ភ្នំពេញៈ កម្ពុជា​បានកំណត់​គោលដៅ​នាំចេញ​អង្ករ​ឱ្យបាន ៧៥ ​ម៉ឺន​តោន ​ក្នុង​ឆ្នាំ​ ២០២៣ និង ១​ លាន​តោន​ក្នុង​ឆ្នាំ​ ២០២៥ ខណៈ​កាលពី​ឆ្នាំ​ ២០២២ កន្លងមក ការនាំចេញ​អង្ករ​សម្រេចបាន ៦៣៧ ០០៤ តោន​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​។​

​ផែនការ​នេះ​ត្រូវបាន​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ចាន់ សុ​ឃាំង លើកឡើង​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​រាយការណ៍​ពី​វឌ្ឍនភាព​ការងារ​ស្រូវ​អង្ករ​របស់ CRF ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ​៧ ខែកុម្ភៈ​។​

​លោក ចាន់ សុ​ឃាំង បាន​លើកឡើងថា CRF បានដាក់​ផែនការ​បន្ត​ពង្រឹង​អភិបាល​កិច្ចដឹកនាំ​ក្នុង​សហព័ន្ធ ដោយបាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ​៥​ ឆ្នាំ ​(២០២៣-២០២៧) និង​បន្ត​សហការ​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម (​តាមរយៈ​ក្រុមហ៊ុន ហ្រ្គី​ន​ត្រេ​ដ​) ក្នុង​ការបើក​ច្រក​ទីផ្សារ​ថ្មីៗ​ជាពិសេស​ទីផ្សារ​ប្រទេស​ហ្វីលីពីន ព្រមទាំង​ពង្រីក​ទីផ្សារ​នាំចេញ​សក្តានុពល​ដទៃទៀត តាមរយៈ​ការចូលរួម​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម (​ខែកុម្ភៈ​) ប្រទេស​ថៃ (​ខែឧសភា​) និង​អាល្លឺម៉ង់ (​ខែតុលា​) ក៏ដូចជា​ក្នុង​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជ​កម្ម​ទៅ​តំបន់ និង​ប្រទេស​គោលដៅ​មួយចំនួន​ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង អាមេរិក កាណាដា និង​អូស្ត្រាលី​។ ជាមួយគ្នានេះ CRF ក៏​នឹងធ្វើ​ការផ្សព្វផ្សាយ​ម៉ាក​អង្ករ​ដែល​ចុះបញ្ជី​រួច​ដូចជា​«​ម្លិះ​អង្ករ​» និង​ម៉ាក​សមូហភាព «SKO»​​ និង​អង្ករដំណើប​ស្បៃ​មង្គល ​«DSMK»​។​

​លោក​ថ្លែងថា​៖ «​ផែនការ​សកម្មភាពរ​បស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គឺ​សំដៅ​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ ដោយ​កំណត់​យក​គោលដៅ​នាំចេញ​អង្ករ​ឱ្យបាន​ចំនួន ៧៥ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ ​២០២៣ និង​ឈានដល់​ ១ ​លាន​តោន​ក្នុង​ឆ្នាំ ​២០២៥»​។​

​លោក​បន្តថា​៖ «​សហព័ន្ធ​ក៏មាន​ផែនការ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ពង្រីក​ទីផ្សារ​ទៅ​ប្រទេស​ចិន​ឱ្យបាន​ច្រើនជាង ៤០ ​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ​តទៅ ពិសេស​បន្តធ្វើ​ពិពិធ​កម្ម​ទៅ​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ ទៅកាន់​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CRF ក្នុង​ឆ្ នាំ​២០២២ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន ៦៣៧ ០០៤​តោន ដែលមាន​តម្លៃ​ប្រមាណ ៤១៤,២៩ ​លាន​ដុល្លារ​។ ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន ​(​រួមទាំង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ​) មាន​បរិមាណ​ច្រើនជាងគេ គឺ ២៨៨ ៨៣០ ​តោន ស្មើនឹង ៤៥ ​ភាគរយ​នៃ​ការនាំចេញ​សរុប​, ប្រទេស​ទ្វីបអឺរ៉ុប ​(២៥ ​ប្រទេស​) ២២១ ៥០៤ ​តោន ស្មើ ៣៥​ ភាគរយ​, សមាជិក​អាស៊ាន ​(៤ ​ប្រទេស​) ៦៤ ៧៣៣ ​តោន ស្មើ ១០​ ភាគរយ និង​គោលដៅ​ផ្សេងៗ ៦១ ៩៣៧​ តោន ស្មើ ១០ ​ភាគរយ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​និយាយថា ស្រូវ​អង្ករ ជា​វិស័យ​មួយ​ដែល​រដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត និង​ត្រូវបាន​លើកយក​ធ្វើជា​ប្រធានបទ​សម្រាប់​ការជជែក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នានា​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​។

លោក​បន្ថែមថា ដើម្បី​លើកកម្ពស់​ការនាំចេញ​អង្ករ ក្រសួង បាននិងកំពុង​ខិតខំ​បើក​ទីផ្សារ​ស្រូវ​អង្ករ និង​ផលិតផល​កែច្នៃ​ដែលមាន​ប្រភពដើម​ពី​អង្ករ តាមរយៈ​ការបញ្ចូល​ទំនិញ​ទាំងនេះ​ទៅក្នុង​បញ្ជី​ទំនិញ​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ​, និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) និង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​ប្រទេស​នានា ដូចជា​ការចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​បង់​ក្លា​ដែ​ស​។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រសួង​បាននិងកំពុង​ចរចា​កិច្ចព្រមព្រៀង​ថ្មី​បន្ថែមទៀត​សម្រាប់​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​អេ​មី​រ៉ា​ត អារ៉ាប់​រួម ដោយ​អង្ករ​ស្ថិតក្នុង​ទំនិញ​អាទិភាព​មួយ​ដែល​រំពឹងថា នឹង​ពង្រីក​នូវ​សក្តានុពល​ទីផ្សារ​ថ្មី​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ខណៈ​បច្ចុប្បន្ន​ទីផ្សារ​តំបន់​នេះ​នៅមានកម្រិត​តិចតួច​បំផុត ដែល​សង្ឃឹមថា នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​កាន់តែច្រើន​ឡើង​ថែមទៀត​»​។​

​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ក៏បានផ្តល់​ការណែនាំ​ដល់​សហព័ន្ធ​ជំរុញ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន ដោយសារតែ​កម្ពុ​ជាមាន​មូលដ្ឋាន​នៃ​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​ប្រទេស​ចិន តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើក​ទី​ ៦ រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន​សាជីវកម្ម​ចិន (COFCO) ដែលមាន​បរិមាណ​សរុប​ចំនួន ៤០​ ម៉ឺន​តោន​។​

​លោក ឡាយ ឈុន​ហួរ អគ្គនាយក​ក្រុមហ៊ុន City Rice Import Export ដែលជា​ក្រុមហ៊ុន​នាំ​អង្ករ​ «​អង្ករ​រំដួល​» ​របស់​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​វេទិកា​ស្រូវ​អង្ករ​ពិភពលោក រហូត​ទទួលបាន​ពានរង្វាន់​លេខ​ ១ ជា «​អង្ករ​ល្អ​ដាច់​គេ​» ប្រចាំឆ្នាំ ​២០២២ នៅ​ភូ​កេ​ត ប្រទេស​ថៃ កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ ​២០២២ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ៨ ខែកុម្ភៈ​ថា ការទទួលបាន​កិត្តិនាម​ជា​ «​អង្ករ​ល្អ​ដាច់​គេ​» ​ប្រចាំឆ្នាំ​ ២០២២ និង​ការខិតខំ​ស្វែងរក​ទីផ្សារ​ថ្មីៗ​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​គឺ​ប្រាកដ​នឹង​ធ្វើឱ្យ​បរិមាណ​នាំចេញ​កើនឡើង ប៉ុន្តែ​នឹងមិន​ហក់​ឡើង​ខ្ពស់​ភ្លាមៗ​ទេ​។ ថ្មីៗ​នេះ​អ្នក​នាំចេញ​អង្ករ​កម្ពុជា​ក៏បាន​ជួបពិភាក្សា​ជាមួយ​អ្នកបញ្ជា​ទិញ​ពី​ហ្វីលីពីន ម៉ា​ល់​ឌី​វ និង​អាមេរិក​ផងដែរ​។

​លោក​បន្ថែមថា​៖ «​បរិមាណ​នៃ​ការនាំចេញ​អង្ករ​ប្រាកដជា​កើនឡើង គ្រាន់តែ​វា​ត្រូវការ​ពេលខ្លះ​បន្ថែមទៀត ពិសេស​ចាប់ពី​ឆ្នាំក្រោយ​តទៅ​»​។ ប្រទេស​ចិន និង​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​អង្ករ​កម្ពុជា​»​។​

​ទោះយ៉ាងណា លោក ឈុន​ហួរ បាន​សម្តែង​ក្តីបារម្ភ​ថា​៖ «​បច្ចុប្បន្ន​អង្ករ​សែន​ក្រអូប​កម្ពុជា​កំពុងមាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​ការដាំដុះ​ស្រូវ​ប្រភេទ​នេះ​ហាក់​មិន​កើនឡើង​ទេ​»​។​

​ក្រៅពី​នាំចេញ​អង្ករ ប្រទេស​កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​របស់ខ្លួន​ជាច្រើន​ទៅកាន់​ប្រទេស​វៀតណាម​ផងដែរ ដោយ​កាលពី​ឆ្នាំ ២០២២ មាន​បរិមាណ​សរុប ៣ ៤៧៧ ៨៨៦​ តោន ដោយ​ទឹកប្រាក់​ដែល​ប្រមូលបាន​ប្រមាណ ៨៤១,០៩​ លាន​ដុល្លារ​៕