
លោកហ្វូមីអាគី តាកាហាស៊ី និងអ្នកវិនិយោគិនជប៉ុន ក្នុងជំនួបជាមួយលោកស ខេង កាលពីថ្ងៃទី ៩ កុម្ភៈ។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ អ្នកវិនិយោគិនជប៉ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងអ្នកវិនិយោគិនជប៉ុន ដែលកំពុងតែស្វែងរកឱកាស និងសក្តានុពល ដើម្បីធ្វើការវិនិយោគនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ ព្រមទាំងចក្ខុ វិស័យរបស់ខ្លួន ក្នុងការវិនិយោគនៅកម្ពុជា។
ការបង្ហាញចំណាប់អារម្មរណ៍ និងចក្ខុវិស័យរបស់អ្នកវិនិយោគិនជប៉ុន ដែលដឹកនាំដោយលោកហ្វូមីអាគី តាកាហាស៊ី (Takhashi Fumiaki) ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា (JCA) នេះត្រូវបានធ្វើឡើងក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស ខេង នាយករដ្ឋមន្ត្រីស្តីទី កាលពីថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២៣។
បើតាមផេកហ្វេសប៊ុកក្រសួងមហាផ្ទៃ ក្នុងកិច្ចពិភាក្សានេះ អ្នកវិនិយោគិនជប៉ុន ក៏បានធ្វើការសំណូមពរផ្សេងៗជូនចំពោះលោក ស ខេង និងបានលើកឡើងពីការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាពិសេសគឺការទាក់ទាញដល់សហគ្រាសធុនតូច និងធុនមធ្យមរបស់ជប៉ុន ដើម្បីមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប លោក ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះគោលបំណង នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកបានចាត់ទុកថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា គឺមានការចូរួមចំណែករបស់ភាគីជប៉ុន ក៏ដូចជាវិស័យឯកជនរបស់ជប៉ុនផងដែរ។
ជាមួយគ្នានះ លោកនាយករដ្ឋមន្ត្រីស្តីទី បានថ្លែងដោយសម្តែងនូវក្ដីសង្ឃឹមថា ប្រធានសមាគមមិត្តភាព ជប៉ុន-កម្ពុជា ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានឹងបន្តសកម្មភាពយ៉ាងសកម្មថែមទៀត ក្នុងការជំរុញការវិនិយោគបន្ថែមទៀត លើវិស័យដែលមានសក្តានុពល ក៏ដូចជាជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែច្រើនឡើងថែមទៀត៕