ភ្នំពេញៈ ក្រសួង​សា​ធារ​ណកា​រឱ្យដឹង​ថា ការ​ស្ថា​បនា​ផ្លូវជាតិ​លេខ​ ២​ និង​លេខ ​២២​ គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ដំណាច់​ខែ​មីនា​ ឆ្នាំ​ ២០២៣ ខណៈ​បច្ចុប្បន្ន​ការ​សាង​សង់​សម្រេច​បាន​ជាង​ ៩០%​ ស្រប​ពេល​ដែល​អ្នក​ជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូនរំ​ពឹងថា ការ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវជាតិ​ទាំង​នេះ ​នឹង​ធ្វើឱ្យ​សកម្ម​ភាព​នៃ​ការដឹក​ជញ្ជូន​កាន់តែ​មមា​ញឹក​និង​រលូន​ជាង​មុន​។​

​ផ្លូវជា​តិ​លេខ​ ២ និង​លេខ​ ២២ សាង​សង់​ដោយ​ក្រុម​ហ៊ុន​កូរ៉េ ​Hanshi​n Engineering &Construction ដោយ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ថ្ងៃទី​ ១១ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ​ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥៦​លាន​ដុល្លារ​អាមេរិកក្រោ​ម​កម្ចី​ឥណ​ទាន​ពី​រដ្ឋាភិ​បាល​សា​ធារណ​រដ្ឋ​កូរ៉េ និង​ថវិកា​បដិ​ភាគ​របស់​រា​ជ​រដ្ឋាភិ​បាល​កម្ពុជា​ប្រមាណ​៨,៥​លាន​ដុល្លារ​អា​មេរិក​។

​ការ​ស្ថាបនា​ផ្លូវ​នេះ​ចែក​ចេញ​ជា​២ផ្នែក ​ក្នុង​នោះ​ផ្លូវ​ជាតិ​លេខ​២​មាន​ប្រវែង​ជាង​៦២​គីឡូម៉ែ​ត្រគិត​ចាប់ពី​រង្វង់​មូល​តាខ្មៅ​ដល់​រង្វង់​មូល​ក្រុង​ដូន​កែវ ខេត្ត​តាកែវ​ និង​ផ្លូវ​ជាតិ​លេខ​២២​មាន​ប្រវែង​ជិត​១០​គីឡូម៉ែ​ត្រ គិត​ចាប់ពី​រង្វង់​មូល​ក្រុង​ដូន​កែវដល់​អង្គ​តាសោ​ម​ផ្លូវជាតិ​លេខ​៣​។ គម្រោង​ផ្លូវ​នេះ ឆ្លង​កាត់​រាជធា​នី​-​ខេត្ត​ចំនួន​៣ រួម​មាន ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ​។​

​លោក​ ស៊ិន ច​ន្ធី ប្រធាន​សមា​គម​ភ័ស្តុភារ​កម្ម​កម្ពុជា​ បាន​ប្រាប់​ថា ផ្លូវជាតិ​លេខ​២ និង​លេខ​២២ គឺ​បណ្តាញ​ផ្លូវ​ដែល​មាន​សារៈ​សំខាន់​ណាស់ ​សម្រាប់​ការ​តភ្ជាប់​ប្រទេស​កម្ពុជា​ជា​មួយ​ប្រទេស​ជិត​ខាង ​ជាពិសេស​វៀត​ណាម ​ដែល​នេះ​ជាការ​ផ្តល់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យ៉ាង​សម្បូរ​បែប​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​។​

​លោក​បាន​បន្ថែម​ថា ​មិន​ត្រឹម​ការដឹក​ជញ្ជូន​ពី​ខាង​ក្រុមហ៊ុន​ឯកជន​នោះ វា​ក៏​នឹង​បង្ក​ភាព​ងាយស្រួ​ល និង​លឿន​រហ័ស ​សម្រាប់​កសិករ ក្នុងការ​ដឹក​កសិ​ផល​របស់​ពួក​គាត់​ទៅកា​ន់​ច្រក​ព្រំដែន​ ជាពិសេស​ច្រក​ភ្នំ​ដិ​ន ដើម្បី​ដោះដូរ​ពាណិជ្ជ​កម្ម​ជាមួយ​ឈ្មួញ​វៀតណាម​ ដែល​នឹង​ធ្វើ​ឱ្យ​តំបន់​ព្រំដែន​នេះ កាន់​តែ​សកម្ម ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​តាម​តំបន់​ព្រំ​ដែន​​។​

​លោក​បាន​បញ្ជាក់​ថា​៖«​មែន​ទែន​ទៅ​រវាង​កម្ពុ​ជា​និង​វៀត​ណាម មា​ន​ព្រំដែន​វែង ដែល​មាន​ច្រកព្រំ​ដែន​ និង​ច្រក​របៀង​តូច​ធំ ដល់​ទៅ​ជាង​២០​ច្រក ដោយ​សព្វ​ថ្ងៃ​ច្រក​ដែល​មមា​ញឹក​ជាងគេ​មានតែ​ប្រមាណ​១០​ច្រក​ទេ ​ដូច្នេះ​បើ​យើង​មាន​អភិវឌ្ឍ​ផ្លូវ​ជាតិ ប្រកប​ដោយ​ភាព​ងាយ​ស្រួល​បែប​នេះ​ទៀត វា​នឹង​ធ្វើឱ្យ​ច្រក​ដទៃ​ទៀត កាន់​មាន​ភាព​ងាយ​ស្រួល ​ចំណេញ​ពេល​វេលា​បាន​ច្រើន​ដែល​ជំរុញ​កំណើន​នៃ​ការ​ដោះដូ​រ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២​ផង​ដែរ​»។​

​លោក ​ជា ចាន់​ដា​រ៉ា ប្រធាន​សមា​គម​ពាណិជ្ជ​ករ​ដឹក​ជញ្ជូន​ និង​ខ្សែ​ច្រ​វា​ក់​ផ្គត់​ផ្គង់​កម្ពុជា ​បាន​ថ្លែងថា ផ្លូវជាតិ​ទាំង២ខ្សែ​នេះ ​មាន​សក្តានុ​ពល​ខ្ពស់​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ចេញ​ចូល​រវាង​កម្ពុជា និ​ង​វៀត​ណាម ​ដែល​ជំរុញ​ដឹកជ​ញ្ជូន​មាន​ភាព​រហ័ស​ជាង​មុន ​ដែល​អាច​កៀរគរ​ការ​វិនិ​យោគ​បន្ថែម​ទៀត​លើ​វិស័យសេ​ដ្ឋកិច្ច​ ​ពាណិជ្ជ​កម្ម​។​

​លោក​បាន​បញ្ជាក់​ថា ៖ «​ជាទូទៅ​នៅពេ​លដែល​យើង​បាន​ផ្លូវ​ល្អ ការ​ធ្វើដំ​ណើរ​ងាយ​ស្រួល ​ច្បាស់​ណាស់​កំណើន​នៃ​ការធ្វើ​ពាណិ​ជ្ជកម្ម​តាម​ព្រំដែន ​ក៏​នឹង​កើន​ទៅ​តាម​នោះ​ដែរ​ ប៉ុន្តែទោះជា​​យ៉ា​ងណា វា​ក៏​អាស្រ័យ​ទៅ​លើ​កត្តាសេដ្ឋ​កិច្ច​ផង​ដែរ ព្រោះ​នៅពេ​ល​ស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូចជា​សកល​លោក​ទាំ​ង​មូល​វិល​មក​ភាព​ល្អប្រ​សើរ​វិញ​ហើយ​នោះ ​វា​នឹង​ជំរុញ​ឱ្យ​វិស័យ​ឡូ​ជី​ស្ទិ​ក មាន​កំណើន​ទៅ​តាម​នោះ​ដែរ​»​។​

​បើ​តាម​ការ​បញ្ជាក់​ពីលោក​ ហ៊ាង សុទ្ធា​យុ​ត្តិ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារ​ណការ និង​ដឹកជ​ញ្ជូន​ថា ក្រ​សួង​បាន​សម្រេច​ពន្យារ​ពេល​ឱ្យ​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​ផ្លូវ​ជាតិ​លេខ​២​និង​លេខ​២២​ធ្វើយ៉ា​ងណា​​ស្ថាបនា​ផ្លូវជាតិ​ទាំង២​​ខ្សែ​នេះ​ឱ្យ​បាន​រួចរាល់​ត្រឹម​ដំណាច់​ខែមី​នាឆ្នាំ​នេះ ខណៈ​បច្ចុប្បន្ន​ការសាង​សង់​ផ្លូវជាតិ​ទាំង​២​នេះ​សម្រេច​បាន​៩៤% ​តែតួ​ផ្លូវ​សម្រេច​បាន​ស្ទើរ​១០០%​ នៅឡើ​យ​តែ​ការងារ​បន្ទាប់​បន្សំ​ដូចជា ​ការ​បំពាក់​បង្គោល​ភ្លើង គូស​គំនូស ​និង​បំពាក់​ស្លាក​សញ្ញា​ចរាច​រណ៍ និង​ធ្វើ​ប្រព័ន្ធ​លូ​ជា​ដើម​។​

​តាម​គម្រោង​ផ្លូវជាតិ​ទាំង​២​នេះ​ គ្រោង​បញ្ចប់​ការសាង​សង់​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០២២ ​តែ​ត្រូវ​បាន​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​សុំ​ពន្យារ​ពេល​ជា​បន្ត​បន្ទាប់​ក្នុង​ការ​បញ្ចប់​ការ​សាង​សង់​។​

​លោក​ ហ៊ាង សុទ្ធា​យុ​ត្តិ បាន​បញ្ជាក់​ថា​៖«​កត្តា​ដែល​ធ្វើ​ឱ្យ​ការស្ថាបនា​ផ្លូវជាតិ​ទាំង២​មាន​ភាព​យឺត​យ៉ាវ​ជាង​គ្រោង​ទុក ​គឺ​ដោយ​សារ​មាន​ការ​រំខាន​ពី​ការឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​នាំចូល​គ្រឿង​ចក្រ ​ការដោះស្រា​យ​ផល​ប៉ះពាល់​ជា​មួយ​ប្រជា​ពលរ​ដ្ឋ​មាន​ភាព​យឺត​យ៉ាវ គួ​បផ្សំ​បញ្ហា​អាកាស​ធាតុ ពិសេស​ជំនន់​ទឹក​ភ្លៀង​នៅ​ស្ទឹង​ព្រែក​ត្នោត​តែ​ម្តង​»៕