
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា មានសុទិដ្ឋិនិយមថានឹងមានអ្នកវិនិយោគ និងភ្ញៀវទេសចរចិនច្រើនធ្វើដំណើរមកកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចធ្វើដំណើរទៅក្រៅប្រទេសឡើងវិញ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសចិនពីថ្ងៃទី៩-១១ ខែកុម្ភៈ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការល្អដែលកម្ពុជាមានជាមួយនឹងប្រទេសចិនលោករំពឹងថានឹងមានវិនិយោគិនចិនជាច្រើនចូលមកវិនិយោគនៅកម្ពុជា។ ប្រទេសទាំង ២ បានធ្វើកិច្ចការល្អជាច្រើនជាមួយគ្នាដើម្បីជំរុញកិច្ចសហការលើគ្រប់ផ្នែក-វិស័យ។ លោកបន្ថែមថា កម្ពុជាក៏បានធ្វើកិច្ចការជាច្រើនដើម្បីបង្ហាញពីការស្វាគមន៍ចំពោះភ្ញៀវ និងវិនិយោគិនចិនគ្រប់រូប ដោយមិនរើសអើង។
លោកថ្លែងថា៖«ជារួមយើងធ្វើកិច្ចការច្រើនណាស់[ទំពក់វាទៅ ទើបផ្លែព្នៅវាមក] ដូចយើងឃើញហើយអ្នកមួយចំនួនអាចមានការភ័យខ្លាចថាប្រទេសចិនមានជំងឺកូវីដពេញ ដូច្នេះបើ(កម្ពុជា)បើកចំហនឹងមានការលំហូរចូលមកច្រើនមកកម្ពុជាដែលនាំឱ្យយើងជួបពិបាកជាថ្មី។ ប៉ុន្តែនៅពេលគាត់បើក គឺយើងបានបញ្ជូនព័ត៌មានទៅថាកម្ពុជា ស្វាគមន៍ និងមិនមានការទាមទារឱ្យមានការធ្វើតេស្តមុនឡើងយន្តហោះឡើយ។ នេះសំខាន់ណាស់»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១២ ខែកុម្ភៈ ថា ទោះបីចំនួនភ្ញៀវទេសចរ និងអ្នកវិនិយោគចិនធ្វើដំណើរមកកម្ពុជាមានចំនួនតិចតួចបើធៀបនឹងមុនពេលមានវត្តមានជំងឺកូវីដ១៩ ប៉ុន្តែចំនួនក្រុមហ៊ុនថ្មីៗមកពីប្រទេសចិនដែលបើកដំណើរការអាជីវកម្មនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់។ មានមូលហេតុជាច្រើនដែលទាក់ទាញឱ្យវិនិយោគិនបរទេស ពិសេសជនជាតិចិនឱ្យមកបណ្តាក់ទុននៅកម្ពុជាដែលមានដូចជា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំង ២, ច្បាប់វិនិយោគកម្ពុជាមានលក្ខណៈអំណោយផល, កម្ពុជាមានទីផ្សារទទួលទិញច្រើន,មានប្រព័ន្ធអនុគ្រោះពន្ធនាំចូលពីប្រទេសមួយចំនួន, ក្រុមហ៊ុនខ្លះបានចាកចេញពីប្រទេសមួយចំនួនដែលអស្ថិរភាពនយោបាយ, និងសម្បូរកម្លាំងពលកម្ម ជាដើម។
លោកប្រាប់ទៀតថា៖«ក្រៅពីការខិតខំរបស់រដ្ឋាភិបាល សភាពាណិជ្ជកម្មកម្ពុជាក៏បានធ្វើកិច្ចការជាច្រើនតាមរយៈការផ្សព្វផ្សាយ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ និងជំនួបជាច្រើនជាមួយអ្នកវិនិយោគដើម្បីបង្ហាញពីសក្តានុពលដែលកម្ពុជាមានសម្រាប់ការចូលមកបណ្តាក់ទុន»។
លោកលើកឡើងទៀតថា តាមរយៈសមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ នឹងធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផលិត និងកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបន្ថែមថា៖«ទំនាក់ទំនងល្អផ្នែកនយោបាយការទូត និងពាណិជ្ជកម្ម ក៏នឹងជួយទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនផងដែរ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិន ក៏បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល វិនិយោគិន ធុរជន និងប្រជាជនចិន ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ លោកក៏បានអំពាវនាវដល់អ្នកវិនិយោគចិន ឱ្យធ្វើដំណើរមកកម្សាន្ត និងសិក្សាពីសក្តានុពលនៃការវិនិយោគនៅកម្ពុជាផងដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ១១ ៦៨៦,១៦៤លានដុល្លារ កើនឡើង ៤,៤ភាគរយពីចំនួន ១១ ១៩៤,៦លានដុល្លារកាលពីឆ្នាំ២០២១។ ទំហំទឹកប្រាក់ធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺស្មើនឹង ២២,២៩ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២២ ដែលមានចំនួន ៥២ ៤២៤,៥៣៩លានដុល្លារ។ ផ្អែកតាមទិន្នន័យខាងលើ គឺការនាំទំនិញពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ ១០ ៤៤៥,៥៣៣លានដុល្លារ កើនឡើង ៧,៩ភាគរយ និងទំនិញកម្ពុជានាំទៅប្រទេសចិន មានទឹកប្រាក់ ១ ២៤០,៦៣លានដុល្លារ ធ្លាក់ចុះ -១៧,៩ភាគរយ។
ចំណែកទិន្នន័យពីក្រសួងទេសចរណ៍ បង្ហាញថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២ ២៧៦ ៦២៦នាក់ កើនឡើង ១ ០៥៨,៦ភាគរយបើធៀបនឹងឆ្នាំ២០២១ ក្នុងនោះភ្ញៀវជនជាតិចិនមានចំនួន ១០៦ ៨៧៥នាក់ កើនឡើង ១៣៣,៥ ភាគរយធៀបឆ្នាំ២០២១៕