
យានយន្តធ្វើដំណើរតាមបណ្ដោយព្រះនរោត្តម ក្នុងខណ្ឌចំការមន នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ កំណើនសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់ជំរុញឱ្យកម្ពុជាបញ្ចេញប្រាក់ជិត ១,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២ ទៅលើការនាំចូលរថយន្ត ដោយកើនជិត ២៤ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា ពីខែមករាធ្នូ ឆ្នាំ ២០២២ កម្ពុជាបាននាំចូលរថយន្តពីក្រៅប្រទេសក្នុងទឹកប្រាក់ ១ ៤៩២ លានដុល្លារកើនឡើង ២៣,៦ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមាន ១ ២០៧ លានដុល្លារ។ ទឹកប្រាក់កម្ពុជាបញ្ចេញសម្រាប់នាំចូលរថយន្ត គឺស្មើនឹងប្រមាណ ៤,៩៨ ភាគរយនៃចំនួនទឹកប្រាក់កម្ពុជានាំចូលទំនិញពីទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២៩ ៩៤២ លានដុល្លារ។
ទោះយ៉ាងណារបាយការណ៍មិនបានប្រាប់ឱ្យដឹងអំពីប្រភេទ និងចំនួនរថយន្តដែលបាននាំចូលនោះទេ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែកុម្ភៈថា កំណើនទឹកប្រាក់នៃការនាំចូលរថយន្ត គឺបញ្ជាក់ថាសកម្មភាពសេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អឡើងវិញហើយពីវិបត្តិជំងឺកូវីដ ១៩ ស្របពេលដែលប្រាក់ចំណូលគ្រួសាររបស់ប្រជាជនខ្មែរក៏កើនឡើងដែរ។ លោកបន្តថា កំណើនទិន្នផលកសិកម្ម និងការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ គឺសុទ្ធតែត្រូវការយានយន្តសម្រាប់ដឹក។ លើសពីលើនេះការអភិវឌ្ឍផ្លូវថ្នល់កាន់តែច្រើន និងល្អប្រសើរ ក៏ជួយជំរុញឱ្យមានតម្រូវការរថយន្តកើនឡើងដែរ។
លោកបញ្ជាក់ថា៖ «បើទោះបីនៅកម្ពុជាបច្ចុប្បន្ន មានរោងចក្រដំឡើងរថយន្តមួយចំនួនហើយក៏ដោយ ក៏ខ្ញុំគិតថា ការនាំចូលរថយន្តគ្រប់ប្រភេទនឹងបន្តកើនឡើងថែមទៀត»។
លោកប្រាប់ទៀតថា កំណើនការនាំចូលរថយន្ត ក៏ជួយឱ្យរដ្ឋាភិបាលទទួលបានចំណូលកាន់តែច្រើនផងដែរ។
ដើម្បីជំរុញ និងលើកកម្ពស់ការប្រមូលចំណូលពន្ធគយ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយអត្រាពន្ធគយចន្លោះពី ១០ ដល់២០ភាគរយ ដោយបានចាប់ផ្តើមអនុវត្តចាប់តាំងពីដើមខែមីនា ឆ្នាំ ២០២១។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ទឹកប្រាក់នាំចូលរថយន្តកើនឡើង គឺបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាកំពុងមានសម្ទុះល្អ បើទោះបីរថយន្តនោះត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូនទំនិញ ដំណើរទេសចរណ៍ ឬប្រើជាលក្ខណៈគ្រួសារ។ ប្រសិនបើពេលនេះកម្ពុជាមិនមានរោងចក្រដំឡើងរថយន្តក្នុងស្រុក ទឹកប្រាក់នៃការនាំចូលនឹងមានចំនួនច្រើនលើសពីនេះទៀត។
លោកនិយាយថា៖ «បច្ចុប្បន្នបើគេសង្កេតមើលក្នុងទីក្រុងភ្នំពេញ គឺមានរថយន្តនៅគ្រប់ផ្ទះ។ នេះជាដំណើរវិវឌ្ឍន៍របស់សង្គម ហើយក៏ជាការកើនឡើងនៃកម្រិតប្រាក់ចំណូលរបស់ប្រជាជនផងដែរ»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានគយ រកចំណូលបាន ២ ៦៩០,៥ លានដុល្លារ កើនឡើង ១៨,៣ ភាគរយធៀបនឹងឆ្នាំ ២០២១ ក្នុងនោះមុខទំនិញជាយានយន្ត និងគ្រឿងចក្រ មានចំណែក រហូតដល់ ៤៦,២ភាគរយនៃចំណូលសរុប។
ដោយឡែកអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលបានពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំនួន ៤២២ ១៦៨,៩ លានរៀល (១០៤,២៤ លានដុល្លារ) ដែលស្មើប្រហែល ១៣០ ភាគរយនៃផែនការឆ្នាំ ២០២២៕