​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម និង​តំណាង​វិស័យ​ឯកជន​មាន​សុទិដ្ឋិនិយម​ថា ការចុះហត្ថលេខា​នៅលើ​ផែនការ​សកម្មភាព​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច ឆ្នាំ​​ ២០២៣-២០២៤ រវាង​ក្រសួងពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​ចិន​នឹង​ជំរុញ​ការដោះដូរ​ទំនិញ និង​វិនិយោគ​ប្រទេស​ទាំង​ ២ ​កាន់តែច្រើន​ថែមទៀត តាមរយៈ​ការទាញយក​ឧ​ត្ត​ម​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​នៅក្នុង​តំបន់​ដែលមាន​ស្រាប់​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Wang Wentao រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ចិន​ កាលពី​ថ្ងៃទី ១០ ខែកុម្ភៈ បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច ឆ្នាំ​ ២០២៣-២០២៤ ដែល​ធ្វើឡើង​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ​ថា តាមរយៈ​កិច្ចព្រមព្រៀង​ដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ចិន បាន​ចុះហត្ថលេខា​នេះ​គឺជា​ការរៀបចំ​នូវ​ផែនការ​សកម្មភាព​នៃ​ប្រទេស​ទាំង​ ២ ​ក្នុងការ​អនុវត្ត​ដើម្បី​ទាញ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ (RCEP) និង​កិច្ចព្រមព្រៀង​តំបន់​ចិន​អាស៊ាន សំដៅ​ជំរុញ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅ​ទីផ្សារ​ចិន​ឱ្យ​កាន់តែច្រើន​ថែមទៀត ពិសេស​ការទាក់ទាញ​វិនិយោគ​ចិន​មក​ធ្វើការ​វិនិយោគ​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​របស់ខ្លួន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ ប្រទេស​ទាំង​ ២​ នឹងធ្វើ​ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​នានា សំដៅ​ធ្វើយ៉ាងណា​ទាញយក​ឧ​ត្ត​ម​ប្រយោជន៍​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទាំង​ទ្វេភាគី និង​ពហុភាគី ទាំង​ក្នុង​តំបន់ និង​ពិភពលោក​តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុងការ​បង្កើន​ការនាំចេញ​នូវ​ផលិតផល​កសិកម្ម​រប​ស់​យើង​ឱ្យ​កាន់តែច្រើន ពិសេស​ការផ្តល់​ការ​គាំពារ​ដល់​វិនិយោគិន​ចិន និង​វិនិយោគិន​កម្ពុជា​»​។​

​លោក​បន្ថែមថា​៖ «​កិច្ចព្រមព្រៀង​នេះ​គឺ​យើង​ធ្វើឡើង​ក្នុង​ ១ ​ឆ្នាំ​ម្តង ដើម្បី​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ដែល​ត្រូវអនុវត្ត​ដើម្បី​ជំរុញ​កំណើន និង​លើកកម្ពស់​ការដោះដូរ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ទៅវិញទៅមក​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា យល់ឃើញថា ជា​រឿង​ចាំបាច់​ណាស់​ដែល​ភាគី​ទាំង​ ២ ​បាន​យល់ព្រម​ក្នុងការ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​នានា​ក្នុងការ​អនុវត្ត​នូវ​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ទ្វេភាគី និង​ពហុភាគី​ដែលមាន​ស្រាប់​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ទាញយក​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​ជឿថា កិច្ចព្រមព្រៀង​លើ​ផែនការ​សកម្មភាព​នេះ​គឺជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​សម្រាប់​ភាគី​ទាំង ​២ ​ក្នុងការ​កំណត់​នូវ​ផលិតផល​សក្តានុពល​ដែល​កម្ពុ​ជាមាន​ទៅកាន់​ទីផ្សារ​ចិន​កាន់តែច្រើន និង​បម្រើ​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២​។ លើសពីនោះ​ទៅទៀត វា​ក៏​នឹង​ផ្តល់​សេចក្តីទុកចិត្ត​ទាំង​ធុរជន ឬ​វិនិយោគិន​ចិន និង​កម្ពុជា​យើង​ការចាប់​ដៃគូ​វិនិយោគ ឬ​រកស៊ី​ជាមួយគ្នា​ដោយសារតែ​យើង​មានច្បាប់​ការពារ​រៀងៗ​ខ្លួន​»​។​

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច វិនិយោគ និង​ទេសចរណ៍ កម្ពុជា​ចិន​កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន តាមរយៈ​យន្តការ​នានា​ដូចជា ការបង្កើត​ផែនការ​សហប្រតិបត្តិកា​រ​សម្រាប់​ការអភិវឌ្ឍ​ ២០២៣-២០២៤ ការបង្កើត​របៀង​ស្រូវ​អង្ករ និង​ត្រី ការបង្កើត​ច្រក​តែ​ ១ ​រួមគ្នា​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម ការបង្កើត​របៀង​អភិវឌ្ឍ​ឧស្សាហកម្ម​ដែលជា​គំរូ​សម្រាប់​ឈានទៅ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​ខេត្ត​ព្រះសីហនុ និង​ការលើកទឹកចិត្ត​ឱ្យ​កម្ពុជា​អាច​ចូលរួម​យ៉ាង​ពេញលេញ​នូវ​ពិព័រណ៍​នាំចេញ​នាំចូល របស់​ចិន ព្រមទាំង​ពិព័រណ៍​នាំចូល​អន្តរជាតិ ជាដើម បាន​ជំរុញឱ្យមាន​កំណើន​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ចិន កើន​ឡើងជា​រៀងរាល់ឆ្នាំ​៕