ភ្នំពេញៈ កម្ពុជា​នឹងធ្វើ​ពិធី​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​លើកដំបូង​តាម​ជើងហោះហើរ AIR CHINA នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃនេះ ខណៈ​ក្រសួងទេសចរណ៍ និង​ផ្នែក​ឯកជន​សង្ឃឹមថា នឹង​មាន​ភ្ញៀវទេសចរ​ចិន​ចន្លោះ​ពី​​ ១​ លាន​ទៅ​ ១,៥​ លាន​នាក់​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣​។​

​ពិធី​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​លើកដំបូង​តាម​ជើងហោះហើរ AIR CHINA (CA745) នេះ​នឹងធ្វើ​នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែកុម្ភៈ វេលា​ម៉ោង ៨:៣០ ​នាទី ដោយមាន​ការចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ដំណើរ​មកដល់​របស់ AIR CHINA ធ្វើឡើង​បន្ទាប់ពី​ក្រសួងទេសចរណ៍ និង​វប្បធម៌​ប្រទេស​ចិន កាលពី​ថ្ងៃទី​ ២០ ខែមករា បានប្រកាសថា ប្រទេស​ចិន​នឹង​ចាប់ផ្តើម​បើក​ឱ្យមាន​ការធ្វើដំណើរ​ទស្ស​នា​ឡើងវិញ​ទៅកាន់​ប្រទេស​ត្រូវបាន​ជ្រើសរើស​។ កម្មវិធី​សាកល្បង​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​ ៦ ខែកុម្ភៈ ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន និង​ភ្នាក់ងារទេសចរណ៍​អាច​បើក​ដំណើរការ​ទេសចរណ៍​ក្រៅ​ស្រុក​ទៅកាន់​ប្រទេស​ចំនួន ​២០ មានដូចជា កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ា​ល់​ឌី​វ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហ​បុរី ឡាវ អារ៉ាប់​រួម អេ​ហ្ស៊ី​ប កេ​ន​យ៉ា ស្វ៊ី​ស គុយបា ហុង​គ្រី អាហ្រ្វិក​ខាងត្បូង ហ្វី​ជី នូ​វែ​ល​សេ​ឡង់ និង​អា​ហ្ស​ង់​ទីន​។​

​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី ​៦ ខែកុម្ភៈ​ថា ទេសចរ​ចិន គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ទេសចរណ៍​ពិភពលោក ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​កំណត់​គោលដៅ​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ចិន​មក​កម្សាន្ត​ឱ្យបាន​ច្រើន តាមរយៈ​ការរៀបចំ​សៀវភៅ​ស ​«China ready» និង​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​។ មាន​កិច្ចការ​ជាច្រើន​ដែល​ក្រសួង​បានធ្វើ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ចិន ដោយ​មួយចំនួន​បានធ្វើ​តាំងពី​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ មក​ម្ល៉េះ​។ លោក​បន្តថា កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​ច្រើន​ចាប់ពីពេលនេះ​តទៅ​។​

​លោក​ថ្លែងថា​៖ «​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ចិន ពិសេស​ចាប់ពី​ឆ្នាំ​ ២០២៣ នេះ​តទៅ ដោយ​យើង​ហៅថា ឆ្នាំ​ទស្សនា​កម្ពុជា ព្រោះ​នៅ​កម្ពុជា​នឹងមាន​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ដូចជា អង្គរ​សង្ក្រាន្ត បុណ្យ​ទន្លេ និង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ជាដើម​»​។​

​តាមរយៈ​ការត្រៀមខ្លួន​របស់​អាជ្ញា​ធរ និង​ផ្នែក​ឯកជន កម្ពុជា​រំពឹង​អាច​ទទួលបាន​ទេសចរ​បរទេស​ជាង ៤​ លាន​នាក់​ក្នុង​ឆ្នាំ ២០២៣ នេះ ខណៈ​ភ្ញៀវ​ចិន​នឹង​អាចមាន​ចំនួន​លើសពី ១​ លាន​នាក់​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​និយាយថា ទោះបី​វិបត្តិ​កូ​វីដ​ ១៩ ក្នុង​រយៈពេល​ជិត ៣ ​ឆ្នាំកន្លងមក​ធ្វើឱ្យ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​មួយចំនួន​ងាក​ចេញទៅ​ប្រកបមុខរបរ​ផ្សេង ក៏​វា​នឹង​មិនមាន​បញ្ហា​សម្រាប់​ការទទួល​ភ្ញៀវទេសចរ​បរទេស​ដែល​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា​ឡើយ​។ លោក​បន្តថា ដោយសារ​ភ្ញៀវ​ចិន​មាន​ចំនួន​ច្រើន ដូច្នេះ​គ្រប់​ប្រទេស​តែង​ចង់ឱ្យ​ភ្ញៀវ​ចិន​ឱ្យទៅ​កម្សាន្ត​។ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចូលចិត្ត​ដើរ​កម្សាន្ត​ជាងគេ​នៅ​តំបន់​ប្រាសាទ ខេត្តសៀមរាប ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​

​លោក​លើកឡើងថា​៖ «​យើង​ត្រៀមខ្លួន​ហើយ​សម្រាប់​ទទួលភ្ញៀវ​ទេសច​របរ​ទេស​គ្រប់​ជាតិ​សាសន៍ ពិសេស​ជនជាតិ​ចិន​ដែល​រំពឹងថា​នឹងមាន​ចំនួន​ច្រើន​ចាប់ពីពេលនេះ​តទៅ​»​។ លោក​បន្ថែមថា​៖ «​ជាង ​៨០​ ភាគរយ​នៃ​ភ្ញៀវទេសចរ​ចិន គឺ​ធ្វើដំណើរ​ត្រង់​មក​កម្ពុជា ដោយ​មិនមែន​បន្តដំណើរ​ពី​ការកម្សាន្ត​នៅ​ប្រទេស​ណាមួយ​ទេ​»​។

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​និយាយថា ចំនួន​ភ្ញៀវទេសចរ​ចិន​ដែល​ធ្វើដំណើរ​មក​កម្ពុជា​បានចាប់ផ្តើម​មាន​ជា​បណ្តើរៗ​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​ខាង​ក្រសួង និង​ផ្នែក​ឯកជន​ក៏​ធ្លាប់ធ្វើ​ពិធី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​ផងដែរ​។ ការ​ត្រឡប់មកវិញ​របស់​ភ្ញៀវ​ចិន គឺជា​ក្តីសង្ឃឹម​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​ក្នុងអំឡុង​មុន​មាន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ (​ឆ្នាំ​ ២០១៩)​ ភ្ញៀវ​ចិន​បាន​កើនឡើង​យ៉ាងច្រើន​រហូតដល់​ជាង ២ ​លាន​នាក់​។​

​លោកស្រី​និយាយថា​៖ «​ប៉ូល​ទេសចរណ៍វប្បធម៌​ខេត្តសៀមរាប និង​តំបន់​ឆ្នេរសមុទ្រ​នឹង​នៅតែ​ជា​កន្លែង​ដែលមាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ចិន​។ ទោះយ៉ាងណា​ក្នុង​ខ្សែ​ទស្សនកិច្ច គឺ​យើង​តែងតែ​ដាក់បញ្ចូល​តំបន់​ផ្សេងៗ​ទៀត រួមទាំង​ផលិតផល​ទេសចរណ៍​ផងដែរ​»​។​

​កាលពី​ថ្ងៃទី ​២៧ ខែមករា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ ក៏បាន​ទទួល​ជើងហោះហើរ​លើកដំបូង​មកពី​ប្រទេស​ចិន​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​អនុញ្ញាតឱ្យ​ប្រជាជន​ចេញ​ក្រៅប្រទេស​ឡើងវិញ ជាមួយ​វត្តមាន​ភ្ញៀវទេសចរ​ ១០៤ ​នាក់ និង​ក្រុម​អ្នកបម្រើ​ការ​លើ​យន្តហោះ ៦​ នាក់​៕