​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​បញ្ញត្តិ​ករ​មូល​ប​ត្រ​កម្ពុជា​ ​(SERC) នឹង​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នៃ​ការបោះ​ផ្សាយ​លក់​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ នេះ ខណៈដែល​ប្រកាស​អំពី​បទ​ប្បញ្ញត្តិ​នៃ​ការដាក់ឱ្យ​ដំណើរការ​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុងពេល​ឆាប់ៗ ដែលជា​ការបើកផ្លូវ​ដ​ល់​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​អាចធ្វើ​ការ​កៀរគរ​មូលនិធិ​ពី​សាធារណជន​សម្រាប់​គ​ម្រោ​ង​វិនិយោគ​នានា​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ SERC បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ​ថា ស្ថាប័ន​របស់លោក​បាន​ធ្វើការ​ពិគ្រោះ​យោបល់​ជា​សាធារណ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើនលើក​រួចមកហើយ​ដើម្បី​ទទួលបាន​យោបល់ និង​ធាតុ​ចូល​បន្ថែម ដើម្បីឱ្យ​សេចក្តីព្រាង​ប្រកាស​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​អាច​អនុវត្តបាន​ប្រកបដោយ​ប្រសិទ្ធភាព​នៅពេល​ដាក់ចេញ​ឱ្យប្រើ​ប្រាស់​។​

​លោក​ថ្លែងថា​៖ «​នេះ​ជា​បញ្ញត្តិ​បន្ថែម​មួយទៀត​សម្រាប់​ទីផ្សារ​វិនិយោគ​រួម​។ យើង​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​រួចហើយ ឥឡូវ​យើង​ដល់​ដំណាក់កាល​បន្ទាប់​ទៀត​គឺ​ការរៀបចំ​បទ​ប្បញ្ញត្តិ​ដើម្បី​អនុញ្ញាតឱ្យ​គាត់​អាចធ្វើ​ការបោះ​ផ្សាយ​មូលនិធិ​នេះ​»​។​

​លោក​បន្ថែមថា​៖ «​យើងខ្ញុំ​សង្ឃឹមថានឹង​អាច​ចេញ​បាន​នៅក្នុង​ត្រីមាស​ទី​១ ​នេះ ហើយ​នៅពេលដែល​បទ​ប្បញ្ញត្តិ​នេះ​ចូល​ជា​ធរមាន ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​នឹង​ចាប់ផ្តើម​ដំណើរការ​មូលនិធិ​នេះ​តែម្តង ដែល​វា​មានគុណ​ប្រយោជន៍​ច្រើន​សម្រាប់​គ្រប់​វិស័យ​ទាំងអស់ ដោយសារតែ​ការប្រមូល​សាច់ប្រាក់​នេះ​សម្រាប់​វិនិយោគ​ទៅលើ​គ្រប់​វិស័យ ប៉ុន្តែ​ជា​ចលករ​សំខាន់​សម្រាប់​ទីផ្សារ​ដែល​យើង​តម្រូវឱ្យមាន​ការវិនិយោគ​ច្រើន​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ ឬ​ការវិនិយោគ​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​តែម្តង​»​។​

​លោក ឡុង ពិសាក នាយក​ប្រតិបត្តិ​ក្រុមហ៊ុន F.I. Vision Capital Plc ដែលជា​ក្រុមហ៊ុន​ផ្តោតលើ​ការវិនិយោគ​រយៈពេល​វែង​លើ​វិស័យ​អចលនទ្រព្យ ហិរញ្ញវត្ថុ និង​គម្រោង​វិនិយោគ​នានា បាន​សាទរ​ចំពោះ​ផែនការ​នៃ​ការដាក់ឱ្យ​ដំណើរការ​ការបោះ​ផ្សា​យល​ក់​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម​ដោយ SERC ខណៈ​លោក​យល់ឃើញថា ជាការ​បើកផ្លូវ​ដល់​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​អាចមាន​លទ្ធភាព​ចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។​

​លោក​និយាយថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការដាក់ឱ្យ​ដំណើរការ​នេះ ដោយសារតែ​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​អាច​ចាប់ផ្តើម​ក្នុងការ​កៀរគរ​មូលនិធិ​នានា​ដើម្បី​រួមគ្នា​ក្នុងការ​វិនិយោគ​លើ​គម្រោង​ផ្សេងៗ​ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ផងដែរ​»​។​

​យោងតាម​លោក ស៊ូ សុជាតិ រហូតមកដល់​បច្ចុប្បន្ន SERC បានផ្តល់​អាជ្ញាប័ណ្ណ​ជាង ​១០ ​ក្រុមហ៊ុន​ហើយ ដែលជា​ចំនួន​សមល្មម​មួយ​ដែល​ត្រូវ​ចាប់ផ្តើម​ដំណើរការ​។​

​លោក​លើកឡើងថា​៖ «​ពួកគាត់​នឹង​អាច​ចាប់ផ្តើម​ដាក់​ឯកសារ​ផ្តល់ព័ត៌មាន​មក​យើង ដូចដែល​បានកំណត់​នៅក្នុង​សេចក្តីព្រាង​ប្រកាស​។ នៅពេលដែល​ពួកគាត់​ទទួលបាន​ការអនុម័ត​ទៅលើ​ឯកសារ​ប្រកាស​ព័ត៌មាន លើ​ការបង្កើត​មូលនិធិ​នេះ ដូច្នេះ​ពួកគាត់​នឹង​អាច​ចាប់ផ្តើម​ដំណើរការ ដោយ​អនុលោម​ទៅតាម​នីតិវិធី​ដែល​បានកំណត់​នៅក្នុង​ប្រកាស​នេះ​»៕