
លោក គួច ម៉េងលី ស្ថាបនិកនិងជាអគ្គនាយក MJQE។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុន Mengly J Quach Education Plc (MJQE) ដែលគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក គ្រោងនឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) នៅខែមេសាខាងមុខ ដើម្បីប្រមូលមូលនិធិចំនួន ១០ លានដុល្លារពីផ្សារមូលបត្រកម្ពុជា (CSX) សម្រាប់ពង្រីកសាលារៀនរបស់ខ្លួន។
បើយោងតាមក្រុមហ៊ុនដែលបានធ្វើសេចក្តីប្រកាស កាលពីថ្ងៃទី ១១ ខែកុម្ភៈថា ខ្លួនបានដាក់ពាក្យស្នើសុំ IPO ទៅនិយតករទីផ្សារមូលបត្រកម្ពុជារួចហើយ ហើយរំពឹងថា ការស្នើសុំនឹងត្រូវបានអនុម័តនៅខែមីនា។
សេចក្តីប្រកាសព័ត៌មានបានសរសេរថា៖ «យើងរីករាយសូមប្រកាសថា ក្រុមហ៊ុន Mengly J. Quach Education Plc. (MJQE)បានដាក់ពាក្យស្នើសុំការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) ជាមួយនិយតករមូលបត្រកម្ពុជា ហើយឥឡូវនេះយើងកំពុងទទួលយកនូវការបង្ហាញពីចំណាប់អារម្មណ៍ និងការស្នើសុំសម្រាប់ភាគហ៊ុន IPO ដែលបានបែងចែកជាមុនរហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣»។
ការធ្វើ IPO របស់ MJQE ត្រូវរំពឹងថានឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២៣។ សម្រាប់ការកក់ជាមុន ឬស្នើសុំការបែងចែកភាគហ៊ុនជាមុនឥឡូវនេះ មុនពេលការធ្វើបរិវិសកម្មជាសាធារណៈចាប់ផ្ដើមព្រោះចំនួនភាគហ៊ុនដែលមានក្នុងអំឡុងពេលការធ្វើបរិវិសកម្មជាសាធារណៈត្រូវបានកំណត់ ខណៈដែលតម្លៃក្នុង ១ ហ៊ុនគឺ ០.៥១ ដុល្លារ (ស្ថិតក្រោមការយល់ព្រមដោយ SERC) ហើយការធ្វើ IPO ត្រូវគេរំពឹងថានឹងត្រូវបានអនុម័តជាផ្លូវការនៅពាក់កណ្តាលខែមីនា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាស។
ក្រុមហ៊ុនបញ្ជាក់ថា៖ «យើងគ្រោងនឹងកៀរគរទុនឱ្យបាន ១០ លានដុល្លារពី IPO ដែលស្មើនឹង ៥,៨៨ ភាគរយនៃភាគហ៊ុន របស់ក្រុមហ៊ុន។ ទឹកប្រាក់សរុបដែលប្រមូលបានពី IPO សម្រាប់ក្រុមហ៊ុនប្រមាណជា ៧ លានដុល្លារ បូកនឹងមូលនិធិដែលរកបានផ្ទៃក្នុងរបស់យើង និងប្រាក់កម្ចីធនាគារថ្មីនឹងត្រូវបានប្រើដើម្បីពង្រីកសាខាថ្មីចំនួន ២០។ ក្នុងករណីដែលតម្រូវការច្រើនជាងការរំពឹងទុកយើងនឹងស្វែងរកការអនុម័តសម្រាប់បរិមាណភាគហ៊ុនកាន់តែច្រើនទៀតនៅក្នុងការធ្វើ IPO ដែលកំណត់ចំនួន ២០ ភាគរយ»។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែកុម្ភៈថា SERC បានទទួលពាក្យស្នើសុំរបស់ក្រុមហ៊ុនរួចហើយពីការធ្វើ IPO ខណៈក្រុមបច្ចេកទេសកំពុងពិនិត្យមើលថា តើឯកសារគាំទ្រទាំងអស់បំពេញតាមលក្ខខណ្ឌតម្រូវ ឬអត់?
លោកប្រាប់ថា៖ «តាមច្បាប់ ពេលក្រុមហ៊ុនដាក់ឯកសារទាំងអស់មក យើងនឹងត្រូវចំណាយពេលពី ៣៦ ខែដើម្បីពិនិត្យ និងវិភាគលើឯកសារទាំងនោះ។ ក្នុងរយៈពេលនេះយើងនឹងជូនដំណឹងដល់ក្រុមហ៊ុន និងសាធារណជនថា តើឯកសារត្រូវពេញលេញ ឬអត់? ប្រសិនបើវាមិនពេញលេញ យើងនឹងជូនដំណឹងដល់ពួកគេដើម្បីកែតម្រូវ ហើយបន្ទាប់មកយើងនឹងបន្តការពិនិត្យឡើងវិញ និងការ វិភាគឡើងវិញ នោះហើយជាមូលហេតុដែលវាត្រូវចំណាយពេលពី ៣ ទៅ ៦ ខែ»។
លោក គួច ម៉េងលី ស្ថាបនិកនិងជាអគ្គនាយក MJQE បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថ្មីៗនេះថា ផែនការនេះនឹងប្រមូលមូលនិធិតាមរយៈ IPO នៅលើទីផ្សារគោលរបស់ CSX ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យមានសាខា ១៦០ នៅទូទាំងប្រទេស៕