
ការប្រមូលផលស្រូវក្នុងខេត្តកំពង់ធំកាលពីឆ្នាំមុន។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកំពង់ធំ» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី ១៤ ខែកម្ភៈ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានឱ្យដឹងថា ខេត្តកំពង់ធំមានសមត្ថភាពផលិតស្រូវបាន ៦០ ទៅ ៧០ ម៉ឺនតោន ក្នុង ១ ឆ្នាំ ដែលទំហំផលិតនេះខេត្តអាចធានាបានសុវត្ថិភាពស្បៀង និងអាចបម្រុងទុកសម្រាប់ការនាំចេញជាសេដ្ឋកិច្ចបាន៥០ម៉ឺនតោនក្នុង១ឆ្នាំ។
លោកអភិបាលខេត្តកំពង់ធំថ្លែងថា៖ «ផ្ទៃដីដាំដុះសម្រាប់តែដំណាំស្រូវ គឺមានផ្ទៃដីរហូតទៅដល់២៥៣ពាន់ហិកតាហើយនៅក្នុងនោះក៏យើងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់គុណភាពស្រូវគឺមានសម្ងួតនិងសមត្ថភាពនៃការសម្ងួតផងដែរ។ជាក់ស្តែងទិន្នផលស្បៀងបម្រុងដែលពីដើមយើងនិយាយពីសន្តិសុខស្បៀងមកដល់ចំពោះមុខនេះសន្តិសុខស្បៀងមិនមានការព្រួយបារម្ភទៀតទេ»។
លោក ងួន រតនៈ បានលើកឡើងថា ជាមួយនឹងភាពរីកចម្រើននៃវិស័យកសិកម្មនេះរដ្ឋបាលខេត្តកំពង់ធំបាននិងកំពុងជួសជុលប្រព័ន្ធធារាសាស្ត្រដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រទៅដល់លទ្ធភាពនៃការផលិតស្រូវទាំងប្រាំង និងវស្សា។លោកបានឱ្យដឹងថា ជាក់ស្តែងស្រូវប្រាំងនៅខេត្តកំពង់ធំមានទំហំរហូតទៅដល់ជាង ៦ ម៉ឺនហិកតា ប៉ុន្តែលទ្ធភាពពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រដែលមានដូចជា អាងទឹក ប្រឡាយមេ ប្រឡាយរង ជាដើមនោះ ខេត្តកំពង់ធំអាចផ្តល់សុវត្ថិភាពទឹកដល់ដំណាំស្រូវបានតែចំនួន ២៥ ០០០ហិកតាប៉ុណ្ណោះ។
លោកអភិបាលខេត្តកំពង់ធំបញ្ជាក់ថា ខេត្តមានប្រភពទឹកសំខាន់ៗគឺជាស្ទឹងសំខាន់ៗចំនួន៤គឺស្ទឹងស្ទោង ស្ទឹងសែន ស្ទឹងតាំងក្រសាំង និងស្ទឹងជីនិតដែលជាប្រភពទឹកអាចមានចលនារហូតធ្វើឱ្យពលរដ្ឋអាចម្ចាស់ការក្នុងការគ្រប់គ្រងទឹកបន្ថែមទៅលើលទ្ធភាពដែលរដ្ឋបានផ្តល់ឱ្យទើបការដាំស្រូវប្រាំងបានរហូតដល់ជាង៦ម៉ឺនហិកតា។
លោកងួន រតនៈ បានឱ្យដឹងថា តាមរយៈគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលផ្តល់ជូនសម្រាប់ពលរដ្ឋអាស្រ័យផលក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងការកាត់ឆ្វៀលពីគម្របព្រៃឈើ២០២២និងដែនការពារគម្របបរិស្ថានផ្សេងៗទៀតនោះ ផ្ទៃដីដាំដុះនៅខេត្តកំពង់ធំនឹងមានការកើនឡើងកាន់តែច្រើនបន្ថែមទៀតធ្វើឱ្យលទ្ធភាពផលិតកសិកម្មក្នុងខេត្តកំពង់ធំកាន់តែមានទំហំធំ។
លោកអភិបាលខេត្តបានឱ្យដឹងបន្ថែមថា ជាមួយនឹងគម្រោងគាំទ្ររបស់ក្រសួងធនធានទឹក និងឧតុនិយមនៅឆ្នាំ២០២៣នេះ ខេត្តកំពង់ធំនឹងធ្វើទំនប់២បន្ថែមទៀត ដើម្បីបង្កើនបរិមាណទឹក និងជួយគាំទ្រពង្រីកការដាំដុះ។ទំនប់ទាំង២នោះទី១ស្ថិតក្នុងប៉ែកខាងលើគឺនៅឃុំដងកាំបិតនៃស្រុកសណ្តាន់ និងទី២ស្ថិតក្នុងប៉ែកខាងក្រោមគឺនៅឃុំកំពង់គោនៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកថ្លែងថា៖«ជ្រុង១នៃដំណាំស្រូវរួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដដែលនឹងមានក្នុងពេលដ៏ខ្លីខាងមុខទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទឹកនេះជាមួយផ្ទៃដីដែលទទួលបានពីគោលនយោបាយខ្ញុំសង្ឃឹមថាជ្រុង១នៃដំណាំស្រូវនឹងមានការរីកចម្រើន»។
លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការផលិតស្រូវក្នុងខេត្តកំពង់ធំជាមធ្យមបាន ៤តោនក្នុង១ហិកតា ប៉ុន្តែជាក់ស្តែងនៅតំបន់ខ្លះខេត្តកំពង់ធំអាចផលិតបាន ៧តោនក្នុង១ហិកតា និងកន្លែងខ្លះទៀតបានរហូតដល់ ជិត១០ តោនក្នុង១ហិកតាក៏មាន។ យ៉ាងណាក្ដី ការផលិតស្រូវនេះគឺអាស្រ័យលើកត្តាដី កត្តាពូជ អាកាសធាតុ និងកត្តាថែទាំ។
លោកថ្លែងថា៖«កន្លែងខ្លះយើងធ្វើបានជិត១០តោន[ក្នុង១ហិកតា] ហើយកត្តាដែលបានហ្នឹងគឺធ្វើស្រូវប្រាំង ដោយមានកត្តា៤យ៉ាងសំខាន់ដូចខ្ញុំនិយាយខាងដើមនេះគឺយើងអាចធ្វើបាន»។
លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានឱ្យដឹងថា នៅតាមបណ្តាប្រទេសមួយចំនួនដូចជា តៃវ៉ាន់ និងចិនជាដើមគេអាចផលិតបានជិត ១៥តោន ក្នុង១ហិកតា ហេតុនេះបើប្រៀបធៀបជាមួយបណ្តាប្រទេស១ចំនួន កម្ពុជានៅផលិតបានទាបនៅឡើយ។ លោកបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងជំរុញការផលិតដោយ កត្ដាជ្រើសរើសពូជ កត្តាបច្ចេកទេស និងកត្តាដី។
លោកថ្លែងថា៖«សព្វថ្ងៃនេះកំពុងគិតពីគោលនយោបាយដី តើដីណាដែលត្រូវជា១ដំណាំអីឱ្យកសិករគាត់ទៅធ្វើហ្នឹង ឱ្យត្រូវនឹងដីហ្នឹង គឺកសិកម្មចង្អុលបង្ហាញគាត់ហើយគាត់ទៅផលិតអាហ្នឹងទៅ អាហ្នឹងអាចបានចំណេញហើយ»៕