ភ្នំពេញៈ មន្ត្រី​ជំនាញ​រដ្ឋាភិបាល បានចាប់ផ្ដើម​ទាក់ទង​បញ្ចុះបញ្ចូល​ទាញ​ទឹកចិត្ត ប្រទេស​ជា​សមាជិក​ទាំង ១៥ ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​​ ឱ្យ​លេខាធិការដ្ឋាន​នេះ​តាំងនៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយពី​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ​ ២០២២ ដើម្បី​លើកស្ទួយ​កិត្តិយស និង​ជំរុញ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​។​

​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បានធ្វើ​បាឋកថា ស្តីអំពី ​«​សេចក្តី​សង្ខេប​ពី​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​៖ សមិទ្ធផល និង​បញ្ហា​ប្រឈម​»​ នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ ដោយមាន​អ្នកចូលរួម​ប្រមាណ​ ១៤០ ​នាក់​។​

​លោក ស៊ីផាន់ណា ថ្លែងថា​៖ «​យើង​មិន​ច្បាស់​ថា យើង​បានទេ ប៉ុន្តែ​ការទាក់ទង​បញ្ចុះបញ្ចូល ​(Lobbies) បានចាប់ផ្តើម​ហើយ​។ ប្រសិនជា [​យើង​]​ បាន​លេខាធិការដ្ឋាន​នោះមក​កម្ពុជា យើង​អាច​ថា ជា​ជោគជ័យ​មួយ​ធំ​ណាស់ ព្រោះ​ពី​ពេលនេះ​ដល់​ ២០​ ទៅ​៣០​ឆ្នាំក្រោយ​ទៀត គេ​នឹង​មក​ស្រុក​ខ្មែរ​ដើម្បី​ប្រជុំ ព្រោះ RCEP ធំ​ណាស់​»​។

​លោក សុក ស៊ីផាន់ណា បន្តថា​៖ «​បើ​យើង​មាន​អាហ្នឹង វា​សំខាន់​ត្រង់​ថា បើ​គេ​ប្រជុំ​ទាក់ទង​ពាណិជ្ជកម្ម គេ​មក​កម្ពុជា​។ ពេលដែល​មក​ស្រុក​ខ្មែរ ថៅកែ​សណ្ឋាគារ​ញញឹម​។ នេះ​ជា​រូបភាព​នៃ​ការកសាង​ប្រទេស ព្រោះ​កាលណា​គេ​មក​ស្រុក​យើង គេ​ចាយលុយ​នៅ​ស្រុក​យើង​។ គេ​មក​ស្រុក​យើង គេ​ឃើញ​រូបភាព​ប្រទេស​យើង​»​។​

​លោក សុក ស៊ីផាន់ណា បាន​អះអាងថា ប្រទេស​នានា​ជុំវិញ​កម្ពុជា​ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់​សុទ្ធ​តែមាន ទីតាំង​ស្នាក់ការ​លេខាធិការដ្ឋាន​នៃ​អង្គការ​អន្តររដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ទាំងនោះ ប៉ុន្តែ​កម្ពុជា​មិនទាន់មាន​អ្វី​នោះទេ​។ លោក ថ្លែងថា ទីក្រុង​បាងកក​ប្រទេស​ថៃ ប្រទេស​សិង្ហ​បុរី ប្រទេស​ឡាវ ប្រទេស​វៀតណាម សុទ្ធ​តែមាន​ទី​ស្នាក់​លេខាធិការដ្ឋាន នៃ​អង្គការ​អន្តរជាតិ​។

​លោក សុក ស៊ីផាន់ណា ក៏បាន​ឱ្យដឹង​ផងដែរ​ថា ប្រទេស​ឥណ្ឌូនេស៊ី​ក៏​នឹង​អាច​បញ្ចុះបញ្ចូល​អង្គការ​អន្តររដ្ឋាភិបាល​ដែល​ផ្តោតលើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ការវិនិយោគ​មួយ​នេះ​ទៅ​បោះ​ទីតាំងនៅ​ទីក្រុង​ហ្សា​ការ​តា ជាទី​ដែល​អគ្គលេខាធិការដ្ឋាន​អាស៊ាន​តាំងនៅ​ស្រាប់ ព្រោះ​គេ​មាន​អគារ​ដ៏​ធំ​ស្កឹមស្កៃ​រួចទៅហើយ​។ ក្រៅពី​ប្រទេស​អាស៊ាន​ ១០​ ជា​សមាជិក​របស់ RCEP នៅមាន​ប្រទេស​ធំៗ​ ៥ ​ផ្សេងទៀត​គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ ប្រទេស​ទាំង ​១៥ ​នៃ RCEP នេះ បាន​គ្របដណ្តប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងអស់​ស្មើនឹង​ ១ ​ភាគ​ ៣ ​នៃ GDP ពិភពលោក​, ទីផ្សារ ១​ ភាគ ៣​ នៃ​ទីផ្សារ​ពិភពលោក និង​ប្រជាជន​សរុប​ស្មើនឹង​ ១ ​ភាគ ​៣ នៃ​ប្រជាជន​ពិភពលោក​។

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា បើសិន​កម្ពុជា​មានលទ្ធភាព​ទាញ​ស្ថាប័ន RCEP ឱ្យមាន​បោះទីតាំង​ស្នាក់ការ​កណ្តាល (Headquarter) នៅ​រាជធានី​ភ្នំពេញ​តាម​គំនិត​ដែល​ចង់បាន​នោះ កម្ពុជា​នឹង​ចំណេញ​ច្រើនណាស់ រាប់​ចាប់តាំងពី​កំណើន​វិស័យ​ទេសចរណ៍ កេរ្តិ៍ឈ្មោះ​ប្រទេស និង​ការទាក់ទាញ​បាន​វិនិយោគ​ថ្មីៗ​បន្ថែមទៀត​។

​លោក វណ្ណៈ និយាយថា​៖ «​កាលណា​យើង​មាន​ការិយាល័យ​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​យើង មានន័យថា យើង​ទទួលបាន​កេរ្តិ៍ឈ្មោះ​មួយ​ដែល​បង្ហាញ​ពី​សមត្ថភាព​គ្រប់គ្រាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បង្កើត​ការិយាល័យ​នៅ​កម្ពុជា ដែល​អាចធ្វើឱ្យ​វិនិយោគិន​ផ្សេងៗ​ជុំវិញ​ពិភពលោក​អាច​មើលឃើញ និង​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ការិយាល័យ​តំណាង​នេះឯង​»​។

​ប្រទេស​ចំនួន​ ១៥ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP កាលពី​ថ្ងៃទី ​១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ តាមរយៈ​សន្និសីទ​តាម​វីដេអូ​តាម​ប្រទេស​រៀងៗ​ខ្លួន​ដោយសារ​ការចុះហត្ថលេខា​ត្រូវធ្វើឡើង​ចំពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ក្រោយពី​ការចរចា​ស៊ីពេល​រហូតដល់ ​៨ ​ឆ្នាំ ចាប់ពី​ឆ្នាំ ​២០១២ ជា​ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​លើក​ទី​ ២​។ យោងតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​ ១​ ខែមករា ឆ្នាំ ​២០២២៕