
ភ្ញៀវទេសចរចិនពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បាននិយាយថា ដើម្បីឱ្យកម្ពុជាអាចទទួលបានចំនួនភ្ញៀវទេសចរចិនច្រើនដូចមុនពេលមានវិបត្តិកូវីដ ១៩ គឺកម្ពុជាត្រូវធ្វើយ៉ាងណាទាក់ទាញភ្ញៀវចិនឱ្យបានចន្លោះពី ៧៨ ពាន់នាក់ក្នុង ១ ថ្ងៃ ខណៈខែមករាកន្លងមក គឺទើបទទួលបានប្រហែល ១ ពាន់នាក់ប៉ុណ្ណោះក្នុង ១ ថ្ងៃ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ១២៥ នាក់ដែលធ្វើដំណើរមកកម្ពុជាពីទីក្រុងប៉េកាំង លើកទី១ តាមជើងហោះហើរ AIR CHINA (CA745) កាលពីព្រឹកថ្ងៃ ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ថោង ខុន បានឱ្យដឹងថា ទោះប្រទេសកម្ពុជាប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ ប៉ុន្តែប្រទេសចិនមិនបានបើកឱ្យប្រជាជនខ្លួនធ្វើដំណើរទៅក្រៅប្រទេសដោយសេរីឡើយ ដោយប្រទេសចិនទើបតែប្រកាសបើកកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣។
លោកបន្តថា ជើងហោះហើរទី១ ចេញពីរដ្ឋធានីប៉េកាំង មករាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះវិស័យទេសចរណ៍កម្ពុជា ព្រោះក្រៅពីភ្ញៀវ គឺយន្តហោះដឹកពួកគេមកនេះ គឺជាយន្តហោះរបស់ក្រុមហ៊ុនរដ្ឋតែម្តង។
លោកបញ្ជាក់ថា៖ «ឆ្នាំនេះយើងនឹងប្រឹងប្រែងដើម្បីឱ្យបានភ្ញៀវទេសចរចិនពី ៨០ ម៉ឺនទៅ ១ លាននាក់ ដោយក្នុងខែមករាកន្លងទៅយើងទើបទទួលបានទេសចរចិនប្រហែល ២៥ ០០០ នាក់ប៉ុណ្ណោះ ដែលតាមធម្មតាទេសចរចិនមកកម្ពុជា ក្នុង ១ ខែ (មុនឆ្នាំ២០២០) អាចមានជិត ២០ ម៉ឺននាក់ ប៉ុន្តែឥឡូវនេះគិតក្នុង ១ ថ្ងៃយើងទើបទទួលបានប្រហែល ១ ពាន់នាក់ប៉ុណ្ណោះ ដូច្នេះយើងត្រូវធ្វើយ៉ាងណាឱ្យទេសចរចិនកើនដល់ ៧៨ ពាន់នាក់ ក្នុង ១ ថ្ងៃ នោះសភាពការណ៍នឹងត្រឡប់មកដូចដើមវិញ (មុនវិបត្តិកូវីដ១៩)»។
លោកបន្ថែមថា ទោះបីពេលនេះមានប្រទេសមួយចំនួនបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅប្រទេសចិន ក៏កម្ពុជាមិនមានក្តីបារម្ភទេ ព្រោះភ្ញៀវចិនដែលចេញក្រៅប្រទេសគឺបានឆ្លងកាត់ការពិនិត្យសុខភាពនៅប្រទេសចិនខ្លះៗហើយ ខណៈប្រជាជនខ្មែរភាគច្រើន គឺសុទ្ធតែបានទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ រួចរាល់។
អង្គការទេសចរណ៍ពិភពលោកធ្លាប់បានលើកឡើងថា ក្នុងចំណោមប្រជាជនចិនទាំងជាង ១,៤ ពាន់លាននាក់ គឺអ្នកមានលទ្ធភាពចេញដើរកម្សាន្តនៅក្រៅប្រទេស មានប្រហែល ៣០០ លាននាក់ ខណៈកាលពីឆ្នាំ ២០១៩ គឺមានអ្នកចេញដើរលេងក្រៅប្រទេសប្រហែល ១៥០ លាននាក់ប៉ុណ្ណោះ។ នេះបើតាមលោក ថោង ខុន។
លោកលើកឡើងទៀតថា កន្លងមកកម្ពុជាបានធ្វើកិច្ចការជាច្រើនដើម្បីរង់ចាំទទួលភ្ញៀវចិន តាមរយៈការបណ្តុះបណ្តាលអ្នកជួរមុខ (រដ្ឋ និងឯកជន) ឱ្យចេះភាសាចិន សេវាឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរចិន ការរៀបចំសៀវភៅស «China Ready» និងការអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់យន់ សម្រាប់ការទូទាត់ ជាដើម។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលចូលរួមក្នុងពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិន តាមជើងហោះហើរលើកទី១ របស់ AIR CHINA បានប្រាប់ថា ការមកដល់របស់ភ្ញៀវទេសចរចិន នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា ព្រោះនៅមុនពេលមានការបិទខ្ទប់ (វត្តមានរបស់កូវីដ ១៩) គឺភ្ញៀវមកពីប្រទេសចិន បានកាន់កាប់ចំណែកទីផ្សារទេសចរណ៍នៅកម្ពុជាជាង ៣០ភាគរយ។
ការត្រឡប់មកវិញរបស់ភ្ញៀវចិន នឹងជួយបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់អ្នកក្នុងវិស័យទេសចរណ៍។ លោកស្រីបន្តទៀតថា ការមកដល់របស់ភ្ញៀវចិន គឺមិនត្រឹមតែផ្តល់ចំណូលដល់អ្នកក្នុងវិស័យទេសចរណ៍ផ្ទាល់ប៉ុណ្ណោះទេ តែក៏នឹងផ្តល់ផលដោយប្រយោលទៅប្រជាកសិករដែលជាអ្នកដាំដុះកសិផលយកមកធ្វើជាម្ហូបអាហារផងដែរ។
លោកស្រីថ្លែងថា៖ «បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសឱ្យជនជាតិខ្លួនអាចធ្វើដំណើរចេញក្រៅប្រទេសបាន គឺគេឃើញមានការសាកសួរព័ត៌មានច្រើនពីដំណើរទេសចរណ៍មកកម្ពុជា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ធ្លាប់បានប្រកាសបើកទទួលភ្ញៀវទេសចរចិនដោយមិនរើសអើង (ប្រទេសមួយចំនួននៅស្ទាក់ស្ទើរក្នុងការទទួលភ្ញៀវចិន ដោយបារម្ភពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅប្រទេសចិន) ដោយលោកលើកឡើងថា បើភ្ញៀវទេសចរចិនមកកម្ពុជាច្រើននឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់កាន់តែខ្លាំង ខណៈវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម (លើកលែងវិស័យទេសចរណ៍) បានបង្ហាញពីកំណើនជាបន្តបន្ទាប់រួចទៅហើយ។ លោកបន្ថែមថា ទេសចរចិននឹងចូលរួមចំណែកច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងដំណាក់កាលនេះ ក៏ដូចជានៅពេលអនាគត។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២ ២៧៦ ៦២៦ នាក់ កើន ១ ០៥៨,៦ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ១៩៦ ៤៩៥ នាក់។ ក្នុងនោះភ្ញៀវជនជាតិចិនចំនួន ១០៦ ៨៧៥ នាក់ កើន ១៣៣,៥ ភាគរយធៀបឆ្នាំ ២០២១។ ក្នុងឆ្នាំ ២០១៩ ជាពេលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតជាង ៦,៦ លាននាក់ គឺភ្ញៀវចិន មានចំនួន ២ ៣៦១ ៨៤៩ នាក់៕