ភ្នំពេញៈ កម្ពុជា​បានកំណត់​យក​អំបិល​ ៣​ ប្រភេទ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) «​អំបិល​កំពត កែប​»​ដែល​គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ចុងខែ​មេសា ឆ្នាំ​ ២០២៣ ខណៈ​ការ ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ​នឹង​ជួយ​ឱ្យ​កេរ្តិ៍ឈ្មោះ​អំបិល​កម្ពុ​ជាមាន​ការទទួល​ស្គាល់​គុណភាព​ជា​អន្តរជាតិ​កាន់តែច្រើន ព្រមទាំង​មាន​ទីផ្សារ​អន្តរជាតិ​កាន់តែ​ធំ​ផងដែរ​។​នេះ​បើតាម​អ្នក​ក្នុង​ផលិតកម្ម​អំបិល​កម្ពុជា​។​

​ក្រសួងពាណិជ្ជកម្ម តំណាង​ដោយ​លោក សួន វិជ្ជា ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា និង​ជា​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ បាន​ជួបពិភាក្សា​ជាមួយ លោក សុក សា​រ៉ង អ្នកជំនាញការ​ជាតិ និង​លោក Peter Damary អ្នកជំនាញការ​អន្តរជាតិ​នៃ​អង្គការ WIPO និង​លោក JeanMarie Brun អ្នកជំនាញការ​អន្តរជាតិ​នៃ​អង្គការ AFD ដើម្បី​ពិភាក្សា​ស្តីពី​ការកំណត់​ឈ្មោះ​សមាគម សៀវភៅ​បន្ទុក​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​រូប​សញ្ញា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​អំបិល​កំពត​កែប​»​។​

​ក្រសួង​ឱ្យដឹងថា​៖ «​កំណត់​យក​ថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ​ ២០២៣ ដើម្បី​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​អំបិល​កំពត​កែប​» ក្នុង​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​។ កម្ពុជា​កំណត់​ប្រភេទ​ផលិតផល​អំបិល​ចំនួន ៣​ ប្រភេទ​សម្រាប់​ការចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ គឺ​អំបិល​ក្រួស ផ្កាអំបិល និង​អំបិល​ម៉ដ្ឋ ​(​កិន​)»​។​

​កសិករ និង​ជា​ម្ចាស់​សិប្បកម្ម​ផលិត​អំបិល ថូ​ង អ៊ិ​ន​ធ័​រ​ប្រា​យស៍ នៅ​ខេត្តកំពត លោក ប៊ុន ណារិន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១២ ខែកុម្ភៈ​ថា ការចុះបញ្ជី​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ នឹង​ជួយ​ឱ្យ​ការ​បង្កបង្កើនផល និង​តម្លៃ​អំបិល​ទីតាំង​ចុះបញ្ជី​កើនឡើង ហើយ​ការបញ្ជាទិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក៏​នឹង​កើនឡើង​ដែរ​។ លោក​បន្ថែមថា ជាក់ស្តែង​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុននាំចេញ​ម្រេច​ទៅ​ប្រទេស​មួយចំនួន ដូចជា ស្វ៊ី​ស សាធារណរដ្ឋ​ឆែក អង់គ្លេស និង​កាណាដា ជាដើម បានមក​សិក្សា​ពី​លទ្ធភាព​ធ្វើ​កិច្ចព្រមព្រៀង​ទិញ​អំបិល GI ពី​កម្ពុជា ព្រោះ​ប្រទេស​ទាំងអស់​នោះគេ​និយម​ទទួលទាន​អំបិល និង​ម្រេច និង​មិន​ដូច​ប្រទេស​ក្នុង​តំបន់​អាស៊ី​ភាគច្រើន​និយម​ប្រើប្រាស់​ទឹកត្រី​។​

​លោក​អះអាងថា​៖ «​នៅពេល​អំបិល​កំពត​កែប បាន​ចុះបញ្ជី​ទំនិញ​សម្គាល់​ភូមិសាស្ត្រ គឺ​តម្លៃ និង​គុណភាព​នឹង​កាន់តែ​ល្អ​ជាង​មុន ហើយ​ទីផ្សារ​នាំ​ចេញទៅ​ក្រៅប្រទេស​ក៏​កើនឡើង​ដែរ​។ អំបិល និង​ម្រេច នៅ​ខេត្តកំពត​កែប ដែលជា​ផលិតផល GI ដូចគ្នា នឹង​ទទួលបាន​ទំនុកចិត្ត​លើ​គុណភាព និង​រសជាតិ​កាន់តែច្រើន​»​។

លោក​បាន​បន្តថា​៖ «​នេះ​ជា​កិត្តិយស​មួយ​របស់​ខេត្តកំពត​កែប​ដែល​នឹងមាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​កាន់តែច្រើន​។ អំបិល និង​ម្រេច គឺជា​គ្រឿងផ្សំ​ដៃគូ​ជាមួយគ្នា​»​។​

​បើ​យោងតាម​លោក ណារិន បច្ចុប្បន្ន​អំបិល​នៅក្នុង​ឃ្លាំង​ស្តុក មានតម្លៃ​ចន្លោះ​ពី ២៥ ០០០-២៨ ០០០​រៀល​ក្នុង​ ១​ បាវ​ទម្ងន់ ៥០​ គីឡូក្រាម ដែល​តម្លៃ​នេះ​គឺ​កើន​លើស​មុន​តិចតួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។​

​លោក​ប្រាប់ទៀតថា ការដាក់​អំបិល​កំពត​កែប ទៅក្នុង​បញ្ជី​ GI ក៏​នឹង​ជួយ​ទាក់ទាញ​កសិករ និង​អ្នក​បោះបង់​មុខរបរ​ផលិត​អំបិល​ឱ្យ​ងាក​មក​ចាប់យក​មុខរបរ​នេះ​វិញ​ដែរ ព្រោះ​មិន​បារម្ភ​ពី​ទីផ្សារ និង​តម្លៃ ហើយ​វា​ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​កាន់តែ​ខ្ពស់ជាង​មុន​ផងដែរ​។​

​លោក​បន្ថែមថា តាម​គម្រោង​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ ក្រសួងពាណិជ្ជកម្ម និង​ផ្នែក​ពាក់ព័ន្ធ​នឹង​រៀបចំ​មហាសន្និបាត​កំណើត​ដំបូង​របស់​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប ដើម្បី​អនុម័ត​លើ​សៀវភៅ​លក្ខន្តិកៈ​សមាគម សៀវភៅ​បន្ទុក និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន និង​សមាជិកសមាគម និង​រៀបចំ​ឯកសារ​ចុះបញ្ជី​សមាគម​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួងពាណិជ្ជកម្ម​។​

​លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត កាលពី​ចុងខែ​មករា បាន​និយាយថា អំបិល​កម្ពុជា​គឺជា​អំបិល​ធម្មជាតិ ដូច្នេះ​វា​ត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​អាកាសធាតុ បើ​អាកាសធាតុ​ក្តៅ និង​មិនមាន​ភ្លៀង​ធ្លាក់​រយៈពេល ៣ ​ខែ​ជាប់​គ្នា គឺ​ផល​អំបិល​អាច​កើន​ដល់​ជាង ​១០ ​ម៉ឺន​តោន​ដែល​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ក្នុងស្រុក និង​មាន​សល់​ក្នុង​ឃ្លាំង​ស្តុក​ទៀតផង​។ លោក​បន្តថា ចុះបញ្ជី និង​ដាក់​ផលិតផល​មួយ​ឱ្យក្លាយ​ទៅជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​កសិករ​។​

​យោងតាម​លោក គឹម​ជឿន កត្តា​អាកាសធាតុ​ភ្លៀង​ច្រើន និង​ការធ្លាក់ចុះ​កម្លាំង​ពលកម្ម​បានធ្វើឱ្យ​កម្ពុជា​នាំចូល​អំបិល​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ខេត្តកំពត និង​ខេត្ត​កែប គឺជា​ទីតាំង​ផលិត​អំបិល​នៅ​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​ ២០២២ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ​២ គឺ ៤ ៧៤៨ ហិកតា​។ ទំហំ​ផ្ទៃដី​នេះ​នៅ​ដដែល​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​ធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ចុងខែ​ធ្នូ ទៅដល់​ពាក់កណ្តាល​ខែឧសភា នៃ​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ក៏មាន​ឆ្នាំ​ខ្លះ​អាកាសធាតុ​ក្តៅ​បានអូសបន្លាយ​ការផលិត​រហូតដល់​ខែមិថុនា​។ បើ​អាកាសធាតុ​អំណោយផល​ផ្ទៃដី​១​ហិកតា គេ​អាច​ផលិត​អំបិល​បានជា​មធ្យម ២០​ តោន​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​៕