ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​ចំនួន ៤៤៤ ទទួល​ការអនុម័ត​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី២ បើ​គិត​ចាប់ពី​ថ្ងៃទី​​ ១ ខែកញ្ញា ឆ្នាំ ​២០២១ ដល់​ថ្ងៃទី​ ៦ ខែកុម្ភ​: ឆ្នាំ​ ២០២៣ ខណៈ​អ្នកជំនាញ​លើកឡើងថា ការចុះ​តាម​ថ្នាល​បច្ចេកវិទ្យា​បាន​បង្ក​បរិយាកាស​ល្អ និង​ភាពងាយស្រួល​ដល់​ធុរជន និង​ចូលរួម​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុម័ត​ដោយ​ជោគជ័យ​ទាំង ៤៤៤ គឺមាន ២៣៤ ត្រូវបាន​អនុម័ត​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ៧០ ដោយ​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ និង ៥ ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ចាប់តាំងពី​រដ្ឋាភិបាល​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​តាម​អន​ឡាញ​នេះ​គឺ​បាន​ជួយ​សម្រួល​ច្រើន​ដល់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​កំណែទម្រង់​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ចុះបញ្ជី និង​ការកាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​ផ្សេងៗ​។​

​លោក​លើកឡើងថា​៖ «​ការចុះបញ្ជី​តាម​ប្លាត​ហ្វ​ម​អន​ឡាញ​នេះ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការជួបគ្នា​រវាង​អ្នក​ចុះបញ្ជី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កាត់បន្ថយ​ការចំណាយ​ពេល​មក​ចុះបញ្ជី​ដល់​កន្លែង និង​ការចំណាយ​កម្រៃ​សេវា​ក្រៅផ្លូវការ​។ ការណ៍​នេះ​បញ្ជាក់​ឱ្យឃើញ​អំពី​ការបង្ក​ភាពងាយស្រួល និង​ផ្តល់​សេចក្តីទុកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ទទួលទាន​នានា​»​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​២ កាលពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ ​២០២១ ថា សម្រាប់​កម្ពុជា ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល គឺ​ការចាប់យក និង​ការទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កសាង​សង្គម​ស៊ីវីល័យ​ដែល​ពលរដ្ឋ​អាច​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​ការប្រើប្រាស់​សេវា​ឌីជីថល ប្រកបដោយ​បរិ​យា​ប័ន្ន ភាពជឿ​ទុកចិត្ត និង​សុវត្ថិភាព​ខ្ពស់​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​២ ក៏​ឆ្លើយតប​យ៉ាង​លឿន​ក្នុងការ​ចូលរួម​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល ពិសេស​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំ​ងី​កូ​វីដ​ ១៩» ។​

​លោក​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី១ កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ​២០២០ ដោយ​ទទួលបាន​ការចាប់អារម្មណ៍ និង​សាទរ​ខ្ពស់​ពី​វិស័យ​ឯកជន​។ សេវា​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ទាំង ២ ​ដំណាក់កាល​ត្រូវបាន​ដាក់ឱ្យអនុវត្ត​លើ​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា (Cambodia Data ExchangeCamDX) ដែល​អនុញ្ញាតឱ្យ​ក្រសួង សហគ្រាស និង​ទិន្នន័យ​ពាក់ព័ន្ធ​ដោយ​រលូន និង​សង្គតិភាព ដោយ​មិន​តម្រូវឱ្យ​ធុរជន ឬ​ប្រជាពលរដ្ឋ​ត្រូវបំពេញ​ឬ​ផ្តល់​ទិន្នន័យ​ដដែលៗ​ពី​ស្ថាប័ន ​១ ទៅ​ស្ថាប័ន ១​ ទៀត​៕