
ភ្នំពេញៈ សេចក្តីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃនេះបានឱ្យដឹងថា កម្ពុជា ចិនបាន ឯកភាពពិនិត្យលទ្ធភាពបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» ដែលមានទីតាំង នៅភាគពាយព្យ នៃប្រទេសកម្ពុជា និងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើបនៅក្បែរបឹងទន្លេសាប។
ប្រភពបញ្ជាក់ថា៖«នេះជាការពន្លឿនការធ្វើផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា ពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការលើកកម្ពស់លើវិស័យវារីវប្បកម្មចម្ការត្រូពិក និង វិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា»។
សកម្មភាពនោះក៏ជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគយ និង ចត្តាឡីស័ក និងជំរុញយ៉ាងសកម្មក្នុងការនាំចូលកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ បន្តជំរុញ អន្ដរតភ្ជាប់ «ច្រកចេញចូលតែមួយ» ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ និង ប្រើប្រាស់ឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ព្រមទាំងជំរុញការចរចា ដំឡើងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ក៏ដូចជាវេទិកានានា រួមទាំងពិព័រណ៍នាំចូលអន្តរជាតិ ចិន ពិព័រណ៍នាំចូល និងនាំចេញចិន និងពិព័រណ៍អាស៊ាន-ចិន។
បន្ថែមលើនេះ ក៏ជាយន្តការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឌីជីថលទ្វេភាគី ដើម្បីបង្កើនការប្រកួតប្រជែង និងប្រជាប្រិយភាព នៃផលិតផលកម្ពុជានៅក្នុងប្រទេសចិន និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ លើកទឹកចិត្ត ប្រជាជននៅតាមមូលដ្ឋាន ក្នុងប្រទេសទាំងពីរ ដើម្បីដើរតួនាទីសំខាន់រៀងៗខ្លួនឱ្យបានពេញលេញ សំដៅបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យកសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
តាមរយៈសេចក្តីថ្លែងការនោះបានឱ្យដឹងផងដែរថា ចិនគាំទ្រកម្ពុជាលើការងារដំបូង នៃការធ្វើផែនការរៀបចំផ្លូវដែក ការរចនា និងការសិក្សា សមិទ្ធលទ្ធភាព សំដៅលើកកម្ពស់គម្រោង និងការសាងសង់ផ្លូវដែក ដើម្បីផលប្រយោជន៍ជីវភាពប្រជាជន ដែលរស់នៅតាមបណ្ដោយផ្លូវដែកនេះ ភាគីទាំងពីរទន្ទឹងរង់ចាំការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ។
មិនតែប៉ុណ្ណោះ ភាគីទាំងពីរបានឯកភាពអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីផែនការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន (២០២៣-២០២៥)។ ជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ស្ពាន អាងស្តុកទឹក ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងខ្សែកាបអុបទិកក្រោមបាតសមុទ្រ។ អនុវត្តគម្រោងផ្លូវជនបទនានា ការផ្គត់ផ្គង់ទឹក សាលារៀន និងគម្រោងវេជ្ជសាស្ត្រនានា នៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ភាគីកម្ពុជាបានថ្លែងអំណរគុណចំពោះ ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសចិន ក្នុងទម្រង់នានា សម្រាប់ការអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹង សេដ្ឋកិច្ច និងបច្ចេកទេស និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា៕