ភ្នំពេញៈ ផ្នែក​ឯកជន​បង្ហាញ​នូវ​ការស្វាគមន៍​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​ចាប់អារម្មណ៍​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​នៅ​កម្ពុជា ខណៈ​វា​ជា​វិស័យ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់ និង​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​ការបង្ហាញ​ចំណាប់អារម្មណ៍​នេះ​បានធ្វើ​ឡើង​ក្នុងជំនួប​រវាង លោក សុខ ខា​វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ជាមួយនឹង​តំណាង​អាជ្ញាធរ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង (UK Infrastructure and Projects Authority IPA) និង​តំណាង​ស្ថានទូត​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ នៅ​ទីស្តីការក្រសួង​។​

​តំណាង​អាជ្ញាធរ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង ​(IPA)​ បានបង្ហាញ​នូវ​ការកោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព ដែល​បច្ចុប្បន្ន​ប្រភព​ថាមពល​កកើត​ឡើងវិញ​មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រភព​ផ្គត់ផ្គង់​ថាមពល​សរុប​របស់​ក​ម្ពុ​ជា​។​

IPA បាន​លើកឡើងថា​៖ «​អាជ្ញាធរ​ហេដ្ឋារចនាសម្ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​មួយចំនួន​មកពី​ចក្រភព​អង់គ្លេស បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការជំរុញ​ការវិនិយោគ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​កម្ពុជា និង​ចក្រភព​អង់គ្លេស ពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល​»​។​

​លោក សុខ ខា​វ៉ាន់ បាន​ស្វាគមន៍​រាល់​វិនិយោគ​របស់​ចក្រភព​អង់គ្លេស ពិសេស​ការបង្កើន​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ក្រសួង​រ៉ែ និង​ថាមពល និង​គម្រោង​វិនិយោគ​របស់​ចក្រភព​អង់គ្លេស​។​

​ប្រធាន​សមាគម​ភ័ស្ដុភារ​កម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ច​ក្រ​ភព​អង់គ្លេស​ក្នុងការ​វិនិយោគ​មកលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​ស្អាត​នៅ​កម្ពុជា ដែល​នេះ​ជា​វិស័យ​អាទិភាព​ត្រូវបាន​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​យកចិត្តទុកដាក់​សំដៅ​ធ្វើយ៉ាងណា​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង និង​កាត់បន្ថយ​ថ្លៃដើម​របស់​កម្ពុជា​។​

​លោក​លើកឡើងថា​៖ «​យើងខ្ញុំ​ផ្នែក​ឯកជន​តែងតែ​ផ្តល់នូវ​យោបល់​នានា​ដល់​វិនិយោគិន​បរទេស​រួមទាំង​ចក្រភព​អង់គ្លេស​ផងដែរ​ថា កម្ពុជា​គឺមាន​សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល ដោយ​យើង​ឃើញថា​មាន​បណ្តា​ប្រទេស​ជាច្រើន​ដូចជា ជប៉ុន កូរ៉េ និង​ចិន​បានមក​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បើក​ដល់​បណ្តា​ប្រទេស​នានា​រួមទាំង​អង់គ្លេស​ផងដែរ​។​

​លោក​បាន​បន្ថែមថា សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការមេ ដែលមាន​នូវ​គម្រោង​វិនិយោគ​ជាង ៣០០ នឹងត្រូវ​ការប្រាក់​វិនិយោគ​ដល់​ទៅជិត​ ៥០ ​ពាន់​លាន​ដុល្លារ ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​បណ្តា​ប្រទេស​នានា​ក្នុងការ​មក​ស្វែងរក​ឱកាស​វិនិយោគ​។​

​លោក​អះអាងថា​៖ «​ខ្ញុំ​សង្កេតឃើញថា អង់គ្លេស​ក៏​ជា​ប្រទេស​ដែលមាន​ភាព​រីកចម្រើន​លើ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែរ ដូច្នេះ​ប្រសិនបើ​អង់គ្លេស​ចាប់អារម្មណ៍​លើ​វិស័យនេះ​ជាការ​ល្អ​ដែល​ខាង​ពួកគាត់​អាចមក​វិនិយោគ​នៅ​កម្ពុជា​។ វា​នឹង​ក្លាយជា​ការរួមចំណែក​ដ​ល់​ប្រព័ន្ធ​ដឹកជញ្ជូន​និង​ឡូ​ជី​ស្ទីក​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន និង​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​យើង​ផងដែរ​»​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២២ បាន​និយាយថា កម្ពុជា​បានរៀបចំ​ផែនការមេ​ដែលមាន​ទឹកប្រាក់​ប្រមាណ ៥០​ ពាន់​លាន​ដុល្លារ​លើ​ការពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការតភ្ជាប់​ទៅគ្រប់​ច្រកល្ហក​ជាពិសេស​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាមួយនឹង​ប្រទេសជិតខាង ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅប្រទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​។​

​លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ផែនការមេ​លើ​ការកែសម្រួល​ផ្លូវថ្នល់ ការពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវ​ពី​ចំនួន ២ ​គន្លង​ទៅ​ ៤ ​គន្លង ការបង្កើន​ការតភ្ជាប់​ទៅគ្រប់​ច្រកល្ហក​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​ឆាប់រហ័ស​។ ផែនការមេ​ភ័ស្តុភា​រកម្ម​ដែល​រួមមាន​គម្រោង​ប្រមាណ ៣៣០ ត្រូវការ​ប្រាក់​ប្រមាណ ៥០ ​ពាន់​លាន​ដុល្លារ រួមទាំង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេសជិតខាង​សំដៅ​ជំរុញ​ការដឹកជញ្ជូន និង​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​មាន​ភាពងាយស្រួល ក្នុង​គោលបំណង​ធ្វើយ៉ាងណា​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាពិសេស​កាត់បន្ថយ​ចំណាយ​ភ័ស្តុភា​រកម្ម និង​ដឹកជញ្ជូន និង​ទាក់ទាញ​វិនិយោគ​ផងដែរ​»៕