ​ពិធី​ដាក់ឱ្យ​ដេញថ្លៃ​សម្បុក​ត្រចៀកកាំ​នេះ ក្នុង​គោលបំណង​ជួយ​ដល់​ម្ចាស់ផ្ទះ​អភិរក្ស​សត្វ​ត្រចៀកកាំ​មានឱកាស​ស្វែងរក​ដៃគូ​ប្រមូល​ទិញ និង​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម​កែច្នៃ​សម្បុក​ត្រចៀកកាំ និង​អ្នកប្រមូល​ទិញ​សម្បុក​ត្រចៀកកាំ ដើម្បី​ទទួលបាន​ការផ្គត់ផ្គង់​សម្បុក​ត្រចៀកកាំ​ប្រកបដោយ​គុណភាព​បរិមាណ​សមស្រប​ការផ្គត់ផ្គង់​មាន​ភាពទៀងទាត់ និង​ការកំណត់​ទីផ្សារ​ទិញ​ល​ក់​ច្បាស់លាស់​ជាដើម​។​

​លោកស្រី វ៉ា សូ​ជិន បាន​ថ្លែង​ឱ្យដឹង​បន្ថែមថា គោលបំណង​សម្រាប់​ការដេញថ្លៃ​សម្បុក​ត្រចៀកកាំ​នេះ គឺ​ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​អ្នក​អភិរក្ស​សម្បុក​ត្រចៀកកាំ និង​ម្ចាស់​អាជីវកម្ម​កែច្នៃ​សម្បុក​ត្រចៀកកាំ មានឱកាស​បង្កើត​ទំនាក់ទំនង​ជាមួយគ្នា ក្នុងការ​ស្វែ​ករក​ទីផ្សារ​ទិញ​លក់ កាន់​តែមាន​ភាពងាយស្រួល​ក៏ដូចជា​ផ្តល់ឱកាស​អាជីវកម្ម​ផ្សេងៗ​ទៀត​ដល់​អ្នកចូលរួម​ផងដែរ​។

​លោកស្រី​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​កា​រៀបចំ​ដាក់ឱ្យ​ដេញថ្លៃ​នេះ​ទៀតសោត ក៏​ជាការ​ចាប់ផ្តើម​មួយ​របស់​កម្ពុជា​ក្នុងការ​បង្កើត​ឱកាស​ក្នុងការ​បង្កើន​ផលិតផល​ត្រចៀកកាំ​កម្ពុជា សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ផងដែរ​។ ខ្ញុំ​សង្ឃឹមថា ការដាក់​ដេញថ្លៃ​សម្បុក​ត្រចៀកកាំ​នេះ នឹងមាន​ការចូលរួម​ច្រើន ពី​អ្នក​ប្រក​បរបរ​អភិរក្ស​សត្វ​ត្រចៀកកាំ ម្ចាស់​អាជីវកម្ម​កែច្នៃ និង​អ្នកប្រមូល​ទិញ​សម្បុក​ត្រចៀកកាំ ក៏ដូចជា​អ្នក​ចង់​ស្វែងយល់​បន្ថែម​ពី​អាជីវកម្ម​កែច្នៃ​សម្បុក​ត្រចៀកកាំ ទៅតាម​ការរំពឹងទុក​ផងដែរ​»​។​

​បើតាម​ប្រធាន​សមាគម​រូបនេះ បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​អ្នក​ចិញ្ចឹម​ត្រចៀកកាំ​ប្រមាណ ៣​ ពាន់​ផ្ទះ​នៅ​ទូទាំងប្រទេស​ដោយបាន​នាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​ប្រមាណ​ជាង ​១០០ ​តោន​ក្នុង​ ១ ​ឆ្នាំៗ​។​

​លោក ទ្រី និមល អ្នកឯកទេស​ផ្ទះ​ត្រចៀកកាំ​មកពី​ម៉ាឡេស៊ី និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Swiftlet Cultivation.,Co Ltd បាន​ប្រាប់​ឱ្យដឹងថា ដោយសារតែ​កំណើន​អ្នក​ចិញ្ចឹម និង​កែច្នៃ​សម្បុក​ត្រចៀកកាំ កើនឡើង​ច្រើន​ផង ជំ​រុញឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​ចាប់ផ្តើម​គិតគូរ​ដល់​ការនាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​ទៅ​ក្រៅប្រទេស ជាពិសេស​ទៅកាន់​ប្រទេស​ចិន​។

​លោក​បញ្ជាក់ថា​៖ «​ពិធី​ដេញថ្លៃ​នេះ គឺជា​ដំណឹង​ដ៏​បំផុត​សម្រាប់​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នៅ​កម្ពុជា​។ យើង​រំពឹងថា ការដាក់ឱ្យ​ដេញថ្លៃ​នាពេលខាងមុខ​នេះ​នឹង​អាចជួយ​ដល់​ម្ចាស់ផ្ទះ​អភិរក្ស​សត្វ​ត្រចៀកកាំ មានឱកាស​ស្វែងរក​ដៃគូ​ប្រមូល​ទិញ និង​ពង្រីក​ទីផ្សារ​របស់ខ្លួន​ថែមទៀត​បាន​»​។​

​ក្រសួងកសិកម្ម កាលពី​ខែកក្កដា ឆ្នាំ​ ២០២២ បានរៀបចំ​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​ចរចា​បើក​ទីផ្សារ​នាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ ទៅកាន់​ប្រទេស​ចិន ក្រោយពី​ក្រសួង​ពិនិត្យឃើញថា កំណើន​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​កើនឡើង និង​ផលិតផល​នេះ​មានតម្លៃ​ល្អ​នៅលើ​ទីផ្សារ​។ ក្រុមការងារ​នេះ មាន​ភារកិច្ច រៀបចំ​ឯកសារ​បច្ចេក​ទេស​សម្រាប់​ចរចា​បើក​ទីផ្សារ​នាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​ក្នុងស្រុក និង​ក្រៅប្រទេស​ដែលមាន​បទពិសោធន៍​។

​ក្រុមការងារ​នេះ ត្រូវធ្វើ​ការទំនាក់ទំនង​ជាមួយ​អគ្គ​រដ្ឋបាល​គយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ចុះ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​ពី​កម្ពុជា​ទៅ​ចិន និង​ត្រូវធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ​អំពី​នីតិវិធី បែបបទ​ការចុះបញ្ជី ព្រមទាំង​លក្ខខណ្ឌ​តម្រូវ​នានា​ដល់​ក្រុមហ៊ុន និង​សាធារណជន​ដែលមាន​បំណង​ចង់​នាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​ទៅកាន់​ទីផ្សារ​ចិន​។​

​ជាមួយគ្នានេះដែរ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពី​ខែតុលា​ឆ្នាំ ​២០២២ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​សមាគម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ប្រចាំ​ទីក្រុង​សៀ​មិន ប្រទេស​ចិន​សម្រាប់​ការនាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​ទៅកាន់​ទីផ្សារ​ចិន ដែលជា​ជំហាន​បើកផ្លូវ​មួយ ក្នុងការ​នាំចេញ​ផលិតផល​ត្រចៀកកាំ​ពី​កម្ពុជា ទៅ​ទីផ្សារ​ប្រទេស​ចិន​ដែល​នឹង​ជួយ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រចៀកកាំ​ក្នុងស្រុក​កាន់តែ​មានលទ្ធភាព​ក្នុងការ​ពង្រីក​ខ្លួន​កាន់តែច្រើន​ថែមទៀត​៕