​ភ្នំពេញៈ ធនាគារ​ប្រៃសណីយ៍​កម្ពុជា ​(CP Bank) និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់ប្រាក់​កម្ចី​ចំនួន ១០ ​លាន​ដុល្លារ ដើម្បី​ផ្តល់ឱ្យ សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ​(MSMEs) ក្នុងន័យ​គាំទ្រ​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​ពី​វិបត្តិ​សុខភាព ដែល​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង ​២​ ឆ្នាំកន្លងមក​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​សម្រេច​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ដែល​នឹង​ផ្តល់​ដល់ MSMEs ដែលមាន​ចំនួន ៩៩,៨​ ភាគរយ​នៃ​សហគ្រាស​ទាំងអស់​នៅ​កម្ពុជា និង​ផ្តល់​ការងារ​រហូតដល់ ៧២ ភាគរយ​នៃ​កម្លាំង​ពលកម្ម​។ MSMEs នៅ​កម្ពុជា មាន​កម្រិត​លទ្ធភាព​ទ​ទួលបាន​សេវា​ហិរញ្ញប្បទាន​តិចជាង ២០ ​ភាគរយ​នៃ​សហគ្រាស​ដែល​មិនបាន​ចុះបញ្ជី​ទទួលបាន​ប្រាក់កម្ចី ឬ​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ ភាគច្រើន​នៃ MSMEs ត្រូវបាន​គ្រប់គ្រង​ដោយ​ស្ត្រី​។ បញ្ហា​ប្រឈម​សម្រាប់​សហគ្រិន​ស្ត្រី គឺមាន​លក្ខណៈ​លំបាក​ដោយមាន​តិចជាង ៥​ ភាគរយ​មានលទ្ធភាព​ទទួលបាន​ឥណទាន​ផ្លូវការ​។​

ADB ឱ្យដឹងថា​៖ «ADB​ នឹង​ជួយ​ធនាគារ CP ក្នុងការ​ដាក់បញ្ចូល​ស​ម​ភាព​យេនឌ័រ និង​ការពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​ទៅក្នុង​សកម្មភាព​អាជីវកម្ម​របស់ខ្លួន តាមរយៈ​ការបង្កើត​ផែនការ​សកម្មភាព​យេនឌ័រ និង​ការតែងតាំង​ជន​បង្គោល​យេនឌ័រ​កម្រិត​បុគ្គលិក​»​។​

​លោក Ashok Lavasa អនុប្រធាន ​ADB ទទួលបន្ទុក​ប្រតិបត្តិការ​វិស័យ​ឯកជន និង​ភាពជា​ដៃគូ​សាធារណៈ​ឯកជន បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការបង្កើន​លទ្ធភាព​ទ​ទួលបាន​ទុន​បង្វិល និង​ហិរញ្ញប្បទាន​រយៈពេល​វែងរ​បស់ MSMEs គឺ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដោយ​មិន​ត្រឹមតែ​សម្រាប់​កំណើន​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ការបង្កើត​ការងារ និង​ការស្តារ​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ​ផងដែរ​។​

​លោក​បាន​និយាយថា​៖ «​ការផ្តល់​ហិរញ្ញប្បទាន​នេះ​នឹង​គាំទ្រ​ដល់​ប្រាក់ចំណេញ​នៃ​អាជីវកម្ម​ទាំងនេះ​ដោយ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រកួតប្រជែង​របស់​ពួកគេ និង​ផ្តល់ឱ្យ​ពួកគេ​នូវ​លទ្ធភាព​ទទួលបាន​បណ្តាញ​ផលិតកម្ម​ក្នុងស្រុក និង​អន្តរជាតិ​»​។​

​អគ្គនាយក​នៃ​ធនាគារ CP Bank លោក តូច ចៅ​ចេក បាន​និយាយថា ធនាគារ CP បានផ្តល់​អាទិភាព​ដល់​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ដើម្បី​ជួយ​ពួកគេ​ឱ្យ​រីកចម្រើន និង​វិ​វ​ឌ្ឍ ដូច្នេះ​ពួកគេ​អាចបង្កើត​ការងារ​បន្ថែម និង​ពង្រីក​ការរួមចំណែក​ដល់​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ​។​

​លោក​ថ្លែងថា​៖ «​ជំនួយ​ពី ADB នឹង​ជួយ​ពួកយើង​ក្នុងការ​ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​បន្ថែម​ទៅដល់​អាជីវកម្ម​ដែល​មិនទាន់​បានទទួល​សេវា​ទាំងនេះ ខណៈពេលដែល​វា​ក៏​នឹង​ជួយ​ដល់​តម្រូវការ​ទុន​បង្វិល និង​ការវិនិយោគ​របស់​ពួកគេ​ផងដែរ​»​។​

​បច្ចុប្បន្ន CP Bank គឺជា​ស្ថាប័នហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូលរួម ​(PFI) ​ជាច្រើន​នៃ​ការបន្ត​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម ​(BRGS)​ ចំនួន ២០០​ លាន​ដុល្លារ របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ភីអិលស៊ី (CGCC)​ ដើម្បី​ផ្តល់​ប្រាក់កម្ចី​ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​៕