ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ​(EU)​ បាន​កើនឡើង​គួរឱ្យកត់សម្គាល់​កាលពី​ឆ្នាំ​ ២០២២ ដោយមាន​ទឹកប្រាក់​ជាង ​៤​ ពាន់​លាន​ដុល្លារ កើន​ជាង ១/៤​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ទ្វេភាគី​ទាំង​ ២ មាន​ចំនួន​សរុប​ជាង ៤,៨​ ពាន់​លាន​ដុល្លារ កើនឡើង​ជិត ១៦ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម​។​

​ទិន្នន័យ​ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា ជាមួយ​សហភាព​អឺរ៉ុប មាន​ទឹកប្រាក់​សរុប ៤ ៨៥៧​ លាន​ដុល្លារ កើន​ ១៥,៩២​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៤ ១៩០ ​លាន​ដុល្លារ​។ ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​សហភាព​អឺរ៉ុប មាន​ចំនួន ៤ ០៤៥​ លាន​ដុល្លារ កើនឡើង ២៥,២៧ ​ភាគរយ​ពី​ចំនួន ៣ ២២៩​ លាន​ដុល្លារ និង​ទំនិញ​នាំ​ពី​សហភាព​អឺរ៉ុប​មក​កម្ពុ​ជាមាន ៨១២​ លាន​ដុល្លារ ធ្លាក់ចុះ ១៥,៥​ ភាគរយ​ពី​ចំនួន ៩៦១ ​លាន​ដុល្លារ​។​

​ក្រសួងពាណិជ្ជកម្ម ឱ្យដឹងទៀតថា សម្រាប់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន ក្នុង​ឆ្នាំ ​២០២២ រួមមាន អាល្លឺម៉ង់ ចំនួន ១ ០៨៤​ លាន​ដុល្លារ កើន ២៣ ​ភាគរយ​, បែលហ្ស៊ិក ៦៤២ ​លាន​ដុល្លារ កើន ២៦ ​ភាគរយ​, ហូ​ឡង់ ៥៥៣​ លាន​ដុល្លារ កើន ២៥ ​ភាគរយ និង​បារាំង ៤២៣​ លាន​ដុល្លារ កើនឡើង ២៨​ ភាគរយ​។ សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី គឺ​អាល្លឺម៉ង់ មាន​ចំនួន ១ ២៤៧​ លាន​ដុល្លារ កើន ១៩,៣៣ ​ភាគរយ , បែលហ្ស៊ិក ៧៣២ ​លាន​ដុល្លារ កើន ៣២,៣៦ ​ភាគរយ​, ហូ​ឡង់ ៥៩៧​ លាន​ដុល្លារ កើន ២៧,០២ ​ភាគរយ និង​ប្រទេស​បារាំង ៥៤២ ​លាន​ដុល្លារ កើនឡើង ២៥,៧៥​ ភាគរយ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានឱ្យដឹង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០២២ និង​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​ ២០០៣ កាលពី​ថ្ងៃទី​ ៣០ ខែមករា ឆ្នាំ​ ២០២៣ ថា តាមរយៈ​ទិសដៅ​ការងារ​ដែល​បានដាក់​ចេញ​កាលពីដើមឆ្នាំ​ ២០២២ ក្រសួងពាណិជ្ជកម្ម បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម ដោយបាន​កែប្រែ​បញ្ហា​ប្រឈម​ឱ្យទៅជា​ឱកាស​តាមរយៈ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ការកាត់បន្ថយ​ចំណាយ និង​ការពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ និង​បាន​បង្កលក្ខណៈ​ងាយស្រួល និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ក្រសួង​បាន​ចូលរួម​ជំរុញឱ្យមាន​កំណើន​ការនាំចេញ តាមរយៈ​ការប្រើប្រាស់​ទីផ្សារ​អនុគ្រោះ​ដែលមាន​ស្រាប់ និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​បន្ថែម​ដូចជា ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​នានា​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៧ ខែកុម្ភៈ​ថា ការផ្តល់ឱ្យ​របស់​សហ​ភាព​អឺរ៉ុប​នូវ​គម្រោង​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​ (EBA) ចំពោះ​ទំនិញ​ផលិត​នៅ​កម្ពុជា គឺ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប ​(​នាំចូល EU ដោយ​មិន​ជាប់​ពន្ធគយ​)​។

​ទោះ​ពេលនេះ EU បាន​ដកចេញ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ EBA ពី​កម្ពុជា ក៏​ការនាំ​ទៅកាន់​ទីនោះ​នៅតែ​រក្សាបាន​នូវ​សញ្ញា​វិជ្ជមាន​ដដែល ពិសេស​ផលិតផល​កាត់ដេរ ស្បែកជើង កាបូប និង​កង់​។ លោក​បន្តថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ជាង ២ ​ទសវត្សរ៍​មកនេះ គឺ​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​គាំទ្រ​យ៉ាងសកម្ម​របស់​ទីផ្សារ​សហភាព​អឺរ៉ុប​បានឡើយ​។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ប្រព័ន្ធ EBA កំពុង​ដើរតួនាទី​សំខាន់​សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​។ ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ទីនោះ​នឹង​បន្ត​កើនឡើង​ថែមទៀត​»​។

​លោក​បន្ថែមទៀតថា​៖ «​សម្រាប់​ពេលអនាគត ទោះជា EBA ត្រូវ​បាត់បង់​ទាំងស្រុង ក៏​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា សហភាព​អឺរ៉ុប​នឹង​នៅតែ​ជាទី​ផ្សារ​ដ៏​សំខាន់​របស់​កម្ពុជា ព្រោះ​ផលិតផល​កម្ពុជា​ទទួល​បានការ​គាំទ្រ​ផ្នែក​គុណភាព​រួចទៅហើយ​នាពេលនេះ​»​។​

​លោក Anthony Galliano អគ្គនាយក Cambodia Investment Management Co Ltd ធ្លាប់​និយាយថា EU គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​កម្ពុជា ខណៈ​ការនាំ​ទំនិញ​កម្ពុជា​ទៅ​ទីនោះ​នឹង​បន្ត​កើនឡើង​ទៀត​៕