​ភ្នំពេញៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយិកា​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) លោកស្រី ជា សិរី​ បានស្នើ​ចក្រភព​អង់គ្លេស ឱ្យ​ជំរុញ​ការ វិនិយោគ និង​បង្កើន​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ដើម្បី​ជួយ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ពិសេស​ចូលរួមចំណែក​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សំណើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

​លោកស្រី ជា សិរី បាន​លើកឡើងថា សេដ្ឋកិច្ចកម្ពុជា​បាន​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​វិបត្តិ​កូ​វីដ​ ១៩ ជាពិសេស​ក្នុង​ឆ្នាំ​ ២០២០ ប៉ុន្តែ​បាន​ងើបឡើង​វិញ​ជា​បន្តបន្ទាប់ ដែល​គាំទ្រ​ដោយ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​ ១៩ ដែល​អាច​បើក​ប្រទេស​ឡើងវិញ​នៅ​ចុងឆ្នាំ​ ២០២១ និង​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ត្រឡប់មក​ប្រក្រតីភាព​វិញ​។

​លោកស្រី​បាន​បន្តថា ក្នុង​ឆ្នាំ ​២០២២​ កម្ពុជា​ក៏​រង​ផលប៉ះពាល់​ពី​ការកើនឡើង​នៃ​អតិផរណា ដែល​បណ្តាល​ពី​ការ​កើន ឡើងថ្លៃ​ប្រេង និង​ម្ហូបអាហារ​ក្រោម​ឥទ្ធិពល​នៃ​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន ប៉ុន្តែ​កម្រិត​អតិផរណា​បាន​ធ្លាក់ចុះ​មកវិញ​ជា​បន្តបន្ទាប់​រហូតដល់​កម្រិត​ប្រមាណ ៣ ​ភាគរយ​នា​ចុងឆ្នាំ​ ២០២២​។ កម្ពុជា​ក៏បាន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​បង្កើន​មុខទំនិញ​ផលិត និង​នាំចេញ ដែល​រួមចំណែក​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​។ ចំណែក​ក្នុង​វិស័យ​ទេសចរណ៍ ភ្ញៀវ​ក្នុងស្រុក​បាន​វិល​រក​ភាពប្រក្រតី​វិញ​ក្នុង​ឆ្នាំ ២០២២ ហើយ​ភ្ញៀវ​អន្តរជាតិ​ក៏បាន​កើនឡើង​ខ្ពស់ជាង​ការរំពឹងទុក ថ្វីបើ​នៅ​ទាប​ជាង​គ្រា​មុន​មាន​វិបត្តិ​ក៏ដោយ​។​

​លោកស្រី​ថ្លែងថា​៖ «​ឆ្នាំ​ ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវ​រំពឹងថា នឹង​បន្ត​ងើបឡើង​ថែមទៀត ក៏ប៉ុន្តែ​ក៏​ប្រឈម​នឹង​ភាពមិន ច្បាស់លាស់​ដែរ ដោយសារ​ភាពមិនប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ចពិភពលោក ជាពិសេស​ការថយចុះ​កំណើន​ក្នុងប្រទេស​អភិវឌ្ឍន៍​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​»​។​

​លោកស្រី​ក៏​ស្នើឱ្យ​ស្ថានទូត​អង់គ្លេស បង្ហាញ​ពី​ឱកាស​ការវិនិយោគ​នៅ​កម្ពុជា និង​បង្កើន​តម្រូវ​ការនាំ​ទំនិញ​ចូល​ពី​កម្ពុជា ដោយសារ​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ស្ថិតក្នុង​តំបន់​ប្រកបដោយ​ថាមពល​។​

​លោក Dominic Williams បាន​អបអរសាទរ​ការគ្រប់គ្រង​សេដ្ឋកិច្ច​ល្អ​របស់​កម្ពុជា ដែល​ក្នុងនោះ​កំណើន​បន្ត​ងើបឡើង ខណៈ​អតិផរណា​កើនឡើង​ក្នុង​កម្រិត​មធ្យម​ហើយ​ថយចុះ​យ៉ាង​ឆាប់ និង​រក្សាបាន​នូវ​ទុនបម្រុង​អន្តរជាតិ​ខ្ពស់​គ្រប់គ្រាន់ ចំណែក​ប្រព័ន្ធ​ធនាគារ​មាន​ភាព​ធន់​។

​លោក​លើកឡើងថា​៖ «​ស្ថានទូត​អង់គ្លេស​នឹង​បន្ត​សហការ​គាំទ្រ នៅលើ​ផ្នែក​ទាំងនេះ​ទៀត និង​ត្រៀម​ផ្តល់​ការគាំទ្រ​លើ​ផ្នែក​ពាក់ព័ន្ធ​»​។​

​កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០២០ ចក្រភព​អង់គ្លេស​បានផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​(GSP)​ ដែល​ចូល​ជា​ធរមាន​តាំង ពី​ដើមខែ​មករា ឆ្នាំ​ ២០២១ ​មក​កម្ពុជា ដែល​កិច្ចព្រមព្រៀង​នេះ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប៉ះប៉ូវ​ជាមួយនឹង​ការដក​ផ្នែក​ខ្លះ​នៃ EBA ពី​ប្រទេស​កម្ពុជា ដោយ​សហភាព​អឺរ៉ុប​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់ ៩៧៧,៤៣​ លាន​ដុល្លារ កើន​ជិត ២៤​ ភាគរយ​ធៀប​ឆ្នាំ ២០២១​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ​៕