​ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នឹង​រៀបចំ​ផែនការ​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល ប្រយុទ្ធ​ប្រឆាំងនឹង​អ្នកផ្ដល់​កម្ចី​ក្រៅផ្លូវការ ក្រោយពី​មាន​សកម្មភាព​ផ្សព្វផ្សាយ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ជាពិសេស​សេវា​ឥណទាន តាមរយៈ​ទូរស័ព្ទ បណ្តាញ​សង្គម​នានា និង​អន​ឡាញ យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ស្ថានភាព​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​វិធានការ​បុ​រេ​សកម្ម​ឆ្លើយតប​ទៅនឹង​ការផ្ដល់សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ កាលពី​ថ្ងៃទី​​ ៧ ខែកុម្ភៈ លោក​ រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​លើកឡើងថា កន្លងទៅ មាន​សកម្មភាព​ផ្សព្វផ្សាយ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ជាពិសេស​សេវា​ឥណទាន តាមរយៈ​ទូរស័ព្ទ បណ្តាញ​សង្គម​នានា និង​អន​ឡាញ​។ សកម្មភាព​នេះ​បាន​បង្ក​ផលវិបាក​ជាច្រើន​មកលើ​សេដ្ឋកិច្ច និង​សង្គម​តាមរយៈ ការយក​អត្រា​ការប្រាក់​ខ្ពស់​ហួសហេតុ ការគំរាមកំហែង​បំភិតបំភ័យ ការអនុវត្ត​កិច្ចសន្យា​មិន​សុចរិត ដោយ​បង្កប់​នូវ​ការ​កេងចំណេញ​ហួសហេតុ​ពី​អ្នក​ខ្ចីប្រាក់ ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ របស់​ពលរដ្ឋ និង​ធ្វើឱ្យ​ធ្លាក់​ក្នុង​បំណុល​ច្រើន​លើសលប់​។

​លោក​ សោភ័ណ បន្ថែមថា ការផ្តល់​ឥណទាន​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ វា​នាំឱ្យ​កើតមាន​បញ្ហា​សង្គម​ច្រើន ដោយ​ខាង​សមាគម​ពិបាក​ក្នុងការ​ក្តាប់​ព័ត៌មាន ដែល​ការណ៍​នេះ បាន​ជះឥទ្ធិពល​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ជំនឿ​ទុកចិត្ត​របស់​សាធារណជន បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ នៅ​កម្ពុជា​ទាំងមូល​។ «​នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ​សមាគម​ទាំង ​២ មាន​ផែនការ​រៀបចំ​ឱ្យមាន​ការអប់រំ​បណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ ទាក់ទិន​ទៅនឹង​ថា តើ​មាន​ស្ថាប័នហិរញ្ញវត្ថុ​ណាខ្លះ ដែល​ស្របច្បាប់ និង​ស្ថាប័ន​ណា ដែល​មិន​ស្របច្បាប់ ដល់​ពលរដ្ឋ​នៅតាម​សហគមន៍ ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្បាស់​មុននឹង​សម្រេចចិត្ត​ខ្ចីប្រាក់​ពី​ស្ថាប័ន​នោះ​»​។​

​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​ឱ្យដឹង​ដែរ​ថា សមាគម​នឹង​ចាប់ផ្តើម​បញ្ជ្រាប​ការយល់ដឹង​ទាក់ទង​ទៅនឹង​ការបញ្ចៀស​ការទទួលបាន​ឥណទាន​ពី​ស្ថាប័ន​ក្រៅផ្លូវការ ដល់​អាជ្ញាធរ​នៅតាម​សហគមន៍ ដើម្បីឱ្យ​ពួកគាត់​ផ្សព្វផ្សាយ និង​អប់រំ​បន្ត​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​។​

​លោក​បន្តថា នៅក្នុង​ការអនុវត្ត​បន្តបន្ទាប់​ទៀត សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នឹង​រៀបចំ​ជា​បញ្ជី​ឈ្មោះ​ស្ថាប័ន ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ធនាគារជាតិ ហើយ​ចែក​ជូនទៅ​សហគមន៍​នីមួយៗ ដើម្បីឱ្យ​ពួកគាត់​អាច​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ទទួលយក​កម្ចី​ពី​ស្ថាប័ន​ទាំងនោះ​។

​លោក​ សុខ វឿន បញ្ជាក់​ដូច្នេះ​ថា​៖ «​ការផ្តល់សេវា​ឥណទាន តាមរយៈ​អន​ឡាញ​នេះ មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ ដោយ​វា​ជាការ​ប្រសើរ បើសិនជា​ស្ថាប័ន​ដែល​ផ្តល់​កម្ចី​នោះ​ជា​ស្ថាប័ន​មានច្បាប់​ត្រឹមត្រូវ តែ​វា​នឹងមាន​ហានិភ័យ បើសិនជា​ស្ថាប័ន​នោះ មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ធនាគារជាតិ​។ អ្វីដែល​យើង​មើលឃើញ​នាពេល​បច្ចុប្បន្ននេះ ការផ្តល់សេវា​តាម​ប្រព័ន្ធ​អន​ឡាញ ស្ទើរ​ទាំងអស់ គឺ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​ទេ​។ ដូច្នេះហើយ ការផ្តល់​កម្ចី​តាម​អន​ឡាញ​សព្វថ្ងៃ គឺ​រង​ផលប៉ះពាល់​ខ្លាំង ដល់​កេរ្តិ៍ឈ្មោះ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ »​។​

​បើតាម​សមាគម​ធនាគារ​នៅ​កម្ពុជា នៅ​ឆ្នាំ​ ២០២២​ នេះ ប្រព័ន្ធ​ធនាគារ​កម្ពុជា​សម្រេចបាន​លទ្ធផល​ល្អ និង​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​គាំទ្រ​កំណើនសេដ្ឋកិច្ច ដែល​ត្រូវបាន​ប៉ាន់​ស្មានថា ងើបឡើង​វិញ ក្នុង​អត្រា ៥,១%​។ អត្រា​ប្តូរ​ប្រាក់រៀល ធៀប​នឹង​ដុល្លារ​អាមេរិក​ត្រូវបាន​រក្សា​ឱ្យមាន​ស្ថិរភាព​ក្នុង​រង្វង់ ៤ ១០២ ​រៀល ក្នុង ១ ​ដុល្លារ​អាមេរិក ហើយ​អត្រា​អតិផរណា​ប្រចាំឆ្នាំ​ ២០២២ មាន​កម្រិត ៥,៥%​។

​បច្ចុប្បន្ននេះ ប្រព័ន្ធ​ធនាគារ​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ ៦០, ធនាគារ​ឯកទេស ៩, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ៨២, គ្រឹះស្ថាន​ឥណទាន​ជនបទ ២២៤, គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ ១៦, អ្នកដំណើរ​កា​រត​តិ​យ​ភាគី ៥, គ្រឹះស្ថាន​ផ្តល់ សេវា​ទូទាត់​សង​ប្រាក់ ៣៤, អ្នកផ្តល់​សេវា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ១, ការិយាល័យ​តំណាង​ធនាគារ​បរទេស ៦ និង​អាជីវកម្ម​ប្ដូរប្រាក់ ២ ៨៦៩៕