ភ្នំពេញៈ​ បើទោះបី​រដ្ឋាភិបាល​ចិន​អនុញ្ញាតឱ្យ​ជនជាតិ​ខ្លួន​អាចធ្វើ​ដំណើរ​ចេញទៅ​កម្សាន្ត ឬ​វិនិយោគ​នៅក្រៅ​ប្រទេស​ឡើងវិញ​បន្ទាប់ពី​ការ​រឹតបន្តឹង​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក្ដី ក៏​ចំនួន​ភ្ញៀវ​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​សប្តាហ៍​ដំបូង​បន្ទាប់ពី​ការប្រកាស​បើក ហាក់​មិនទាន់មាន​កំណើន​គួរឱ្យកត់សម្គាល់​នៅឡើយ​។​

​ក្រសួងទេសចរណ៍ និង​វប្បធម៌​ប្រទេស​ចិន កាលពី​ថ្ងៃទី​២០ ខែមករា បានប្រកាសថា ប្រទេស​ចិន​នឹង​ចាប់ផ្តើម​បើក​ឱ្យមាន​ការធ្វើដំណើរ​ទស្ស​នា​ឡើងវិញ​ទៅកាន់​ប្រទេស​ដែល​ត្រូវបាន​ជ្រើសរើស​។

កម្មវិធី​សាកល្បង​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែកុម្ភៈ ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន និង​ភ្នាក់ងារទេសចរណ៍​បើក​ដំណើរការ​ទេសចរណ៍​ក្រៅ​ស្រុក​ទៅកាន់​ប្រទេស​ចំនួន​២០ មានដូចជា កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ា​ល់​ឌី​វ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហ​បុរី ឡាវ ចក្រភព​អារ៉ាប់​រួម អេ​ហ្ស៊ី​ប កាន់​យ៉ា អាហ្វ្រិក​ខាងត្បូង ស្វ៊ី​ស ហុង​គ្រី នូ​វែ​ល​សេ​ឡង់ ហ្វី​ជី គុយបា និង​អា​ហ្ស​ង់​ទីន​។​

​លោក​ធៀ​ម ធឿ​ង​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា​(​នៅ​ខេត្តសៀមរាប​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​១៣ ខែកុម្ភៈ​ថា ចំនួន​ភ្ញៀវទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​មក​ខេត្តសៀម រាប ក្នុង​រយៈពេល​១​សប្តាហ៍​កន្លងមក​គឺ​មិនទាន់​កើនឡើង​គួរឱ្យកត់សម្គាល់​ទេ ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​ហក់​ឡើង​នៅពេល​ឆាប់ៗ ព្រោះ​រូបលោក និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើនរូប គឺ​បានទទួល​សារ​តាម​ប្រព័ន្ធ We Chat ពី​​ភ្ញៀវ​ជនជាតិ​ចិន​ដើម្បី​សាកសួរ​ពី​ស្

​លោក​និយាយថា​៖«​សម្រាប់​ពេលនេះ​ភ្ញៀវ​ចិន​មិនទាន់​មក​ច្រើន​ទេ ប៉ុន្តែ​វា​នឹង​អាច​កើនឡើង​ខ្ពស់​ក្នុងពេល​ឆាប់ៗ ព្រោះ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​ចិន​កាន់តែ​ធូរស្រាល ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​ប្រកាស​បើកចំហ​ទទួលភ្ញៀវ​ពី​គ្រប់​ប្រទេស​ផងដែរ​»​។​

​លោក​ប្រាប់ទៀតថា ភ្ញៀវទេសចរ​ចិន​ស្ទើរ ១០០​ភាគរយ​ធ្វើដំណើរ​មក​កម្ពុជា​តាម​ជើងហោះហើរ​ផ្ទា​ល់ពី​ប្រទេស​ចិន គឺ​មិន​ដូច​ភ្ញៀវ​មកពី​ប្រទេស​មួយចំនួន​ដែល​ចូល​ទស្សនា​នៅ​ប្រទេសជិតខាង​រួច ទើប​បន្តដំណើរ​មក​ក​ម្ពុ​ជា​ទេ​។ ជា​មធ្យម​ភ្ញៀវទេសចរ​ចិន​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ចន្លោះ​ពី ៣-៥​យប់​។​

​បើតាម​លោក​ធួន​ស៊ីណាន​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ទោះបី​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បើកចំហ​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ពី​គ្រប់​ប្រទេស និង​តំបន់​ក៏ដោយ ក៏​ក្នុង​សប្តាហ៍​ដំបូង​នេះ​ហាក់​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។​

លោក​ថ្លែងថា​៖«​សម្រាប់​ការ​វាយតម្លៃថា​ភ្ញៀវទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន នឹង​កើនឡើង​កម្រិតណា​ក្នុង​ពេលនេះ គឺ​ខ្ញុំ​មិនទាន់​អាច​វាយតម្លៃ​បានទេ ដោយ​យើង​គួរ​រង់ចាំ​មើល​ដល់​ខែមីនា​សិន ទើប​អាច​វាយតម្លៃ​បាន​»។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ បាន​និយាយថា​៖«​ឆ្នាំនេះ​យើង​នឹង​ប្រឹងប្រែង​ឱ្យបាន​ទេសចរ​ចិន​ប្រហែល ៨០​ម៉ឺន​ទៅ​១​លាន​នាក់ ដោយ​ក្នុង​ខែមករា កន្លងមក​យើង​ទើប​ទទួលបាន​ទេសចរ​ចិន​ប្រហែល ២៥ ០០០​នាក់​ប៉ុណ្ណោះ ដែល​តាម​ធម្មតា​ទេសចរ​ចិន​មក​កម្ពុជា ក្នុង​១​ខែ​(​មុន​ឆ្នាំ​២០២០) អាចមាន​ជិត ២០​ម៉ឺន​នាក់​។ ប៉ុន្តែ​ឥឡូវនេះ​គិត​ក្នុង​១​ថ្ងៃ​យើង​ទើប​ទទួលបាន​ប្រហែល ១​ពាន់​នាក់​តែប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ទេសចរ​ចិន​កើន​ដល់ ៧-៨​ពាន់​នាក់​ក្នុង ១​ថ្ងៃ នោះ​សភាពការណ៍​នឹង​ត្រឡប់មក​ដូចដើម​វិញ​(​មុន​វិបត្តិ​កូ​វីដ​១៩)»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ ធ្លាប់បាន​ប្រកាស​បើកទទួល​ភ្ញៀវទេសចរ​ចិន ដោយ​មិន​រើសអើង​(​ប្រទេស​មួយចំនួន​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ទទួលភ្ញៀវ​ជន​ជាតិចិន ដោយ​បារម្ភ​ពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​ចិន​) ដោយ​លោក​លើកឡើងថា បើ​ភ្ញៀវទេសចរ​ចិន​មក​កម្ពុ​ជាច្រើន វា​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​រីកលូតលាស់​កាន់តែខ្លាំង ខណៈ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​(​លើកលែង​វិស័យ​ទេសចរណ៍​)​បានបង្ហាញ​ពី​កំណើន​ជា​បន្តបន្ទាប់​រួចទៅហើយ​។

លោក​បន្ថែមថា ទេសចរ​ចិន​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ដំណាក់កាល​នេះ ក៏ដូចជា​នៅពេល​អនាគត។

​ទិន្នន័យ​ក្រសួងទេសចរណ៍ បង្ហាញថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ២ ២៧៦ ៦២៦​នាក់ កើនឡើង ១ ០៥៨,៦​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន ១៩៦ ៤៩៥​នាក់​។ ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​ចិន ១០៦ ៨៧៥​នាក់ កើនឡើង ១៣៣,៥​ភាគរយ​ធៀប​ឆ្នាំ​២០២១​។ ក្នុង​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​បំផុត​ជាង ៦,៦​លាន​នាក់ គឺ​ភ្ញៀវ​ចិន មាន​ចំនួន ២ ៣៦១ ៨៤៩​នាក់​៕