កំពង់ឆ្នាំងៈ របរដាំដំណាំកសិកម្មតាមរដូវកាលខ្លី ដូចជា ដំណាំ សាលាដ ស្ពៃ ខាត់ណា...គេមិនសូវឃើញប្រជាកសិករដាំដំណាំតែ ១ មុខក្នុងភូមិតែ ១ រហូតដល់រាប់រយគ្រួសារឡើយ ហើយដំណាំនោះក៏ដាំដុះមិនសូវបានជាប់លាប់រាប់ខែរាប់ឆ្នាំដែរ។
ក៏ប៉ុន្តែសម្រាប់ប្រជាកសិកររស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាង ១៦០ គ្រួសារវិញ បានដាំដំណាំខ្ទឹមស្លឹកដែលអាចប្រមូលផលបានប្រមាណ ៤ តោនក្នុង ១ ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ដកំពង់ឆ្នាំង និងនៅតាមបណ្តាខេត្តមួយចំនួនទៀតផង។ «ខ្ញុំពេញចិត្តនឹងមុខរបរដាំខ្ទឹមរបស់ខ្ញុំណាស់ ហើយខ្ញុំនឹងបន្តដល់កូនចៅខ្ញុំជំនាន់ក្រោយៗទៀត។ បើចំខែស្លឹកខ្ទឹមឡើងថ្លៃវិញគឺចំណូលខ្ញុំបានគ្រាន់បើមែនទែនលោកគ្រូ!ខ្ញុំធ្វើខ្ទឹមតែ ១ ខែកន្លះទេឬយ៉ាងយូរ ២ ខែ ខ្ញុំប្រមូលផល និងលក់បានប្រហែល ២ ពាន់ដុល្លារដែរ»។ នេះជាការលើកឡើងរបស់អ្នកស្រី សែត ផៃ អាយុ ៤០ ឆ្នាំ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ។
អ្នកស្រី សែត ផៃ បាននិយាយថា អ្នកស្រីបានចាប់យករបរដាំខ្ទឹមនេះតាំងពីឆ្នាំ ២០០០ មកម្ល៉េះ ដែលកាលនោះគាត់មានផ្ទៃដីតែជាង ១០ ហិកតាទេ សម្រាប់ដាំដំណាំខ្ទឹមយកស្លឹកសម្រាប់បោះឱ្យម៉ូយនៅតាមទីផ្សារក្នុងខេត្តកំពង់ឆ្នាំង និងយកមកលក់នៅភ្នំពេញខ្លះ ប៉ុន្តែពាក់ព័ន្ធនឹងបច្ចេកទេសដាំខ្ទឹមវិញ គឺអ្នកស្រី និងស្វាមីបានសិក្សាពីគេនិងបានពីការចេះចាំខ្លួនឯងខ្លះផង។
អ្នកស្រីបន្តថា ការដាំដំណាំកសិកម្មដោយមិនបានចេះបច្ចេកទេសដាំដុះត្រឹមត្រូវក៏ជាផលវិបាកមួយផ្នែកដែរពោលគឺពេលយើងដាំដុះបានជាផលមែន ប៉ុន្តែយើងមិនអាចទទួលផលទៅតាមការរំពឹងទុករបស់យើងបានឡើយ។
ម្យ៉ាងគឺវាមិនស័ក្ដិសមនឹងកម្លាំងពលកម្ម និងដើមទុនដែលយើងចំណាយក្នុងការដាំដុះ ១ រដូវៗ។ ប៉ុន្តែក្រោយពីអ្នកស្រីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងមកគឺអ្នកស្រីទទួលបានផលច្រើនជាងមុន។
អ្នកស្រី សែត ផៃ បានបញ្ជាក់ថា៖ «យើងដាំដុះទៅតាមទម្លាប់កាលពីមុនហើយយើងក៏មិនទាន់ចេះពីបច្ចេកទេសប្រើជីយ៉ាងម៉េចឱ្យត្រូវនឹងដី ឱ្យត្រូវនឹងដំណាំយើង។ ហេតុដូច្នេះហើយពេលយើងប្រមូលផលមកវិញបានតិច ជួនកាលខាតដើមទៀត តែក្រោយពីមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបង្ហាត់បង្រៀនមកទិន្នផលស្លឹកខ្ទឹមខ្ញុំ កើនច្រើនជាងមុន»។
បើតាម អ្នកស្រី សែត ផៃ បច្ចុប្បន្នអ្នកស្រីមានដីខ្លួនឯងសម្រាប់ដាំដំណាំខ្ទឹមយកស្លឹកជាង ៨០ ហិកតា ហើយក្នុងផ្ទៃដីទំហំជាង ៨០ ហិកតានេះ គឺអ្នកស្រីប្រមូលផលជាស្លឹកខ្ទឹមបានពី ២០០ ទៅ ៣០០ គីឡូក្រាមក្នុង ១ ថ្ងៃៗ ឬថ្ងៃខ្លះអាចលោតដល់ ៤០០គីឡូក្រាមក៏មាន។ផលស្លឹកខ្ទឹមកើនឡើងនេះក៏ដោយសារមន្ទីរកសិកម្មជួយទាំងបច្ចេកទេសដាំដុះ ជួយទាំងរកទីផ្សារឱ្យ។ បច្ចុប្បន្ននេះអ្នកស្រីក៏ជាសមាជិកក្នុងសហគមន៍ទឹកហូតមានជ័យក្ដីសង្ឃឹម ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងម្នាក់ដែរ ក្នុងចំណោមសមាជិកជាង ៥៨០ គ្រួសារ ដែលក្នុងនោះមានជាង ១៦០ គ្រួសារប្រកបរបរដាំខ្ទឹមយកស្លឹកហើយក្រៅពីនោះមានរបរផ្សេងៗទៀត។
អ្នកស្រី សែត ផៃ និយាយថា៖ «ស្លឹកខ្ទឹមរយៈពេល ២ ខែទើបបានប្រមូលផល តែបើដីល្អរយៈពេលតែ ១ ខែកន្លះ គឺវាឱ្យផលហើយ។ ផលស្លឹកខ្ទឹមនេះបើប៉ះចំខែថ្លៃ គឺគ្រាន់បើមែនទែន បើគេមានដីច្រើនដូចខ្ញុំអាច ១ រដូវ (២ខែ) លក់បាន ២ ពាន់ដុល្លារដែរ ហើយផាត់ថ្លៃដើមចេញខ្ញុំនៅសល់ប្រហែល ១ ពាន់ដុល្លារ»។
ពាក់ព័ន្ធនឹងសហគមន៍នេះដែរ លោកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នសមាជិកនៅក្នុងសហគមន៍មានចំនួន ៥៨១ គ្រួសារ (ស្រី ៤១៥ នាក់)។ ប៉ុន្តែគ្រួសារដែលជាសមាជិកដាំខ្ទឹមស្លឹកចំនួនជាង ១៦០ គ្រួសារ និង ១៨ គ្រួសារទៀតប្រកបរបរចិញ្ចឹមមាន់ ហើយក្រៅពីនោះមានមុខរបរផ្សេង។ ចំពោះផលស្លឹកខ្ទឹមវិញ ជាមធ្យមសមាជិកនៅក្នុងសហគមន៍នេះអាចផ្គត់ផ្គង់បាន ៤ តោនក្នុង ១ ថ្ងៃ ហើយសហគមន៍អាចផ្គត់ផ្គង់ស្លឹកខ្ទឹមបានពេញៗ ១ ឆ្នាំជារៀងរាល់ឆ្នាំទៀតផង។
បើតាមលោកស្រី រិទ្ធ ចន្ថា អតិថិជនភាគច្រើនដែលទទួលទិញស្លឹកខ្ទឹមមាន នៅក្នុងទីរួមខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ (ផ្សារឧដុង្គ ផ្សារអូដឹម ផ្សារបាត់ដឹង ផ្សារថ្នល់ទទឹង) ខេត្តបាត់ដំបង ពោធិ៍សាត់ ផ្សារដើមគ និងជាមធ្យមលក់ក្នុងតម្លៃ ៤ ០០០ រៀលក្នុង ១ គីឡូក្រាម។
ការនិយមទិញស្លឹកខ្ទឹមរបស់ស្រុករលាប្អៀរពីសំណាក់អតិថិជនកន្លងមកនេះក៏ដោយសារស្លឹកខ្ទឹមមានចំណុចពិសេស បៃតងស្រស់ មានក្លិនឈ្ងុយ។ សហគមន៍មានប្រភពទឹកស្រោចស្រពចម្ការខ្ទឹមពេញ ១ ឆ្នាំ រីឯដីក៏មានជីវជាតិល្អងាយស្រួលក្នុងការផលិតផលដំណាំខុសពីតំបន់ផ្សេងៗ។
លោកស្រីបញ្ជាក់ថា៖ «ស្លឹកខ្ទឹមក្នុងស្រុករលាប្អៀរជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ប៉ុន្តែពេលនេះសហគមន៍ខ្វះទុនផលិតមិនទាន់តម្រូវការទីផ្សារ។ដោយសារតែមិនទាន់មានឧបករណ៍ទំនើប (ម៉ាស៊ីនស្ទូងខ្ទឹម) ចំណេះដឹងរបស់បង
ប្អូនកសិករនៅមានកម្រិត តែមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងក្នុងការងារនេះ»។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពាក់ព័ន្ធនឹងការងារដាំខ្ទឹមនៅសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹមនៅឃុំទឹកហូត ក្នុងស្រុករលាប្អៀរ គឺពីដើមឡើយប្រជាកសិករនៅដាំដំណាំខ្ទឹមរាយប៉ាយទៅតាមគ្រួសារនីមួយៗ។ ប៉ុន្តែក្រោយមកដោយមើលឃើញពីការព្យាយាមធ្វើកសិកម្មរបស់ប្រជាកសិករមានភាពសកម្មទើបមន្ទីរកសិកម្មរបស់លោករៀបចំចងក្រងឱ្យទៅជាសហគមន៍ ដើម្បីងាយស្រួលជួយដល់ពួកគាត់ ដោយមានការបណ្តុះបណ្តាលពីមុខជំនួញ និងមុខរបរផ្សេងៗ និងជួយរកទីផ្សារ។
លោកបន្តថា លើសពីនេះទៅទៀតតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួយបុកអណ្តូងដើម្បីទាញយកទឹកស្រោចស្រពដំណាំ ថែមទាំងបានជួយបំពាក់ទុយោទឹកដើម្បីឱ្យប្រជាកសិករមានភាពងាយក្នុងការងារកសិកម្មរបស់ពួកគាត់។ ចំពោះការប្រើប្រាស់ជីវិញ គឺប្រជាកសិករប្រើតែជីធម្មជាតិប៉ុណ្ណោះក្នុងការដាំដែលចំណេះដឹងនេះ ជាការបណ្តុះបណ្តាលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
លោកបានប្រាប់ថា៖ «ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកជួយបុកអណ្តូង ហើយរៀបចំជាប្រព័ន្ធទឹកស្រោចស្រពលើផ្ទៃដីជិត ១០០ ហិកតា។ក្រៅពីនេះក៏មានរៀបចំជាប្រព័ន្ធភ្លើងអគ្គិសនីក្នុងការទាញយកទឹក ពោលគឺបាញ់ស្រោចសព្វកន្លែងតែម្តង»៕