​ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​និស្សិត​ដែល​កំពុង​រៀន​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ធុរកិច្ច ខេ​ម​អេ​ដ (CamEd) ឱ្យ​បើកចំហ​ចិត្តគំនិត និង​បេះដូង​ចំពោះ​ជំនាញ​ផ្សេងៗ​។ ជំនាញ​ផ្សេង​ដែល​លោក​សំដៅ​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងនោះ​គិតគូរ​ដល់​វិស័យ​កសិកម្ម​ដែល​លោក​កំពុង​ដឹកនាំ​នេះ​។

​ថ្លែង​ទៅកាន់​និស្សិត​ជាង​​​ ២០០ នាក់ ក្រោម​ប្រធានបទ «​ចក្ខុវិស័យ​អភិវឌ្ឍន៍​ធុរកិច្ច​កសិកម្ម​» នៅ​ទី​ ៨ ខែកុម្ភៈ ឆ្នាំ​ ២០២៣ នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ លោក ឌិ​ត ទីណា បាន​ថ្លែងថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ បាន​ដើរ​ផុតពី​ការធ្វើ​កសិកម្ម​សម្រាប់​ប​រិ​ភោគ មកជា​ការធ្វើ​កសិកម្ម​ដើម្បី​ផលចំណេញ​។​

​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​គឺ​ស្រប​ពេលដែល​កម្ពុជា​បាន​បន្ថែម​ការវិនិយោគ​យ៉ាងច្រើន​សម្រាប់​បង្កើន​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ការធ្វើ​ធុរកិច្ច​ក្នុង​វិស័យនេះ​។

​លោករដ្ឋមន្ត្រីថ្លែងថា​៖ «​ទោះជា​កំពុង​សិក្សា​មុខជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ ឬ​ធុរកិច្ច​ក៏ពិតមែន ក៏​គួរ​បើកចំហ​ចិត្តគំនិត និង​បេះដូង​ចំពោះ​ជំនាញ​ផ្សេងៗ ជាពិសេស​ត្រូវ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ សម្រួច​ចំណេះដឹង ក៏ដូចជា​គំនិត ព្រមទាំង​ឫកពារ​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ ឈានទៅ​ទទួលបាន​ការទុកចិត្ត​ពី​អ្នកដទៃ ដើម្បី​អនាគត​ល្អប្រសើរ​ក្នុង​ការងារ​»​។

​លោក​រដ្ឋមន្ត្រី បាន​ប្រាប់ថា​៖ «​វិស័យ​កសិកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ បាន​ដើរ​ផុតពី​ការធ្វើ​កសិកម្ម​សម្រាប់​ប​រិ​ភោគ មកជា​ការធ្វើ​កសិកម្ម​ដើម្បី​ផលចំណេញ​»​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​សន្តិសុខ​ស្បៀង សុវត្ថិភាព​ស្បៀង ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី ហើយ​បាន​លើកទឹកចិត្ត និង​ជំរុញ​បង្កើន​ការដាំ​បន្លែ​សុវត្ថិភាព និង​សរីរាង្គ ដោយ​ចៀសវាង​ការប្រើប្រាស់​សារធាតុ​គីមី​ខ្ពស់​នាំឱ្យ​ប៉ះពាល់​សុខភាព​។

​លោក​បញ្ជាក់ថា​៖ «​ជំនួញ និង​ការវិនិយោគ គឺ​សំខាន់​ណាស់​សម្រាប់​វិស័យ​កសិកម្ម​។ សារៈសំខាន់​នៃ​ធនធានមនុស្ស ជា​សេចក្ដីសង្ឃឹម​នៃ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​»​។

​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ទឹកប្រាក់​រហូតដល់ ​១៩៤ ​លាន​ដុល្លារ​ សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​កសិកម្ម​ប្រកបដោយ​បរិ​យា​ប័ន្ន ដែល​ហៅថា ASPIREAT ចាប់ពី​ឆ្នាំ​ ២០២៣​ ដល់​ឆ្នាំ​ ២០២៧ ផ្តោតលើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​នៃ​ផលិតកម្ម​កសិកម្ម ដែលមាន​គោលដៅ​លើ​ការលើកស្ទួយ ការដាំដុះ​បន្លែ ការចិញ្ចឹម​សត្វ​មាន​មាន់​ជាដើម អាជីវកម្ម​ដំឡូង​មី ផលិតកម្ម​គ្រាប់ស្វាយចន្ទី អាជីវកម្ម​ផ្លែឈើ​ស្រស់ និង អាជីវកម្ម​កែច្នៃ​ផលិតផល​ពី​​ផ្លែឈើ​។

​ក្នុងចំណោម​ថវិកា​ទាំង​ជិត​ ២០០​ លាន​ដុល្លារ​នេះ កើតចេញពី​ការវិនិយោគ​របស់​រដ្ឋា​ភិ​បាល ការ​កៀរគរ​ថវិកា​ពី​ប្រភព​ផ្សេងៗ និង​ការខ្ចី​ហិរញ្ញប្បទាន​សម្បទាន​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD)​ ចំនួន ៤៧,៩​ លាន​ដុល្លារ​អាមេរិក​។​

​លោក ចាន់ សុផល នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជាទី​ប្រឹក្សា​របស់​គម្រោង កម្មវិធី ASPIREAT បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រួសារ​ដែលមាន​ផ្ទៃដី​តូច​រាប់សែន តាមរយៈ​ការបង្កើត​សហគមន៍​កសិកម្ម ដែល​ផ្សារភ្ជាប់​សកម្មភាព​ជាមួយ​សហគ្រាស​កសិកម្ម​ដែល​កែច្នៃ និង​នាំចេញ​ផលិតផល​កសិកម្ម​។

​លោក ចាន់ សុផល អះអាងថា​៖ «​វា​នឹង​ជា​គម្រោង​សំខាន់​មួយ​ក្នុងចំណោម​គម្រោង​ផ្សេងទៀត​ដែល​ផ្តល់​ការគាំទ្រ​ដល់​វិស័យ​កសិកម្ម​»៕