ភ្នំពេញៈ​ កម្ពុជា​រំពឹងថា ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឡាវ​ នឹងមាន​សកម្មភាព​មមាញឹក​ជាង​ពេលបច្ចុប្បន្ន បន្ទាប់ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ​២ បាន​ជួប​ពិភាក្សាគ្នា​កាលពីពេល​ថ្មីៗ​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​(CCC)​បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ការ​អមដំណើរ​ទស្សនកិច្ចរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​ឡាវ ចាប់ពី​ថ្ងៃទី​១៣-១៤ ខែកុម្ភៈ លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ក៏បាន​ដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ទៅ​ជួបពិភាក្សា​ជាមួយនឹង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ប្រទេស​ឡាវ នា​ថ្ងៃទី​១៤ ខែកុម្ភៈ ផងដែរ​។​កិច្ចពិភាក្សា​នេះ គឺ​ផ្តោតទៅលើ​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំង​២ និង​ការពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​អំពី​កាលានុវត្តភាព​បរិយាកាស វិនិយោគ និង​វិស័យ​សក្តានុពល​នៃ​ប្រទេស​ទាំង​២​។​

​សេចក្តីប្រកាស​ព័ត៌មាន​ឱ្យដឹងទៀតថា បន្ទាប់ពី​ការពិភាក្សា​អំពី​ការផ្សារភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ក្រុមហ៊ុន​នានា​នៃ​បណ្ដា​ប្រទេស​ទាំង​២ រួចមក ភាគី​ទាំង​២ ក៏បាន​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​ជំរុញ​ធុរកិច្ច​រវាង​ប្រទេស​ទាំង​២ ជាពិសេស​ការផ្លាស់ប្តូរ​ព័ត៌មាន និង​គោលនយោបាយ​ថ្មីៗ​ជាមួយគ្នា​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​១៥ ខែកុម្ភៈ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឡាវ គឺ​នៅមានកម្រិត​នៅឡើយ​បើ​ទោះ​កន្លងមក​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ប្រទេស​ទាំង​២ ខិតខំ​ជំរុញ​ឱ្យ​បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ប្រទេស​ទាំង​២ បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជាមួយគ្នា​ក៏ដោយ​។ កម្ពុជា​-​ឡាវ ក្រៅពី​មាន​ព្រំដែន​ជាប់​គ្នា ប្រទេស​ទាំង​២ ក៏​ជា​សមាជិកសមាគម​អាស៊ាន និង​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP) រួមគ្នា​ផងដែរ​។​

​លោក​បន្តថា តាមរយៈ​ការប្តេជ្ញា​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំង​២ នាពេល​ថ្មីៗ​នេះ លោក​រំពឹងថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ នឹង​កើនឡើង ខណៈ​រដ្ឋាភិបាល​ប្រទេស​ទាំង​២ ក៏បាន​ជំរុញឱ្យមាន​ការតភ្ជាប់​ផ្លូវដែក​ជាមួយគ្នា ព្រោះ​ផ្លូវដែក​នេះ​នឹង​ជួយ​ធ្វើឱ្យ​លំហូរ​ទំនិញ​រវាង​ប្រទេស​ទាំង​២ កើនឡើង ហើយ​តាមរយៈ​ផ្លូវដែក​នេះ ប្រទេស​ឡាវ​ក៏​អាច​ប្រើប្រាស់​កំពង់ផែ​សមុទ្រ​កម្ពុជា​ដើម្បី​នាំចេញ​ទំនិញ​របស់ខ្លួន​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

​លោក​ថ្លែងថា​៖«​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី និង​ការចុះ​អនុស្សរណៈ​រវាង​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​-​ឡាវ ខ្ញុំ​គិតថា ការធ្វើទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ នឹងមាន​សម្ទុះ​កាន់តែ​ខ្លាំង»​។​

​បើតាម​លោក លឹម ហេង បច្ចុប្បន្ននេះ​ ក្រៅពី​ការនាំយក​ថាមពល​អគ្គិ​ស​នី និង​កសិផល​មួយចំនួន​ពី​ប្រទេស​ឡាវ​មកប្រើប្រាស់​ហើយ កម្ពុជា​ក៏បាន​នាំចេញ​នូវ​ផលិតផល​កសិកម្ម ព្រមទាំង​ការបណ្តាក់ទុន​របស់​វិនិយោគិន​កម្ពុជា​លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​ប្រទេស​ឡាវ​ផងដែរ​។​

​នៅក្នុង​ជំនួប​ជាមួយ លោក សន​សៃ ស៊ីផា​ន់​ដន នាយករដ្ឋមន្ត្រី​ឡាវ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ប្រទេស​ឡាវ​គឺជា​ធុងអាគុយ​នៃ​អគ្គិសនី​តំបន់​អាស៊ាន ហើយ​កម្ពុជា​ជាទី​ផ្សារ​មួយ​ដែលមាន​តម្រូវការ​អគ្គិសនី​ពី​ប្រទេស​ឡាវ ដូច្នេះហើយ​ទើប​ប្រទេស​ទាំង​២ ផ្តល់​ការយកចិត្តទុកដាក់ សហការគ្នា​ទៅលើ​បញ្ហា​អគ្គិសនី និង​បញ្ហា​ទាក់ទង​នឹង​ធ្យូងថ្ម​។​

​បន្ថែម​ពីលើ​នេះ​លោក ហ៊ុន សែន ក៏បាន​លើកឡើង​ប្រាប់​ទៅ​ភាគី​ឡាវ អំពី​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដែល​ផ្តល់​លក្ខខណ្ឌ​ល្អប្រសើរ និង​បរិយាកាស​អំណោយផល​ដ​ល់​វិនិយោគិន​បរទេស និង​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំង​២(​កម្ពុជា​-​ឡាវ​) ព​ន្លឿ​ន​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា (DTA) ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី និង​សកម្មភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​២​។

​លោក ហ៊ុន សែន បាន​បន្ថែមទៀតថា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ លោក​ក៏​សូម​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំង​២ បង្កើន​ការរៀបចំ​ព្រឹត្តិការណ៍​ផ្គូផ្គង ដៃគូ​ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និង​សិក្ខាសាលា ដើម្បី​ផ្ដល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​២ ផងដែរ​។​

​លោក ហ៊ុន សែន បាន​ថ្លែងថា​៖«​ការពិភាក្សា​របស់​យើង ក៏​គ្រប់​ដណ្តប់​ទៅលើ​បញ្ហា​វិស័យ​ទេសចរណ៍ ដែលមាន​ការតភ្ជាប់​វិស័យ​ទេសចរណ៍​តាមផ្លូវ​គោក និង​វិស័យ​ទេសចរណ៍​តាមផ្លូវ​អាកាស ដែល​អា​ចត​ភ្ជាប់​បណ្តា​ទីក្រុង​ជាពិសេស​ហ្លួងព្រះបាង ទៅ​សៀមរាប និង​ភ្នំពេញ ដែល​ផ្តល់ឱកាស​សម្រាប់អ្នកទេសច​រ​បង្វែរ​គោលដៅ​ពី​កម្ពុ​ជាម​កឡាវ និង​ពី​ឡាវ​មក​កម្ពុជា​ផងដែរ​»។

​បើតាម​ទិន្ន័យ​របស់ CCC ទោះបី​ប្រទេស​ទាំង​២ មាន​ព្រំដែន​ជាប់​គ្នា ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម គឺ​នៅមាន​ទំហំ​តូច​នៅឡើយ ដោយ​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ សម្រេចបាន​ប្រមាណ ២១០​លាន​ដុល្លារ កើនឡើង​ពី​ជាង ១៦០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​៕