ភ្នំពេញៈ មន្ត្រី​ជំនាញ​ក្នុង​ខេត្តបាត់ដំបង បាន​ស្វាគមន៍​ចំពោះ​ផែនការ​ក្រុមហ៊ុន​ជប៉ុន Top Planning Japan Co.,LTD (TPJ) ដែល​ចង់​វិនិយោគ​លើ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​ ដើម្បី​នាំចេញ និង​កែច្នៃ​ទៅជា​ប្រេងឥន្ធនៈ នៅក្នុង​ខេត្តបាត់ដំបង ខណៈ​បច្ចុប្បន្ន​ផល​ដែល​កសិករ​ប្រមូលបាន​គឺ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​ទៅលើ​ការ​នាំទៅ​ប្រទេស​វៀតណាម​ក្រោមរូបភាព​ផលិតផល​ស្រស់ ​(​ស្វាយចន្ទី​ឆៅ​)​។​

​ផែនការ​នេះ​ត្រូវបាន លោក Tetsuo Murayama អគ្គ​នា យក​ក្រុមហ៊ុន TPJ លើកឡើង​នៅក្នុង​ឱកាស​នៃ​ជំនួប​ជាមួយ​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​(CMAC)​ នា​បញ្ជាការដ្ឋាន CMAC កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ ឆ្នាំ ​២០២៣​។​

​លោក Tetsuo បាន​ប្រាប់ថា កម្ពុជា​អាច​ចាត់ទុកជា​ប្រទេស​មាន​ដំណាំ​ស្វាយចន្ទី​ច្រើន​លើ​ពិភពលោក ដោយ​បច្ចុប្បន្ននេះ​ស្វាយចន្ទី​អាច​ផ្តល់​ផល​ជាង ១ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។ លោក​បន្តថា ទោះ​មាន​ការដាំដុះ​ច្រើន ប៉ុន្តែ​ផល​ដែល​កសិករ​ប្រមូលបាន គឺ​មិនទាន់​ត្រូវបាន​កែច្នៃ​ជា​ផលិតផល​សម្រេច​នោះទេ ដោយ​វា​ត្រូវបាន​នាំចេញ​ភាគច្រើន​ជា​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​លក់​ឱ្យ​ប្រទេសជិតខាង​។ តាម​ការប៉ាន់ស្មាន កម្ពុជា​លក់​គ្រាប់ស្វាយចន្ទី ​(​មិនទាន់​កែច្នៃ​)​ ទៅ​ក្រៅប្រទេស​ក្នុងតម្លៃ​ប្រមាណ​ជាង ១​ ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ខណៈ​ក្រុមហ៊ុន​លោក​គ្រោង​នឹង​កែច្នៃ ដែល​អាច​លក់បាន​ដល់​ ៣ ​ពាន់​លាន​ដុល្លារ​។​

​លោក​បន្តថា TPJ ចង់​ពង្រីក​ការវិនិយោគ​ក្នុង​ខេត្តបាត់ដំបង ដែលជា​ទីតាំង​បោសសម្អាត​មីន​រួចរាល់ ដោយមាន​ទាំង​ការកែច្នៃ​ស្វាយចន្ទី​ឆៅ និង​ចម្រាញ់​ធ្វើជា​ប្រេងឥន្ធនៈ សម្រាប់​ប្រើប្រាស់​។ ការវិនិយោគ​នេះ​នឹង​ជួយ​ធ្វើឱ្យ​ស្វាយចន្ទី​កម្ពុជា​កាន់តែ​មានតម្លៃ និង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កសិករ​កាន់តែ​ល្អ​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង លោក ឈឹម វ​ជិ​រ៉ា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៩ ខែកុម្ភៈ​ថា បើសិន​មាន​ក្រុមហ៊ុន​មក​វិនិយោគ​លើ​ការដាំដុះ កែច្នៃ និង​វេច​ខ្ចប់​គ្រាប់ស្វាយចន្ទី នៅក្នុង​ខេត្តបាត់ដំបង​នោះ​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ទៅដល់​ប្រជាកសិករ​ទាំង​តម្លៃ និង​ការបង្កើត​ការងារ ខណៈ​បច្ចុប្បន្ន​ផល​ប្រមូលបាន​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ការប្រមូលទិញ​របស់​ឈ្មួញ​ទៅ​ប្រទេសជិតខាង​។

​លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​មន្ទីរ​កសិកម្ម ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​ផែនការ​វិនិយោគ​មួយ​នេះ ដោយ​យើង​នឹង​រង់ចាំ​សហការ​ទាំង​ផ្នែក​បច្ចេកទេស និង​ការបណ្តុះបណ្តាល​ផ្សេងៗ​ដើម្បី​ជួយ​លើកតម្កើង​ការដាំដុះ និង​ធ្វើឱ្យ​ប្រជាកសិករ​ទទួលបាន​ប្រាក់ចំណូល​កាន់តែច្រើន​»​។​

​បើតាម លោក វ​ជិ​រ៉ា ស្វាយចន្ទី ជា​ដំណាំ​មិន​រើស​ដី​ដាំ​ដុះ និង​អាកាសធាតុ​ឡើយ​។ ក្នុង​ខេត្តបាត់ដំបង​បច្ចុប្បន្ន​ស្វាយចន្ទី​មាន​ដាំ​នៅក្នុង​ស្រុក​សំឡូត រតនមណ្ឌល រុក្ខ​គិរី និង​គាស់ក្រឡ ជាដើម ដោយមាន​ផ្ទៃដី​សរុប ៣ ៣៧៨ ​ហិកតា​។​

​លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ស្តីពី​ផែនការ​របស់​ក្រុមហ៊ុន TPJ ដែល​ចង់​មក​វិនិយោគ​នៅក្នុង​ខេត្តបាត់ដំបង​ទេ ប៉ុន្តែ​លោក​ពិតជា​រីករាយ និង​ស្វាគមន៍​ចំពោះ​គម្រោង​នេះ ព្រោះ​ស្វាយចន្ទី ជា​ដំណាំ​ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​សេដ្ឋកិច្ចជាតិ​។ ស្វាយចន្ទី ជា​ដំណាំ​កសិឧស្សាហកម្ម ដែល​ផ្តល់​ផល​រយៈពេល​យូរ​។​

​លោក​ប្រាប់ថា​៖ «​ជា​គំនិត​ខ្ញុំ ពិតជា​ល្អ​ណាស់​សម្រាប់​ដំណាំ​កសិឧស្សាហកម្ម​រយៈពេល​វែង នេះ ព្រោះ​ការដាំដុះ​ដំណាំ​រយៈពេល​ខ្លី​តែងតែ​ជួប​បញ្ហា​ទីផ្សារ​មួយចំនួន​ពេលកន្លងមក​»​។​

​ដោយសារ​ស្វាយចន្ទី គឺជា​ប្រភេទ​ដំណាំ​មាន​សក្តានុពល​សម្រាប់​សេដ្ឋ​កិច្ច​ជាតិ​កន្លងមក​ក្រសួងពាណិជ្ជកម្ម ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន បានរៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​។​

​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ី​ឡុ​ត ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គោលដៅ​នៃ​ការរៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី​ស្វាយចន្ទី​គឺ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ឱ្យ​បញ្ចេញ​ទុន​មក​វិនិយោគ​លើ​ផលិតកម្ម​ស្វាយចន្ទី​ឱ្យបាន​ច្រើន ខណៈ​កន្លងមក​វិស័យនេះ​ហាក់​ត្រូវគេ​ព្រងើយកន្តើយ​មិនសូវ​យកចិត្តទុកដាក់​ឡើយ បើទោះបី​នៅក្នុង ​១​ ឆ្នាំៗ​កម្ពុជា​ទទួលបាន​ប្រាក់​យ៉ាងច្រើន​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​ក៏ដោយ​។​

​ទិន្នន័យ​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ ៤៦៩ ៥១៥,១៥​ តោន​ទៅ​ទីផ្សារ​វៀតណាម​, ថៃ​, ឥណ្ឌា​, ចិន​, ជប៉ុន និង​ហ្វីលីពីន​។ ដោយឡែក​ការនាំចេញ​ស្វាយចន្ទី​កែច្នៃ​គឺ ៦៣៩,៥៦​ តោន​ទៅ​ថៃ​, ចិន​, ជប៉ុន​, កោះ​តៃវ៉ាន់​, កូរ៉េ​, និង​ស្វ៊ី​ស​៕