ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​និយាយថា បច្ចេកវិទ្យា​ទំនើប​ ​(Digitalization)​ បាន​ជួយ​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​អ្នក​ផលិត និង​អ្នកទិញ​មាន​គម្លាត​កាន់តែ​ជិត ព្រមទាំង​ជួយ​កាត់បន្ថយ​ការចំណាយ​ក្នុង​ខ្សែចង្វាក់​ផលិត​កម្មបាន​ ១ ​កម្រិត​។​

​ក្នុងពេល​ជួបពិភាក្សា​ជាមួយ​លោកស្រី Jyotsana Varma នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)​ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ លោក ឌិ​ត ទីណា បានបង្ហាញ​ការស្វាគមន៍ និង​គាំទ្រ​សកម្មភាព​របស់​គម្រោង ADB ដែល​កំពុង​សហការ​ជាមួយ​ក្រសួង​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ស្របទៅតាម​គោលនយោបាយ​ជាតិ​។

​លោក​បន្ថែមថា បច្ចុប្បន្ន​វិស័យ​កសិកម្ម​កម្ពុជា​បាន​បោះជំហាន​ទៅ​មុខជា​បន្តបន្ទាប់ ខណៈ​ក្រសួង​កំពុង​ជំរុញ​ផលិតកម្ម និង​ការប្រើប្រាស់​ប្រព័ន្ធ​ទឹក​ឱ្យមាន​ប្រសិទ្ធភាព និង​សន្សំសំចៃ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ ឬ​សូ​ឡា​សម្រាប់​បូមទឹក​នៅពេល​ថ្ងៃ និង​ប្រើ​អគ្គិសនី​នៅពេល​យប់​ដែលមាន​តម្លៃ​ទាប ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាកសិករ​។​

​បន្ថែម​ពីលើ​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​របស់​បច្ចេក​វិទ្យា​ទំនើប ​(Digitalization) ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​នាពេលនេះ​ផងដែរ​។ លោក​ថ្លែងថា​៖ «​កម្ពុជា​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ​(Digitalization) ដើម្បី​ផ្សារភ្ជាប់​អ្នក​ផលិត និង​អ្នកទិញ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​ឈ្មួញកណ្តាល កាត់បន្ថយ​ការចំណាយ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម និង​បង្កើន​ប្រាក់ចំណេញ​ផងដែរ​»​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល នៃ​កម្ពុជា លោក ឈិន កេ​ន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ​ថា បច្ចេកវិទ្យា​ទំនើប​ (Digitalization)​ ពិតជា​ចូលរួមចំណែក​យ៉ាងច្រើន​នៅ​គ្រប់​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា ដោយ​រាប់​តាំងពី​ការធ្វើ​អាជីវកម្ម​ខ្នាតតូចៗ រហូតដល់​ការដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​។ កំណើន​នៃ​ការប្រើ​ស្មា​ត​ហ្វូ​ន​បានធ្វើឱ្យ​ចរន្ត​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នៅ​កម្ពុជា​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​

​លោក​បន្តថា បច្ចេកវិទ្យា​ទំនើប បានធ្វើឱ្យ​អ្នកប្រើប្រាស់​ទទួលផល​ចំណេញ​ជាច្រើន​ដូចជា ជួយ​កាត់បន្ថយ​ការចំណាយ​ថវិកា រយៈពេល​ធ្វើដំណើរ និង​មាន​ភាព​ឆាប់រហ័ស​ជាង​មុន​។​

​លោក​និយាយថា​៖ «​បច្ចេកវិទ្យា​ទំនើប​កំពុង​ជួយ​លើកកម្ពស់​ទីផ្សារ​ផលិតផល​កសិកម្ម​បាន​យ៉ាងច្រើន ព្រោះ​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ អ្នក​ផលិត និង​អ្នកបញ្ជា​ទិញ គឺអាច​ផ្ញើ​រូបភាព​ពី​ផលិតផល​របស់ខ្លួន​ដោយផ្ទាល់​ទៅ​ភាគី​ម្ខាង​ទៀត​បាន​ឆាប់រហ័ស និង​ចំណាយ​តិច​។​បច្ចេកវិទ្យា​ទំនើប​ក្លាយជា​ផ្នែក​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យមាន​សម្ទុះ​ទៅមុខ​កាន់តែ​លឿន​»​។​

​យោងតាម​ក្រសួងកសិកម្ម ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង ADB និង​ក្រសួងកសិកម្ម គឺមាន​គម្រោង​ដែល​កំពុង​អនុវត្ត Investment Project ចំនួន ៥​ គម្រោង និង Pipeline Project ចំនួន ៥ ​គម្រោង​។ ជាមួយគ្នានេះ​គម្រោង​ដែល​ទើបបាន​បញ្ចប់​រួមមាន Investment Project ចំនួន ៤ ​គម្រោង និង Technical Assistance ១០​គម្រោង​។​

​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា រយៈពេល ១១​ ខែ ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​សរុប ៥ ២២២ ០៥៦,១៩​ តោន ក្នុងនោះ​តំបន់​អាស៊ី ៤ ២៧៥ ៤៦២,៨​ តោន​, ប្រទេស​ចិន ៦៨៩ ៧០២,៦៥ ​តោន​, សហភាព​អឺរ៉ុប ១៨៦ ៨៩៧,៧៤​ តោន និង​ទិសដៅ​ផ្សេងៗ​ទៀត​ចំនួន ៧០ ១៩៦,៥៨​ តោន​៕