ភ្នំពេញៈ តម្លៃ​ដំឡូង​មី​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​ នា​ចុងរដូវ​កាល​ប្រមូល​ផល​ឆ្នាំ ២០២២-២០២៣ បាន​កើនឡើង​បើ​ធៀប​ទៅ​រដូវ​កាល​ឆ្នាំ​ ២០២១-២០២២ ខណៈ​ការប្រមូល​ផល​ពេលនេះ​សម្រេចបាន​ ៨៥-៩០ ភាគរយ​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​ផលិតកម្ម​ដំឡូង​មី​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន លោក សាយ សុផាត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ថា ទោះបីជា​គ្រោះធម្មជាតិ ​(​ទឹកជំនន់​)​ ធ្វើឱ្យ​ផល​ដំឡូង​មី​របស់​កសិករ​នៅក្នុង​ខេត្ត​ប៉ៃលិន និង​បណ្តា​ខេត្ត​ជិតខាង​ក្នុង​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ​ ២០២២-២០២៣ នេះ​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​រដូវ​កាល​ឆ្នាំ​ ២០២១-២០២២ ប៉ុន្តែ​តម្លៃ គឺ​កើនឡើង​គួរឱ្យ កត់សម្គាល់​។ ជាធម្មតា​ដំឡូង​មី​ត្រូវបាន​កសិករ​ដាំ​ដុះ ១​ ដង​ក្នុង​ ១​ ឆ្នាំ ដោយ​អាច​ប្រមូល​ផល​ចាប់ពី​ខែកញ្ញា ដល់​ខែមេសា​នៃ​ឆ្នាំ​បន្ទាប់​។​

​លោក​ថ្លែងថា​៖ «​ផល​ដំឡូង​មី​ដើរតួនាទី​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​នៅ​ខេត្ត​ប៉ៃលិន ដោយមាន​ដាំ​នៅ​ស្ទើរ​គ្រប់កន្លែង​។ បើ​គ្មាន​គ្រោះទឹកជំនន់​កាលពី​ចុងឆ្នាំ​ ២០២២ ការប្រមូល​ផល​អាចមាន​ចំនួន​ច្រើនជាង​ឆ្នាំ​ ២០២២»​។​

​លោក​ប្រាប់ថា ដំឡូង​មី​ដែល​កសិករ​បាន​លក់​ចេញ​ក្នុងថ្ងៃនេះ ​(​ថ្ងៃទី​ ១៣ ខែកុម្ភៈ​)​ គឺ​ដំឡូង​មី​ស្ងួត មានតម្លៃ​ក្នុង​រង្វង់ ៧ ​បាត ​(៨៥០​ រៀល​)​ ក្នុង ១​ គីឡូក្រាម និង​ដំឡូង​សើម តម្លៃ​ចន្លោះ​ពី ៣,២៣,៣​ បាត ​(៣៩០-៤០០ ​រៀល​)​។ តម្លៃ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ គឺ ៦,៥​ បាត​(៧៩០​ រៀល​) និង ២,៦២,៧​ បាត​(៣១៥-៣៣០​រៀល​)​ រៀង​គ្នា​។​

​បើតាម​លោក សុផាត ផ្ទៃដី​ដាំដំឡូង​មី ក្នុង​ខេត្ត​ប៉ៃលិន​រដូវ​កាល​ឆ្នាំ​ ២០២២-២០២៣ នេះ​មាន​ប្រមាណ ៤,៤​ ម៉ឺន​ហិកតា កើនឡើង​ពី​ជាង ៤,២​ ម៉ឺន​ហិកតា​កាលពី​ឆ្នាំ ​២០២១ -២០២២ ដោយ​ប្រមូល​ផល​បាន​ក្នុង​រង្វង់​ជិត ៨​ ម៉ឺន​តោន​។ ផល​ដំឡូង​មី​ប្រហែល ២០៣០ ​ភាគរយ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​កែច្នៃ​ជា​ចំណី​សត្វ​ក្នុង​ខេត្ត​ប៉ៃលិន និង​ក្រុមហ៊ុន​ក្នុងប្រទេស ចំណែក ៧០-៨០​ ភាគរយ​ទៀត​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​យកទៅលក់​នៅ​ប្រទេស​ថៃ​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោក ឈឹម វ​ជិ​រ៉ា បាន​និយាយថា ផល​ដំឡូង​មី​នៅតាម​ចម្ការ​ក្នុង​ខេត្តបាត់ដំបង​នៅពេលនេះ​ជិត​អស់ហើយ ដោយ​តម្លៃ​ល្អ​ជាង​រដូវ​កាល​ឆ្នាំមុន គឺ​ដំឡូង​មី​ស្រស់​មានតម្លៃ​ក្នុង​រង្វង់ ៣៥០-៣៨០ ​រៀល​ក្នុង ១​ គីឡូក្រាម និង​ដំឡូង​មី​ស្ងួត​ស្ថិតក្នុង​រង្វង់​ជាង ៧០០ ​រៀល​។ សម្រាប់​ផល​នា​រដូវ​កាលដែល​កំពុង​ប្រមូល​ផល​ឆ្នាំនេះ គឺ​ធ្លាក់ចុះ​បន្តិច បើ​ធៀប​ទៅ​ឆ្នាំមុន​។​

​លោក​ប្រាប់ថា​៖ «​ឆ្នាំនេះ​ផល​ប្រមូលបាន​ទាប​ជាង​មុន ប៉ុន្តែ​តម្លៃ​ខ្ពស់ជាង​មុន ខណៈ​ដំឡូង​មី​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​បង្កើត​មុខរបរ និង​បង្កើន​ចំណូល​ដល់​កសិករ​»​។​

​លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់ថា តម្លៃ​ដំឡូង​មី​ក្នុង​ពេលនេះ គឺមាន​ស​ន្ទ​ស្សន៍​ប្រសើរ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ តម្លៃ​ជា​មធ្យម​ក្នុង​ថ្ងៃទី​ ១៣ ខែកុម្ភៈ គឺ​ដំឡូង​មី​ស្រស់ មានតម្លៃ​ជា​មធ្យម ៣៨៤ ​រៀល​ក្នុង​ ១ គីឡូក្រាម និង​ដំឡូង​មី​ក្រៀម ​(​ស្ងួត​) ៩០០ ​រៀល​។

​លោក​បញ្ជាក់ថា​៖ «​ដំឡូង​មី​ជា​ដំណាំ​ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​ពេលអនាគត​»​។​

​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ដំឡូង​មី និង​ផលិតផល​ពី​ដំឡូង​មី​សរុប ៣ ២៣០ ១៨៥,៨៦ ​តោន ដោយ​ក្នុងនោះ ចំណិត​ដំឡូង​មី​ក្រៀម ១ ៨១៧ ១៦៨,៤៧ ​តោន​, ដំឡូង​មី​ស្រស់ ១ ៣៣១ ៨៥០​ តោន​, ម្សៅដំឡូង​មី ៥៧ ០៦៧​ តោន និង​កាកសំណល់​ដំឡូង​មី ២៤ ១០០,៣៩ តោន​។ ប្រទេស​ដែល​ទទួល​ទិញ​ដំឡូង​មី និង​ផលិតផល​ពី​ដំឡូង​មី​របស់​កម្ពុជា រួមមាន ថៃ វៀតណាម ចិន អាមេរិក អ៊ី​តា​លី ហូ​ឡង់ កាណាដា ម៉ាឡេស៊ី ឥណ្ឌា និង​សិង្ហ​បុរី ជាដើម​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ធ្លាប់បាន​និយាយថា ដំឡូង​មី គឺជា​ដំណាំ​កសិឧស្សាហកម្ម និង​ជា​ផលិតផល​នាំចេញ​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​ប្រហែល ៣៤​ ភាគរយ​នៃ GDP ក្នុង ១​ ឆ្នាំៗ​៕