ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ក្នុង​ឆ្នាំ​​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង​ ១៦​ ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ចំនួន​នេះ គឺ​ស្មើនឹង​ជិត ១/៣​ នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​

​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ក្រសួងពាណិជ្ជកម្ម ឆ្នាំ ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ ​២០២៣ បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០២២ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ទឹកប្រាក់​សរុប ១៦ ០៥៣ ​លាន​ដុល្លារ កើន​ជាង ១,៣៥ ​ភាគរយ​បើ​ធៀប​នឹង​ចំនួន ១៥ ៨៣៨​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​អាស៊ាន គឺ​ស្មើនឹង ៣០,៦២​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ប្រមាណ ៥២ ៤២៥ ​លាន​ដុល្លារ​។​

​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ចំនួន ៣ ២៩៧​ លាន​ដុល្លារ កើន ១៣,១៤​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ២ ៩១៤​ លាន​ដុល្លារ​។ ទឹកប្រាក់​ការនាំ​ទំនិញ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន គឺ​ស្មើនឹង ១៤,៦៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ដែលមាន ២២ ៤៨៣ ​លាន​ដុល្លារ​។ ចំណែក​ការនាំ​ទំនិញ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មក​កម្ពុជា គឺមាន ១២ ៧៥៦ ​លាន​ដុល្លារ ធ្លាក់ចុះ ១,២៩ ​ភាគរយ​ពី ១២ ៩២៤​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ ចំនួន​ទឹកប្រាក់​នៃ​ការនាំ​ទំនិញ​ក្នុង​តំបន់​អាស៊ាន មក​កម្ពុជា គឺ​ស្មើនឹង ៤២,៦​ ភាគរយ​នៃ​ការ​នាំចូល​ទំនិញ​សរុប​ពី​ទីផ្សារ​អន្តរជាតិ ដែលមាន​ចំនួន ២៩ ៩៤២​ លាន​ដុល្លារ​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម ប្រទេស​វៀតណាម និង​ថៃ គឺជា​ទីផ្សារ​ឈានមុខ​គេ​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​វៀតណាម ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន ៦ ១៣៦ ​លាន​ដុល្លារ កើន ២០​ ភាគរយ និង​ថៃ ចំនួន ៤ ៦៦៤ ​លាន​ដុល្លារ កើន ១៤​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែកុម្ភៈ​ថា ដោយសារ​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិតគ្នា ដូច្នេះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន គឺជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ ​(​កសិផល​)​ សំខាន់​មួយ​របស់​កម្ពុជា ខណៈ​បច្ចុប្បន្ន​ចំនួន​ប្រជាជន​ក្នុង​តំបន់​នេះ​មាន​លើសពី ៦៦០ ​លាន​នាក់​។ លោក​បន្តថា កត្តា​ចំនួន​ប្រជាជន បូក​បន្ថែមនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​សម្រេច​បានជា​មួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង គឺ​កំពុង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​មេដែក​ឆក់​ទាញ​អ្នកវិនិយោគ​កាន់តែច្រើន​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់ ដើម្បី​ផលិត និង​នាំចេញ​ទំនិញ​ទៅ​លក់​ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន​។​

​លោក​បន្ថែមថា ក្រៅពីនោះ​កម្ពុជា​ក៏​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​ពី​ប្រទេស​ចិន និង​កូរ៉េ ទៅដល់​ប្រទេស​ក្នុង​តំបន់​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​អាស៊ាន​ គឺជា​ទីផ្សារ​សំខាន់​របស់​កម្ពុជា ពិសេស​ចាប់ពី​ឆ្នាំ​ ២០១៥ នៅពេល​ប្រទេស​ជា​សមាជិក​បានចាប់ផ្តើម​អនុវត្ត​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន បើទោះបី​ជួប​ឧបសគ្គ​ខ្លះ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ​ ១៩»​។ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​ក្នុង​តំបន់ នឹងមាន​ភាព​កាន់តែ​សកម្ម​»​។​

​បច្ចុប្បន្ន​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន មានដូចជា ផលិតផល​កសិកម្ម វត្ថុធាតុដើម និង​ធនធាន​រ៉ែ​មួយចំនួន ចំណែក​ការនាំ​ចូល រួមមាន ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក គ្រឿងសំណង់ គ្រឿងយន្ត​កសិកម្ម និង​យានយន្ត ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ក្នុងនាម​ប្រទេសជិតខាង និង​ក្នុង​តំបន់​តែមួយ អាស៊ាន​គឺជា​ទីផ្សារ​មិនអាច​ខ្វះ​បាន​របស់​កម្ពុជា ពិសេស​ការផ្លាស់ប្តូរ​ទំនិញ​កសិផល​រវាង​ខេត្ត​នៅជាប់​ព្រំប្រទល់​ជាមួយនឹង​ប្រទេស​វៀតណាម ថៃ និង​ឡាវ​។ លំហូរ​ទំនិញ​រវាង​ប្រទេស​ក្នុង​តំបន់ គឺ​ពិតជា​ផ្តល់​ផលចំណេញ​ច្រើន ពិសេស​សម្រាប់​ប្រជាកសិករ ព្រោះ​ចម្ងាយ​នៃ​ការដឹកជញ្ជូន​ជិត និង​ចំណាយ​តិច​។ ក្រៅពីនេះ​ទំនិញ​នាំចូល​ពី​ប្រទេស​ក្នុង​តំបន់​ក៏មាន​តម្លៃ​ទាប​ជាង​ទំនិញ​នាំចូល​ពី​ប្រទេស​ឆ្ងាយៗ ផងដែរ​។​

​លោក​អះអាងថា​៖ «​ទោះបី​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​មាន​ចំនួន​ច្រើនជាង​ទឹកប្រាក់​កម្ពុជា​នាំ​ទំនិញ​ចេញ​ក៏ដោយ ក៏​មិនមែនជា​បញ្ហា​ធំ​នោះទេ ព្រោះ​ទំនិញ​កម្ពុជា​នាំចូល​គឺ​មួយចំណែក​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​មួយចំណែក​ទៀត គឺ​ប្រើប្រាស់​ជា​វត្ថុធាតុដើម ឬ​ធ្វើជា​គ្រឿង​កែច្នៃ​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក​»​។​

​លោក​ប្រាប់ទៀតថា តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​ថ្មីៗ​របស់​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង និង​ពង្រីក​វិស័យ​កសិកម្ម លោក​ជឿថា ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​នឹងមាន​សក្តានុពល​រឹតតែ​ខ្លាំង​ចាប់ពីពេលនេះ​តទៅ ហើយ​ការនាំចេញ​កសិផល​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​ក៏​នឹង​កើនឡើង​ផងដែរ​។​

​បើតាម​ក្រសួងកសិកម្ម ផលិតផល​កសិកម្ម​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន មានដូចជា អង្ករ ស្រូវ ដំឡូង​មី ស្វាយចន្ទី ម្រេច ពោត សណ្តែក ផ្លែ​ចេក ផ្លែស្វាយ ដូងប្រេង ថ្នាំជក់ និង​ជ័រកៅស៊ូ ជាដើម​៕